ជាតិ
សេដ្ឋកិច្ច
ឧស្សាហកម្ម​កាត់ដេរ​ក​ម្ពុ​ជា ក្នុង​ឆ្នាំ​២០១៧ មាន​ទឹកប្រាក់​៧​ពាន់​លាន​ដុល្លារ​
19, Oct 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ឧស្សាហកម្ម​កាត់ដេរ​ក​ម្ពុ​ជា ដែល​នាំ​ចេញទៅ​ក្រៅប្រទេស​ក្នុង​ឆ្នាំ​២០១៧ មាន​ទឹកប្រាក់​៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ាន់ សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ជំនួប​ជាមួយ​លោកស្រី ដូ​នី​កា ប៉ូ​ទី (Donica Pottie) ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា​។​

 
​ថ្លែង​ក្នុងជំនួប​នេះ លោក ប៉ាន់ សូរ​សក្តិ បាន​ប្រាប់​ភាគី​កាណាដា​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​កំពុង​រឹងមាំ​បច្ចុប្បន្ន ដោយសារ​បានមកពី​ការចូលរួម​នៃ​វិស័យ​សំណង់ វាយ​ន​ភណ្ឌ ទេសចរណ៍ និង​កសិកម្ម​។ ជាពិសេស​ឧស្សាហកម្ម​កាត់ដេរ (​ឆ្នាំ​២០១៧) ដែលមាន​ចំនួន​៧​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ឧស្សាហ​កម្មនេះ បាន​បង្កើត​ការងារ​ជូន​ប្រជាជន​៧៦​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី នៅតាម​តំបន់​ជនបទ​។​
 
​ក្នុង​ឆ្នាំ​២០១៦ កម្មករ​-​និយោជិត បានទទួល​ប្រាក់ខែ​ចាប់ពី ១៤០​ដុល្លារ នឹង​ឡើងដល់ ១៧០​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​។ នៅ​ឆ្នាំ​២០១៩​ខាងមុខ កម្មករ​-​និយោជិត នឹង​ទទួលបាន​ប្រាក់​ឈ្នួល​គោល​១៨២​ដុល្លារ​។ 
 
​លោក ប៉ាន់ សូរ​សក្តិ បានបញ្ជាក់​ដូច្នេះ​ថា​៖« រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំទ្រ​វិស័យ​វាយ​ន​ភណ្ឌ តាមរយៈ​ការបន្ត​ស្វែងរក​ទីផ្សារ​សក្តានុពល​បន្ថែម និង​ការបង្កើន​ប្រាក់បៀវត្ស​អតិបរមា​ជូន​កម្មករ​-​និយោជិត​»​។ 
 
​ក្រសួងពាណិជ្ជកម្ម បាន​បន្ថែមថា ផលិតផល​សក្តានុពល​នាំចេញ​របស់​កម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ​យានយន្ត គ្រឿង​សង្ហា​រឹម ផ្លា​ស្ទីក ផលិតផល​ក្មេង​លេង និង​ទំនិញ​កសិកម្ម​។​
 
​ទាក់ទង​នឹង​ពាណិជ្ជ​កម្មនេះ ភាគី​កាណាដា សន្យា​ជួយ​កៀងគរ​វិនិយោគិន​កាណាដា ឲ្យ​ចូលមក​បណ្តាក់ទុន​លើ​ការកែច្នៃ​វត្ថុធាតុដើម​សំខាន់ៗ ដើម្បី​បម្រើការ​អភិវឌ្ឍ​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម នៅ​កម្ពុជា​៕
 

Tag:
 សេដ្ឋកិច្ច​
  កម្ពុជា​
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com