អន្តរជាតិ
នយោបាយអន្តរជាតិ
អគ្គរដ្ឋទូតកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនឹងជួយកម្ពុជាតាមតម្រូវការ
× អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា លោក អូ ណាក់យ៉ុង នៅថ្ងៃទី១៨ ខែតុលា បានប្រកាសថា កូរ៉េខាងត្បូងនឹងជួយកម្ពុជាតាមតម្រូវការ។ ការប្រកាសនេះធ្វើឡើងតាមនាកម្មវិធីបុណ្យជាតិរបស់កូរ៉េនៅថ្ងៃទី១៨ ខែតុលា។ លោក អូ សង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង នឹងកាន់តែប្រសើរឡើងថែមទៀត។
ស្ថានទូតកូរ៉េខាងត្បូងប្រចាំក្រុងភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា បានរៀបចំពិធីអបអរសាទរនូវខួបរំលឹកអនុស្សាវរីយ៍នៃការបង្កើតប្រទេសដំបូងរបស់កូរ៉េ។ រដ្ឋមន្ត្រីអប់រំ យុជន និងកីឡា លោក ហង់ជួន ណារ៉ុន ជាតំណាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាចូលរួមកម្មវិធីនេះ។
អគ្គរដ្ឋទូតកូរ៉េខាងត្បូង លោក អូ ណាក់យ៉ុង បានលើកឡើងពីស្ថានការនៅឧបទ្វីបកូរ៉េដែលមានវឌ្ឍនភាពដ៏ល្អ និងកំពុងស្ថិតនៅលើជំហាននៃមាគ៌ាឆ្ពោះទៅកាន់សន្តិភាព និងវិបុលភាព។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបចរចាគ្នាសំដៅបង្កើតសន្តិភាពរវាងបងប្អូនទាំងពីរ។
ងាកទៅទំនាក់ទំនងទ្វេភាគីវិញ តំណាងកូរ៉េខាងត្បូងរូបនេះនិយាយថា សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា បានថែរក្សាទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ ចាប់តាំងពីការបង្កើតឡើងវិញនូវទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៩៧ ដោយបានចែករំលែកគ្នាទៅវិញទៅមកនូវគុណតម្លៃ និងផលប្រយោជន៍រួម។ លោកបន្តថា កិច្ចសហប្រតិបត្តិការទ្វេភាគី កំពុងរីកចម្រើនប្រកបដោយស្ថេរភាព ផ្អែកលើអំណាយផលពីធម្មជាតិនៃសេដ្ឋកិច្ច និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការ។
«ជាក់ស្តែង ស្ថានភាពទំនាក់ទំនងទ្វេភាគី នាពេលបច្ចុប្បន្ននិងអនាគតរវាងប្រទេសទាំងពីរ ត្រូវបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការធ្វើជំនួញ ការវិនិយោគ ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ទេសចរណ៍ វិស័យ ពលកម្ម វប្បធម៌ ទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។» នេះជាការលើកឡើងរបស់លោក អូ មុននឹងបង្ហាញក្ដីសង្ឃឹមរបស់ខ្លួនថា ទំនាក់ទំនងទ្វេភាគីនេះនឹងកាន់តែត្រូវបានពង្រឹងថែមទៀត។
ត្រង់ចំណុចនេះ អគ្គរដ្ឋទូតកូរ៉េខាងត្បូងរូបនេះ អះអាងថា កូរ៉េខាងត្បូង នឹងមិនត្រឹមតែអនុវត្តកិច្ចការងារ ដោយផ្តោតសំខាន់ទៅលើអ្វីដែលកូរ៉េខាងត្បូងអាចធ្វើបានល្អជាងប្រទេសផ្សេងទៀតនោះទេ ក៏ប៉ុន្តែកូរ៉េខាងត្បូងនឹងធ្វើសកម្មភាពដោយផ្តោតសំខាន់ទៅលើអ្វីដែលជាតម្រូវការរបស់កម្ពុជាផងដែរ៕
Tag:
កូរ៉េខាងត្បូង
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com