ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋ​ចេះតែ​ច្រឡំ​ក្រដាស​ប្រាក់រៀល​មួយចំនួន​!
20, Oct 2018 , 8:59 am        
រូបភាព
ដោយ:
​អ្នកលក់​បន្លែ​វ័យ​ជាង ៤០​ឆ្នាំ​ម្នាក់ បាន​រអ៊ូ​នៅមុខ​អ្នកទិញ ពេល​ខ្លួន​លូកដៃ​ចូល​កាបូប​យកលុយ​អាប់​៖«​ចុ​ម​ក្រដាស​ពីរម៉ឺន​ទេ ឯង​ស្មានតែ​ក្រដាស​ប្រាំ​ពាន់​។ លុយ​ចេញ​ថ្មី​ឥឡូវ ពិបាក​មើល​ណាស់ ចេះតែ​ច្រឡំ​គ្នា​»​។​


 
​ការបោះ​ពុ​ម្ភ​ក្រដាស​ប្រាក់រៀល រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ នាពេល​កន្លងមក និង​បច្ចុប្បន្ន​។ ពួកគាត់​រអ៊ូ​ថា​ក្រដាសប្រាក់​ចេញ​ថ្មី​មួយចំនួន មាន​ពណ៌​ស្រដៀង​ក្រដាស​ប្រាក់រៀល​ផ្សេងទៀត ដែល​កំពុង​ចរាចរ​។ រឹតតែ​ពិបាក ចំពោះ​អាជីវករ​លក់ដូរ ព្រោះ​ពួកគេ​មមាញឹក​លក់ដូរ ហើយ​ត្រូវ​យឺតយូរ​នឹង​ក្រដាសប្រាក់​ដែល​ស្រដៀង​គ្នា ពេល​ទូទាត់​ម្ដងៗ​។  ជួនកាល​ច្រឡំ​តែម្ដង  ដែល​នាំ​ឲ្យ​អាជីវករ​អាប់​លុយ​លើស ឬ​ខ្វះ​ដល់​អតិថិជន​។  


 
​អ្នកស្រី វណ្ណ​នី ដែលជា​អ្នកលក់​បង្អែម​មួយរូប បាន​ថ្លែង​ទាំង​ខឹង​ថា​៖«​ថ្ងៃមុន​ច្រឡំ​អាប់​ក្រដាស​ប្រាំ​ម៉ឺន​ឲ្យ​គេ​បាត់ ស្មានតែ​ក្រដាស​មួយ​ម៉ឺន យ៉ាប់​មែន​»​។ ចុះ​ទម្រាំ​ពលរដ្ឋ​វ័យ​ចំណាស់ ដែល​សមត្ថភាព​ភ្នែក​របស់​ពួកគាត់​បាត់បង់​ខ្លះ​ទៅហើយ តើ​នឹងត្រូវ​ពិនិត្យមើល​ក្រដាសប្រាក់​សារ​ចុះ​សារ​ឡើង​ប៉ុន្មាន​ដង​?
 
​ពលរដ្ឋ​លក់ដូរ ក៏ដូចជា​អ្នក​ចាយវាយ​ដែរ ចង់​ឲ្យ​រដ្ឋាភិបាល​បោះពុម្ព​ក្រដាស​ប្រាក់រៀល មាន​ពណ៌​ផ្សេង​ដាច់ពីគ្នា ងាយស្រួល​សម្គាល់​។ អាជីវករ​លក់ទំនិញ​ចាប់ហួយ​លោក ឌឿ​ន មានប្រសាសន៍ថា​៖«​បើ​រដ្ឋ​ចេញ​ក្រដាសប្រាក់ ងាយ​មើល ងាយ​ចំណាំ ពណ៌​ខុស​ដាច់ពីគ្នា ពួក​ខ្ញុំ​ប្រាកដជា​ចាយ​ស្រួល​»​។​


 
​ទោះយ៉ាងណា​រដ្ឋាភិបាល ពិសេស​ធនាគារជាតិ​នៃ​កម្ពុជា មាន​គោលនយោបាយ​លើកកម្ពស់​ប្រាក់រៀល តាមរយៈ​ការផ្សព្វផ្សាយ និង​ដាក់ចេញ​យន្តការ​នានា​ដើម្បី​ឲ្យ​ការប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ទូលំទូលាយ​។ ប៉ុន្តែ​បើ​ធនាគារជាតិ​អាច​ស្រាយ​បញ្ហា​ជុំវិញ​ភាព​ងាយ​ភ័ន្តច្រឡំ​នៃ​ក្រដាស​ប្រាក់រៀល​នេះ​បាន នោះ​នឹង​កាន់តែ​ឲ្យ​សាធារណជន​ពេញចិត្ត​ក្រដាសប្រាក់​ជាតិ​របស់ខ្លួន​៕

Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com