កីឡាអន្តរជាតិ
អន្តរជាតិ
Higuain៖ Juventus ដេញ​ខ្ញុំ​ចេញពី​ក្លិប ព្រោះ​វត្តមាន Ronaldo
19, Oct 2018 , 9:39 pm        
រូបភាព
Gonzalo Higuain ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់ AC Milan មាន​អារម្មណ៍​ថា​ដូច​ត្រូវបាន Juventus «​បណ្តេញចេញ​» ពី​ក្រុម បន្ទាប់ពី​មាន​វត្តមាន Cristiano Ronaldo នៅ​ដើមរដូវ​កាល​នេះ​។​​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​ដែល​បច្ចុប្បន្ន​ត្រូវបាន​ក្លិប AC Milan ខ្ចី​ជើង បាន​សារភាពថា​ខ្លួន​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចាក​ចេញពី​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី Serie A ដើម្បី​ពួកគេ​មានឱកាស​នាំយក​ម្ចាស់​ពានរង្វាន់ Ballon d'Or ៥​សម័យ និង​ជា​អតីត​មិត្ត​រួម​ក្រុម​ចាស់ Real Madrid មក​រួម​ក្រុម​វិញ​។​


 
Higuain បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​រហ​ស្សនាម​សេះបង្កង់ ក្នុងតម្លៃ ៩០ លាន​អឺរ៉ូ (១០៣​លាន​ដុល្លារ​អាមេរិក​) ពី Napoli នៅ​ឆ្នាំ ២០១៦ ហើយ​បាន​ស៊ុត​បញ្ចូល​ទី ៤០ គ្រាប់​ក្នុង​រយៈពេល​ពីរ​រដូវ​កាល និង​ថែមទាំង​ជួយ​ក្រុម​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ផងដែរ​កាលពី​រដូវ​កាល​មុន​។​


 
​បើទោះជា Higuain បាន​ជួយ​ក្លិប​យ៉ាងនេះ​ក្តី តែ Juventus បាន​បង្វែរ​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ​ទៅកាន់ Ronaldo នៅមុន​ពេល​រដូវ​កាល​ថ្មី​ចាប់ផ្តើម​ក្នុងការ​ទាក់​ទាញយក​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ព័រ​ទុយ​ហ្គា​ល់​នេះ​ឲ្យ​ចាក​ចេញពី​ក្លិប​យក្ស Real Madrid ដើម្បី​មក​ពង្រឹង​ក្រុម​របស់​ពួកគេ​។​
 
​ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ប្រាប់​កាសែត​អ៊ីតាលី Gazzetta dello Sport ថា​៖«​ការចាកចេញ​មិនមែនជា​ការសម្រេចចិត្ត​របស់ខ្ញុំ​ទេ​។ ខ្ញុំ​បានផ្តល់​អ្វីៗ​គ្រប់យ៉ាង​ដល់ Juventus ខ្ញុំ​បានឈ្នះ​ពានរង្វាន់​ជាច្រើន​ហើយ​បន្ទាប់មក Ronaldo បានមក​ដល់​»​។​
 
«​ដោយ​ចង់​ពង្រឹង​ក្លិប ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​មិនអាច​នៅទីនេះ​បាន​ទៀត​ទេ ហើយ​ពួកគេ​ថា​នឹង​ព្យាយាម​រក​ដំណោះស្រាយ​ឲ្យ​ខ្ញុំ​។ ដំណោះស្រាយ​ល្អ​បំផុត​របស់​ពោះ​គេ​គឺ​ឲ្យ​ខ្ញុំ​ទៅ AC Milan ខ្ចី​ជើង​»​។ Higuain បញ្ជាក់បន្ថែម​ដូច្នេះ​។​
 
​យ៉ាងណាក៏ដោយ Higuain អះអាងថា​រូបគេ​មាន​អារម្មណ៍​សប្បាយចិត្ត​ឡើងវិញ​នៅពេល​បានមក​ចូលរួម​ជាមួយ​ក្រុម​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Gennaro Gattuso មួយរយៈ​ចុងក្រោយ​។ អតីត​សមាជិក Real Madrid នេះ ក៏បាន​សូមទោស​អ្នកគាំទ្រ AC Milan ផងដែរ ដោយ​មិន​អាចជួយ​ក្រុម​ជោគជ័យ​នៅ​ដើមរដូវ​កាល​នេះ​ក្រោយ​បាន​ត្រឹម​ចំណាត់ថ្នាក់​ទី​១០ ក្នុង​តារាង Serie A បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​៧​លើក ឈ្នះ​៣ ចាញ់​៣ និង​ស្មើ​មួយ មាន​១២​ពិន្ទុ​៕
 

Tag:
 ​បាល់ទាត់​
  Gonzalo Higuain
  Cristiano Ronaldo
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com