កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ប្រាប់​ឈ្មោះ​គូប្រកួត​បន្ទាប់ តែ​បដិសេធ​ជំនួប​សងសឹក Mayweather
18, Oct 2018 , 9:59 pm        
រូបភាព
​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao បានប្រកាសថា ៩០​ភាគរយ រូបគេ​នឹង​ឡើង​សង្វៀន​ប្រកួត​នៅ​ខែមករា​ខាងមុខ​នៅ​ទឹកដី​អា​មេ​រិក ដើម្បី​តទល់​ជាមួយ​កីឡាករ​អា​មេ​រិច Adrien Broner​។ Pacquiao ក៏បាន​ច្រាល​ចោល​ពាក្យ​ច​ចា​អា​រ៉ា​ម​ដែលថា​ខ្លួន​នឹង​ប្រកួត​លើក​ទី​២​ជាមួយ Floyd Mayweather ផងដែរ​។​


 
​ការប្រកាស​ខាងលើ​របស់​អ្នក​ប្រដាល់​អាស៊ី វ័យ​៣៩​ឆ្នាំនេះ បន្ទាប់ពី​រូបគេ​បាន​សាង​ប្រជាប្រិយភាព​ក្នុង​អាជីព​ប្រដាល់​ឡើងវិញ​ដោយ​ការបំបាក់​កីឡាករ​អា​ហ្ស​ង់​ទីន Lucas Matthysse កាលពី​ខែកក្កដា​កន្លងទៅ ដែល​ជាការ​ផ្តួល​ឲ្យ​សន្លប់​លើកដំបូង​ក្នុង​រយៈពេល​៩​ឆ្នាំ​ចុងក្រោយ​របស់គេ​ដែរ​។​
 
​ចាប់តាំងពី​ពេលនោះ​មក Pacquiao បាន​បដិសេធ​អំពី​ការចូលនិវត្តន៍​របស់​ខ្លួន ហើយ​សន្យាថា​នឹង​ប្រយុទ្ធ​បន្តទៀត ហើយ​ការលើកឡើង​បែបនេះ​ក៏​ធ្វើ​ឲ្យ​មាន​ព័ត៌មាន​មិន​ច្បាស់​អំពី​គូប្រយុទ្ធ​របស់គេ​ជាច្រើន​ផងដែរ​នាពេល​កន្លងមក​។​
 
​ប៉ុន្តែ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅក្នុង​កម្មវិធី​សប្បុរសធម៌​មួយនា​ក្រុង​ម៉ា​នី​ល ប្រទេស​ហ្វីលីពីន ថ្ងៃទី​១៧ ខែតុលា Pacquiao បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា Adrien Broner គឺជា​គូប្រកួត​របស់គេ​។ Broner វ័យ​២៩​ឆ្នាំ ធ្លាប់​ប្រកួត​៣៨​ដង ឈ្នះ​៣៣ ចាញ់​៣ និង​ស្មើ​ម្តង ផ្តួល​ដៃគូ​មិន​ឲ្រ​តដៃ​រួច​២៤​លើក​។​


 
​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ខាងលើ​បន្ថែមថា លោក​ពិតជា​ពេញ​ចិត្តនឹង​ការប្រកួត​ទល់នឹង​អតីត​ម្ចាស់​ជើងឯក​ពិភពលោក​៤​សម័យ​របស់​អាមេរិក​នេះ ហើយ​ថ្ងៃ​ប្រកួត​ប្រហែល​នៅក្នុង​ខែមករា​ខាង​មុន​ចន្លោះ​ពី​១២ ឬ​១៩ មករា នៅក្នុង​ក្រុង Las Vegas សហរដ្ឋអាមេរិក​។​
 
​មួយវិញទៀត ជុំវិញ​ព័ត៌មាន​ដែលថា Pacquiao នឹងត្រូវ​ឡើង​ប្រកួត​សង​សឹង​ជាមួយ​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​របស់​អាមេរិក Mayweather នោះ រូបគេ​បាន​បដិសេធ​ទាំងស្រុង​។​
 
Mayweather វ័យ​៤១​ឆ្នាំ​ធ្លាប់​បានលើកឡើង​កាលពី​ខែកញ្ញា ថា​រូបគេ​នឹង​ចេញពី​ការចូលនិវត្តន៍​ដើម្បី​ទៅ​តទល់​ជាមួយ Pacquiao នៅ​ចុង​ឆ្នាំនេះ «​សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​ដ៏​ធំ​មួយ​» នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​៕
 

Tag:
 ប្រដាល់​
  Manny Pacquiao
  Adrien Broner
  Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com