សប្តាហ៍នេះ អនាគតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានលើកជាយោបល់ថា ទំនាក់ទំនងរវាងអូស្ត្រាលី និងអាស៊ាននឹងល្អក់កករ បើសិនជាមហាអំណាចគីឡូមធ្យមនេះ ប្តូរទីតាំងស្ថានទូតខ្លួនពី Tel Aviv ទៅក្រុងហ្សេរ៊ុយសាឡិមតាមអាមេរិកមែននោះ។
បន្ទាប់ពីលឺដំណឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន (Scott Morisson) បញ្ជាក់ជំហរថា លោកបើកចំហដល់ការប្តូរទីតាំងស្ថានទូតអូស្ត្រាលីទៅកាន់ក្រុងពិសិដ្ឋហ្សេរ៊ុយសាឡិម សមាជិករដ្ឋសភាម៉ាឡេស៊ី និងជាអនាគតនាយករដ្ឋមន្ត្រី លោក អាន់វ៉ា បានព្រមានពីផលប៉ះពាល់ដែលកើតមានឡើងទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងអាស៊ានទាំងមូលផង។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Astro Awani អតីតមេដឹកនាំបក្សប្រឆាំងដ៏មានឥទ្ធិពលរូបនេះបាននិយាយថា អូស្ត្រាលីមិនគួរមើលរំលងសកម្មភាពទាំងឡាយណាដែលបង្កើតអយុត្តិធម៌ដែលកើតមានឡើងនៅក្នុងជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនឡើយ។
លោក អាន់វ៉ា ពន្យល់ដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអូស្ត្រាលីមិនធ្វើតាមសំណើរឲ្យគាំទ្រការសម្រេចចិត្តដោយគ្មានហេតុផលរបស់អាមេរិកដើម្បីបើកស្ថានទូតនៅហ្សេរ៊ុយសាឡិមឡើយ។ បញ្ហាគឺនយោបាយនៃការមិនទទួលការពិត ហើយប្រជាជនប៉ាឡេស្ទីនត្រូវបានគេដកហូតសិទ្ធិ ហើយអ្នកមិនត្រូវមើលរំលងរឿងអយុត្តិធម៌ ដែលកើតឡើងដោយសារសកម្មភាពរដ្ឋាភិបាលអ៊ីស្រាអែលឡើយ»។
ក្រៅពីពន្យល់ពីបញ្ហាដែលកើតឡើង លោក អាន់វ៉ា ក៏បានអំពាវនាវឲ្យបណ្តារដ្ឋអាស៊ានប្រឆាំងរាល់សកម្មភាពប្តូរទីតាំងស្ថានទូត ដែលជាការទទួលស្គាល់ហ្សេរ៊ុយសាឡិមជារដ្ឋធានីអ៊ីស្រាអែលព្រោះវាជារឿងដែលប៉ះពាល់ការស្វែងរកសន្តិភាពតំបន់ និងអយុត្តិធម៌សម្រាប់ប៉ាឡេស្ទីន។
លោកក៏បានបន្តថា អូស្ត្រាលីជាផ្នែកមួយនៃតំបន់អាស៊ី ហើយក្លាយជាមិត្តជិតខាងល្អរបស់អាស៊ានដែរ។ ដូច្នេះហើយ លោក ជឿជាក់ថា រាល់ការសម្រេចឯកតោភាគីរបស់អូស្ត្រាលីដោយដើរតាមគន្លងអាមេរិកនឹងបង្កឲ្យមានបញ្ហាច្រើនក្នុងទំនាក់ទំនងទ្វេភាគីជាមួយអាស៊ាន ព្រោះសមាជិកអាស៊ាននឹងតវ៉ាប្រឆាំងមិនខាន។
ត្រឡប់មកវិញ ប្រមុខរដ្ឋាភិបាលអូស្ត្រាលី ម៉ូរីសុន បានបដិសេធរាល់ការអះអាងដែលថា អូស្ត្រាលីចង់ដើរតាមអាមេរិក។ លោកបានបញ្ជាក់ថា ការសម្រេចចិត្តរបស់លោកមិនមានការលូកលាន់ពីអាមេរិកឡើយ ហើយវាក៏មិនកើតចេញពីការជជែកណាមួយរវាងលោកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឬមន្ត្រីអាមេរិកនោះដែរ។
ហ្សេរ៊ុយសាឡិម ជាទីក្រុងពិសិដ្ឋដែលស្ថិតក្នុងស្ថានភាពមិនដាច់ស្រេចរវាងភាគីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល។ អ៊ីស្រាអែលបានគ្រប់គ្រងហ្ស៊េរុយសាឡិមពាក់កណ្ដាល និងបានភ្ជាប់ជាទឹកដីភាគខាងលិចរបស់ទីក្រុងនេះក្រោយសង្គ្រាមឆ្នាំ១៩៦៧ ។ អ៊ីស្រាអែលបានទាមទារចំណែកទីក្រុងនេះទាំងមូល និងបានភ្ជាប់តំបន់ភាគខាងកើត ដែលធ្វើឲ្យទីក្រុងទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ឯប៉ាឡេស្ទីនចាត់ទុកតំបន់ខាងកើតជារដ្ឋធានីរបស់ខ្លួននៅថ្ងៃអនាគត។
ប៉ុន្តែបញ្ហាកាន់តែស្មុគស្មាញក្រោយ លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យគេរើសស្ថានទូតអាមេរិកពីក្រុង Tel Aviv ទៅកាន់ហ្សេរ៊ុយអាឡិមកាលពីចុងឆ្នាំ ២០១៧កន្លងទៅដែលបង្ហាញថា អាមេរិកទទួលស្គាល់ទីក្រុងនេះជារដ្ឋធានីអ៊ីស្រាអែល។ សកម្មភាពអាមេរិកនេះត្រូវបានពិភពលោកទាំងមូលថ្កោលទោស ហើយវាក៏ពិតជាបង្កឲ្យដំណើរការស្វែងរកសន្តិភាពមជ្ឈិមបូព៌ាដែលជាប់គាំងស្រាប់នោះ កាន់តែពិបាកស្តារឡើងវិញថែមទៀត៕