កីឡាជាតិ
ជាតិ
បុណ្យសមុទ្រនៅកោះកុង មានការសម្តែង និងប្រកួតកីឡា៧ប្រភេទ
× គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) គ្រោងដាក់កីឡាចំនួន៧ប្រភេទឲ្យសម្តែង និងប្រកួតក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងឆ្នាំនេះ។ ចំនួននេះមានការថយចុះបើធៀបនឹងសមុទ្រនៅខេត្តកែបកាលពីឆ្នាំមុន។ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» បានក្លាយជាប្រធានបទនៃពិធីបុណ្យសមុទ្រនៅឆ្នាំនេះ។
ដើម្បីអបអរ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនកុះករឲ្យមកទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុង NOCC ដែលទទួលបន្ទុកផ្នែកកីឡា នឹងដាក់កីឡាចំនួន៧ប្រភេទឲ្យប្រកួត និងសម្តែងនៅឆ្នាំនេះ។ ការប្រកួតនិងសម្តែងកីឡានេះ ក៏ដើម្បីផ្សព្វផ្សាយពីវិស័យកីឡាក្នុងការស្វែងរកការទាក់ទាញពីយុវជនផងដែរ។ កីឡាទាំង៧នោះរួមមាន រត់ប្រណាំង ប្រណាំងកង់ ចំបាប់បុរាណ ប្រដាល់គុនខ្មែរ ទ្រីយ៉ាត្លុង ម៉ូតូទឹក និងទូកក្តោង។
បើធៀបនឹងឆ្នាំមុនចំនួនកីឡាឆ្នាំនេះមានការថយចុះ ខណៈបុណ្យសមុទ្រនៅខេត្តកែបឆ្នាំមុនមានកីឡារត់ប្រណាំង ប្រណាំងកង់ ចំបាប់បុរាណ ប្រដាល់គុនខ្មែរ ប្រដាល់ដាក់ទ្រុង ទ្រីយ៉ាត្លុង ស្គីលើទឹក បាល់ទះឆ្នេរខ្សាច់ ទូកក្តោង រាំអន្តរជាតិ ស្គីបន្ទះក្តារ និងកីឡាថាសហោះ។ ប៉ុន្តែចំនួននេះ អាចមានការប្រែប្រួល។
ក្រៅពីការប្រកួតនិងសម្តែងកីឡាពិធីបុណ្យសមុទ្រធ្វើឡើងក្រោមប្រធានបទ«ឆ្នេរស្អាត ពលរដ្ឋរមណីយ» ក៏មានការតាំងពិព័រណ៍ស្តង់ផលិតផល ការសម្តែងសិល្បៈ ប្រគំតន្ត្រី និងការដើរក្បូនបង្ហាញពីផលិតផល កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលជាផលិតផលសក្តានុពលរបស់ខេត្តកោះកុងជាដើម។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុនសែន នឹងធ្វើជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកោះកុងឆ្នាំនេះ។ បុណ្យសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង និងមួយផ្នែកទៀតនៅរមណីយដ្ឋានវិស្សមកាលតារាសាគរ៕
Tag:
NOCC
បុណ្យសមុទ្រ
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com