អន្តរជាតិ
ផ្ទះ​លោកស្រី ស៊ូ​ជី ធ្លាប់​រស់នៅ​ក្រោម​ការឃុំ​ឃាំង​ត្រូវបាន​គេ​ស្នើ​ដាក់លក់​តម្លៃ​៩០​លាន​ដុល្លារ​
20, Oct 2018 , 10:22 am        
រូបភាព
រូបភាព៖ Asia Travel
រូបភាព៖ Asia Travel
ដោយ:
​បងប្រុស​បង្កើត​របស់​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃទី​១៨ ខែតុលា​បាន​និយាយថា លោក​សម្រេចចិត្ត​ដាក់លក់​ផ្ទះ​ក្បែរ​មាត់បឹង ដែលជា​ទីកន្លែង​លោកស្រី​ស៊ូ​ជី ធ្លាប់​រស់នៅ​ក្រោម​ការឃុំ​ឃាំ​របស់​របប​សឹក​អស់​ពេល ១៥​ឆ្នាំ​។

 
​លោក អ៊ុង​សាន អ៊ូ (Aung San Oo) ដែល​សព្វថ្ងៃ​រស់នៅ​សហរដ្ឋអាមេរិក បាន​បញ្ជូន​សំណើ​ទៅកាន់​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៧ ខែតុលា​ដើម្បី​ដាក់​ដេញថ្លៃ​ផ្ទះ​លក្ខណៈ​គ្រួសារ​ពណ៌​ស​មួយ​ខ្នង ដែល​នៅក្បែរ​បឹង Inya នៅ​ទីក្រុង Yangon​។ សម្រាប់​ផ្ទះមួយ​ខ្នង​នេះ តាមរយៈ​មេធាវី​របស់ខ្លួន លោក អ៊ូ ចង់​ដាក់លក់​ក្នុងតម្លៃ ៩០​លាន​ដុល្លារ​។ 
 
​លោកស្រី ស៊ូ​ជី និង​បងប្រុស​លោកស្រី បាន​ដណ្តើម​គ្នា​កាន់កាប់​ផ្ទះ​នេះ​ចាប់តាំងពី​ឆ្នាំ​២០០១​មកម្ល៉េះ នៅពេលនោះ​លោក អ៊ូ ជា​អ្នក​ចាប់ផ្តើម​ប្តឹង​ទាមទារ​ចំណែក​កម្មសិទ្ធិ​នៃ​ផ្ទះមួយ​ខ្នង​នេះ​។  
 
​យ៉ាងណាមិញ ក្នុង​ឆ្នាំ​២០១៦ តុលាការក្រុង Yangon បានចេញ​សេចក្តីសម្រេច​ថា លោកស្រី ស៊ូ​ជី ជា​ម្ចាស់​កម្មសិទ្ធិ​អគារ​សំខាន់ ខណៈ​អគារ​ផ្សេងៗ​ទៀត និង​ដី​មួយចំនួន​នៅ​ជុំវិញ​នោះ ជា​កម្មសិទ្ធិ​របស់លោក អ៊ូ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក អ៊ុង​សាន អ៊ូ បាន​លើកឡើងថា​៖ «​ការកាត់ក្តី​របស់​តុលាការ​កន្លងមក​គឺមាន​ភាពលម្អៀង ដោយ​តុលាការ​បានផ្តល់​ចំណែក​ឲ្យ​លោកស្រី អ៊ូ​ជី​ច្រើនជាង​ពាក់កណ្តាល​។ ដូច្នេះ​ខ្ញុំ​មិន​ពេញចិត្ត​នោះឡើយ ហើយ​ពេលនេះ​ខ្ញុំ​កំពុង​ដាក់​ស្នើ​លក់​ផ្ទះ​នេះ​តែម្តង​»​។ លោក​អ៊ូ​បានបញ្ជាក់​ទៀតថា លោក​បានអនុញ្ញាត​ឲ្យ​លោកស្រី ស៊ូ​ជី រស់នៅ​ទី​នៅ​អស់​រយៈពេល​ជាង​១២​ឆ្នាំ​មកហើយ​។ 
 
«​វា​មិន​ងាយស្រួល​នោះទេ សម្រាប់​ការចរចា​បែងចែក​ចំណែក​ទ្រព្យសម្បត្តិ​នេះ​។ ខ្ញុំ​ចង់​ឲ្យ​មានការ​ដាក់លក់​ដេញថ្លៃ ហើយ​ខ្ញុំ​ចង់បាន​លុយ​ពាក់កណ្តាល​ដែល​បាន​ពី​ការដាក់​លក់​នេះ​។ នេះ​ជា​វិធី​ងាយស្រួល​បំផុត​»​។ នេះ​ជាការ​អះអាង​របស់លោក​អ៊ូ​សាន អ៊ូ​។​
 
​គួរ​រម្លឹក​ផងដែរ​ថា លោកស្រី ស៊ូ​ជី ត្រូវបាន​របប​សឹក​មី​យ៉ាន់​ម៉ា​ចាប់ឃុំខ្លួន​ក្នុងផ្ទះ​លើកដំបូង​ក្នុង​ឆ្នាំ​១៩៨៩ ហើយ​មេដឹកនាំ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​រូបនេះ​ត្រូវបាន​ក្រុម​យោធា​ដោះលែង​និង​ចាប់​ឃុំ​ជា​បន្តបន្ទាប់ មុននឹង​មានការ​ដោះលែង​ចុងក្រោយ​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១០​។ ក្រោយមក​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD)  របស់​លោកស្រី​បានឈ្នះ​ការបោះឆ្នោត​ថ្នាក់ជាតិ​កាលពី​ឆ្នាំ​២០១៥​។ ដោយសារ​មិនអាច​ក្លាយជា​ប្រធានាធិបតី​ដោយសារ​រដ្ឋធម្មនុញ្ញ​ហាមឃាត់ លោកស្រី​បាន​ដើរតួនាទី​ជា​មេដឹកនាំ​កំពូល​ដោយមាន​តួនាទី​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​៕

 

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com