ក្រុងសៀមរាប (កម្ពុជា)៖ ធនាគារអឺរ៉ុបតែមួយគត់នៃព្រះរាជាណាចក្រកម្ពុជា BRED Bank Cambodia សាខាទី២បានបង្ហាញខ្លួនជាផ្លូវការរួចហើយនៅលើទឹកដីអង្គរ ខេត្តសៀមេរាប កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨កន្លងមកដោយមានអ្នកចូលរួមជាច្រើនរយនាក់ ក្នុងនោះ ភាគច្រើនជាអ្នកជំនួញ មន្ត្រីរាជការជនជាតិបារាំងតំណាងឲ្យស្ថានទូតបារាំងប្រចាំនៅក្នុងប្រទេសកម្ពុជា និងមន្ត្រីរាជការជនជាតិខ្មែរតំណាងឲ្យធនាគារជាតិនៃកម្ពុជា។ អ្នកចូលរួមក្នុងពិធីបើកសម្ពោធបានស្វាគមន៍ការពង្រីកសេវាបន្ថែមយ៉ាងឆាប់រហ័សរបស់ធនាគារអឺរ៉ុប BRED Bank Cambodia មកកាន់ទីក្រុងសៀមរាប ក្រៅពីរាជធានីភ្នំពេញ។ មិនត្រឹមត្រែប៉ុណ្ណោះធនាគារអឺរ៉ុបតែមួយគត់នៃព្រះរាជាណាចក្រកម្ពុជា BRED Bank Cambodia ត្រៀមខ្លួនជាស្រេចរួចហើយដើម្បីបើកសាខាឲ្យបានចំនួន១៥ត្រឹមឆ្នាំ២០២០នៅទូទាំងប្រទេសកម្ពុជា។
ធនាគារអឺរ៉ុបតែមួយគត់នៃព្រះរាជាណាចក្រកម្ពុជា BRED Bank Cambodia បានបោះជំហានឈានចូលទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រនៃខេត្តសៀមរាបកាលពីថ្ងៃទី១៧ខែតុលាកន្លងមក បន្ទាប់ពីបានរៀបចំពិធីបើកសម្ពោធជាផ្លូវការដោយមានវត្តមានអ្នកចូលរួមជាច្រើនរយនាក់ ក្នុងនោះ ភាគច្រើនជាអ្នកជំនួញ មន្ត្រីរាជការបារាំងតំណាងឲ្យស្ថានទូតបារាំងបប្រចាំនៅក្នុងប្រទេសកម្ពុជា និងមន្ត្រីរាជការខ្មែរតំណាងឲ្យធនាគារជាតិនៃកម្ពុជា។
ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា, ធនាគារអឺរ៉ុបតែមួយគត់ BRED Bank Cambodia បានបង្កើតសាខាពីរកន្លែងក្នុងរយៈពេលតិចជាងពីរឆ្នាំ។សាខាទីមួយមានទីតាំងស្ថិតនៅតំបន់ទួលគោករាជធានីភ្នំពេញ, រាជធានីនយោបាយ-សេដ្ឋកិច្ច និងសាខាទី២ ស្ថិតនៅក្នុងទីក្រុងប្រាសាទនៃខេត្តសៀមរាប, រាជធានីវប្បធម៌-ប្រវត្តិសាស្ត្រ។ ធនាគារអឺរ៉ុបតែមួយគត់នៃព្រះរាជាណាចក្រកម្ពុជា BRED Bank Cambodia បានដាក់ឲ្យដំណើរការទីស្នាក់ការកណ្តាលរបស់ខ្លួននៅរាជធានីចតុមុខភ្នំពេញក្នុងប្រទេសកម្ពុជាកាលពីខែមិនាឆ្នាំ២០១៧កន្លងមក។
ក្នុងរយៈពេលតែ១៨ខែប៉ុណ្ណោះ ធនាគារអឺរ៉ុបតែមួយគត់នៃព្រះរាជាណាចក្រកម្ពុជា BRED Bank Cambodia ទទួលបានអតិថិជនជិត២០០០នាក់ ដោយផ្តល់ប្រាក់កម្ចីជាលក្ខណៈបុគ្គល និងជាលក្ខណៈជំនួញក្រុមហ៊ុនបានប្រមាណជាជាង១០០លានដុល្លារអាមេរិក។ អតិថិជន៨០ភាគរយជាអ្នកជំនួញជនជាតិខ្មែរ។ សាខានៅក្នុងខេត្តសៀម គឺជាសាខាទី២។ ប៉ុន្តែ មហិច្ឆិតារបស់ធនាគារអឺរ៉ុបតែមួយគត់នៃព្រះរាជាណាចក្រកម្ពុជា BRED Bank Cambodia មិនស្ថិតនៅត្រឹមហ្នឹងឡើយ។ BRED Bank Cambodia មួយនេះគ្រោងនឹងពង្រីកសាខារបស់ខ្លួនឲ្យបានចំនួន១៥សាខានៅត្រឹមឆ្នាំ២០២០នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅចំពោះមុខអតិថិជន អ្នកជំនួញ មន្ត្រីរាជការជនជាតិបារាំង និងខ្មែរនៅក្នុងក្រុងសៀមរាបនាពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការសាខាទី២កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨កន្លងមក លោក ហ្គីយូម ពែកដុង នាយកប្រតិបត្តិនៃធនាគារ BRED Bank Cambodia បានបញ្ជាក់ថា៖«យើងចង់បានអតិថិជន ទោះពួកគេជានរណាក៏ដោយ ជាបុគ្គលិកក្រុមហ៊ុន, គ្រួសារ, កូនហាងតូច, ក្រុមហ៊ុនក្នុងស្រុក ឬអន្តរជាតិ, មើលមកយើងដោយគិតថា យើង (BRED Bank Cambodia) មិនមែនគ្រាន់តែជាស្ថាប័នផ្តល់ហិរញ្ញវត្ថុប៉ុណ្ណោះទេ តែជាដៃគូអភិវឌ្ឍ និងរីកចម្រើនរួមគ្នា-ជាមួយគ្នា»។
វត្តមានរបស់ធនាគារ BRED Bank Cambodia នៅលើទឹកដីវប្បធម៌ប្រវត្តិសាស្ត្រក្រុងសៀមរាបទទួលបានការគាំទ្រពេញទំហឹងពីធនាគារជាតិនៃកម្ពុជា។ ដោយមានវត្តមាននៅក្នុងពិធីសម្ពោធផងដែរនោះ, លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានចាត់ទុកវត្តមានរបស់ធនាគារ BRED Bank Cambodia នៅក្នុងខេត្តសៀមរាបថា គឺជាការជឿជាក់ទុកចិត្តពីសំណាក់អ្នកវិនិយោគមកលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសកម្ពុជា។ លោកបានគូសបញ្ជាក់ថា៖«ការបើកសាខាថ្មីនេះ នឹងចូលរូមលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុល្អ មានប្រសិទ្ធិភាព ជាមួយនឹងតម្លៃថោកសមរម្យ»។
ងាកមកខាងស្ថានទូតបារាំងប្រចាំនៅក្នុងប្រទេសកម្ពុជាវិញ, ដោយសម្តែងអារម្មណ៍សប្បាយ និងរំភើបដោយឃើញវត្តមានធនាគារអឺរ៉ុបតែមួយគត់កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានោះ, លោកជំទាវ អេវ៉ា ហ្គូយិនបីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅក្នុងប្រទេសកម្ពុជាបានបង្ហាញការគាំទ្រចំពោះវត្តមានថ្មីរបស់ធនាគារ BRED Bank Cambodia នៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប ក្រៅពីរាជធានីភ្នំពេញ។ ថ្លែងនៅក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការសាខាទី២កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨, លោកជំទាវ អេវ៉ា ហ្គូយិនបីន បានគូសបញ្ជាក់ពីក្រុងប្រាសាទនៃខេត្តសៀមរាបមកថា៖«ខ្ញុំសប្បាយចិត្តដោយបានឃើញធនាគារ BRED Bank Cambodia កំពុងរីកចម្រើននៅក្នុងព្រះរាជាណាចក្រ និងកំពុងជួយអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជាផងដែរ»។
លោកជំទាវបានបន្តទៀតថា BRED Bank Cambodia បានបម្រើសេវាផ្តល់កម្ចីទៅកាន់គ្រប់ប្រភេទនៃអតិថិជននៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះ ក៏មានផងដែរ អតិថិជនដែលជាសហគ្រាសខ្នាតតូច និងមធ្យម ពីព្រោះ ការទទួលបានហិរញ្ញប្រទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម គឺជាគន្លឹះចាំបាច់បំផុត។ ការទទូលបានហិរញ្ញប្រទានសម្រាប់ពង្រីក ឬបង្កើតសហគ្រាស វានឹងចូលរួមការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច និងបង្កើតការងារឲ្យបានកាន់តែច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវ អេវ៉ា ហ្គូយិនបីន ចាត់ទុកសាខាថ្មីនេះថា វាបង្ហាញពីភាពរស់រវើកនៃការវិនិយោគរបស់ជនជាតិបារាំងនៅកម្ពុជា និងបង្ហាញពីភាពរីកមច្រើនកាន់តែខ្លាំងផ្នែកពាណិជកម្មរវាងប្រទេសបារាំង និងកម្ពុជា។ ជាក់ស្តែង ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងបីដងដោយធ្វើឲ្យទំហំទឹកប្រាក់កើនឡើងដល់១ពាន់លានអឺរ៉ូកាលពីឆ្នាំ២០១៧កន្លងមក៕