ជាតិ
សង្គមជាតិ
អ្នកស្រុកនៅក្រចេះ ពុលស្រា សទៀតហើយ! ស្លាប់៣នាក់ និងជាង៤០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ
× ភ្នំពេញ៖ គិតត្រឹមពេលនេះ មានមនុស្ស៣នាក់បានស្លាប់ និង៤១នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ករណីពុលស្រាស ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានប្រាប់សារព័ត៌មានថ្មីៗថា ពលរដ្ឋចំនួន៣នាក់បានស្លាប់ ក្នុងនោះមានស្ត្រី១នាក់ និង៤១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ក្នុងនោះមានស្ត្រី១៤នាក់។ លោកវ៉ា ថន បញ្ជាក់ដូច្នេះថា៖«មែនទែនទៅអ្នកផលិតមិនខុសទេ តែអ្នកទទួលលក់បន្តជាអ្នកខុស ដោយគាត់បានយកមេស្រាទៅដាក់បន្ថែម។ នេះជាករណីកន្លងមក។ ចំពោះករណីនេះ កំពុងសិក្សាស្រាវជ្រាវនៅឡើយ មិនទាន់ដឹងថាអ្នកផលិត ឬអ្នកចែកចាយបន្តជាអ្នកខុសទេ»។
នេះមិនមែនជាករណីពុលស្រាសលើកទី១ទេ សម្រាប់ខេត្តក្រចេះនោះទេ។ កាលពី ខែឧសភា ឆ្នាំ២០១៨កន្លងទៅ នៅក្នុងស្រុកចិត្របុរី ក៏មានករណីពុលទឹក និងស្រានៅកើតឡើងដែរ និងបណ្តាលឲ្យមានអ្នកស្លាប់ជាង១០នាក់ និងជាង១៤០នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែកកាលពីឆ្នាំ២០១៥ ករណីពុលស្រា ក៏បានកើតឡើងជាបន្តបន្ទាប់នៅទីកន្លែងផ្សេងគ្នានៅក្នុងខេត្តក្រចេះដែរ និងបានបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និងជាង១៥០នាក់ត្រូវបញ្ជូនសង្គ្រោះ៕
Tag:
ពុលស្រាស
ក្រចេះ
ស្រា
© រក្សាសិទ្ធិដោយ thmeythmey.com