អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី ព្រមយក​បំណុល ដែល​កម្ពុជា​ជំពាក់ ទៅ​បង្វែរ​ជាការ​វិនិយោគ​
19, Oct 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បញ្ហា​បំណុល​កម្ពុជា ដែល​ជំពាក់​រុស្ស៊ី កាលពី​អំឡុង​ទសវត្សរ៍​៨០ បាន​ឈានដល់​ចំណុច​ដោះស្រាយ​ហើយ តាមរយៈ​កិច្ចពិភាក្សា​រវាង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​រុស្ស៊ី នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​១៨ តុលា​។​

 
​បំណង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ចង់​ឲ្យ​បញ្ហា​បំណុល​កម្ពុជា ជំពាក់​រុស្ស៊ី មាន​ច្រកចេញ​មួយ​ដ៏​ល្អ​នោះ គឺ​បានសម្រេច​ហើយ​។ សម្ដេច ហ៊ុន សែន បានស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​រុស្ស៊ី ជួយ​សម្រួល​បញ្ហា​បំណុល​កម្ពុជា បង្វែរ​ទៅជា​ការវិនិយោគ​វិញ​។ 
 
​រុស្ស៊ី មិន​បដិសេធ​ចំពោះ​សំណើ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​នាយករដ្ឋមន្ត្រី​រុស្ស៊ី យ៉ាង​ដូច្នេះ​ថា​៖« រុស្ស៊ី​នឹង​ប្រើប្រាស់​បំណុល​នោះ សម្រាប់​ជាការ​វិនិយោគ​នៅ​កម្ពុជា ដែល​នោះ​គឺជា​អាទិភាព​ដ៏​ល្អ​សម្រាប់​កម្ពុជា ដែល​រុស្ស៊ី​ចង់​ជួយ​»​។​
 
​ប៉ុន្តែ​ប្រទេស​ទាំងពីរ មិនទាន់​បញ្ជាក់ថា ការ​បង្វែរ​បំណុល​ទៅ​ការវិនិយោគ​នេះ ផ្ដោតទៅលើ​ផ្នែក​អ្វីខ្លះ​នោះទេ​។ 
 
​កម្ពុជា​បាន​ជំពាក់​បំណុល​រុស្ស៊ី ១,៥០០​លាន​ដុល្លារ​អាមេរិក កាលពី​ទស្សវត្សរ៍​៨០ ដែល​យកមកប្រើ​ប្រាស់​ស​ម្រា​ប់​ការទិញ​អាវុធ និង​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ ប៉ុន្តែ​បំណុល​១៥០០​លាន​ដុល្លារ​នេះ ត្រូវបាន​រុស្ស៊ី​សម្រេច​លុបចោល ៧០​ភាគរយ កាលពី​ឆ្នាំ​២០០៩​។ បច្ចុប្បន្ន​បំណុល​កម្ពុជា ត្រូវ​សង​រុស្ស៊ី ត្រឹមតែ ៣០% ដែលមាន​ទឹកប្រាក់ ៤៥០​លាន​ដុល្លារ​តែប៉ុណ្ណោះ​៕

Tag:
 ហ៊ុន សែន​
  រុស្ស៊ី​
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com