តារាល្បីៗ
អន្តរជាតិ
លោក ចូវ យុនហ្វាត ចាយត្បិតត្បៀត ដោយទុកទ្រព្យជាង៧០០លានដុល្លារបរិច្ចាគសប្បុរសធម៌
× តារាភាពយន្តហុងកុងដ៏ល្បីល្បាញ លោក ចូវ យុនហ្វាត (Chow Yun-fat) ដែលគេដាក់រហស្សនាមទូទៅថា ជាស្តេចល្បែងនោះ ជាមនុស្សដ៏គួរឲ្យគោរពម្នាក់។ យោងតាមការផ្សាយរបស់ Oriental Daily តារាវ័យ៦៣ឆ្នាំរូបនេះ ចាយវាយខ្លួនឯងតែរង្វង់៨០០ដុល្លារហុងកុង (១០២ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយខែ ដោយលោកមានបំណងទុកទ្រព្យសម្បត្តិ៧១៤លានដុល្លារអាមេរិកសម្រាប់បរិច្ចាគផ្នែកសប្បុរសធម៌។
អស់រយៈពេលជាង១៧ឆ្នាំ លោក ចូវ យុនហ្វាត ប្រើប្រាស់តែទូរសព្ទប្រភេទ Nokia Flip ហើយលោកទើបតែសម្រេចចិត្តទិញទូរសព្ទថ្មី បន្ទាប់ពីម៉ូដែលចាស់នោះលែងដំណើរការ។ អ្នកស្រី Jasmine Tan ភរិយាលោក ចូវ យុនហ្វាត បានអះអាងថា បើទោះបីជាស្វាមីខ្លួនរស់នៅទីក្រុងដ៏ទំនើបបែបណាក៏ដោយ ប៉ុន្តែគាត់ចូលចិត្តញ៉ាំអាហារតាមចិញ្ចើមផ្លូវ និងកម្រទិញរបស់ថ្មីណាស់។
ជាញឹកញាប់ គេសង្កេតឃើញ លោក ចូវ យុនហ្វាត ជិះរថយន្តសាធារណៈ ពាក់អាវក្នុងតម្លៃប្រមាណ១៤ដុល្លារអាមេរិក និងចូលចិត្តទៅហាងដែលមានការបញ្ចុះតម្លៃ។ «ការស្លៀកពាក់របស់ខ្ញុំមិនមែនដើម្បីទាក់ទាញអ្នកដទៃនោះឡើយ ខ្ញុំគ្រាន់តែចង់ពាក់ ដែលវាមើលទៅសមរម្យសម្រាប់ខ្លួនតែប៉ុណ្ណោះ»។
ក្រៅពីការងារថតភាពយន្តដ៏មមាញឹក លោក ចូវ យុនហ្វាត តែងតែចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ពីព្រោះលោក និងភរិយាមិនមានកូនឡើយ។ លោកធ្លាប់បានអះអាងថា នៅពេលដែលលោកស្លាប់ទៅ លោកនឹងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់ទៅផ្នែកសប្បុរសធម៌។
កាលពីឆ្នាំ២០១៤ តារាហុងកុងរូបនេះ បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា លុយមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្ញុំនោះឡើយ ខ្ញុំគ្រាន់តែមានកាន់កាប់វាបណ្តោះអាសន្នប៉ុណ្ណោះ»។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោកត្រូវបានគេវាយតម្លៃជារួមថា មានប្រមាណ ៥,៦ពាន់លានដុល្លាហុងកុង (ប្រមាណ៧១៤លានដុល្លារអាមេរិក)។
ក្នុងអាជីពជាតារាសម្តែងចាប់តាំងពីឆ្នាំ១៩៧៤មក លោក ចូវ យុនហ្វាត ស្ថិតក្នុងចំណោមតារាដ៏ល្បីបំផុតនៅអាស៊ី ដោយលោកបានទទួលពានរង្វាន់ជាច្រើន ក្នុងនោះមាន Hong Kong Film Awards បីលើក, Golden Horse Awards ២លើកផងដែរ។
កើតក្នុងគ្រួសារក្រីក្រ ដោយម្តាយធ្លាប់ធ្វើជាអ្នកបោសសម្អាត និងឪពុកជាអតីតអ្នកដឹកប្រេងឥន្ទនៈ លោក ចូវ យុនហ្វាត ឆ្លងកាត់ប្រវត្តិតស៊ូជាបន្តបន្ទាប់ មុននឹងទទួលបានឱកាសប្រឡូកភាពយន្តចាប់ពីអាយុ១៧ឆ្នាំ។
លោកបានរៀបអាពាហ៍ពិពាហ៍ពីរលើក ដោយនៅឆ្នាំ១៩៨៣ ជាមួយតារាភាពយន្តឈ្មោះ Candice Yu ហើយនៅជាមួយគ្នារយៈពេល៩ខែ។ នៅឆ្នាំ១៩៨៦ លោកបានរៀបការជាមួយលោកស្រី Jasmine Tan ដែលជាជនជាតិសិង្ហបុរី ប៉ុន្តែមិនមានកូនឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com