ជាតិ
ថ្ងៃនេះ និងថ្ងៃស្អែក តំបន់មាត់សមុទ្រមានខ្យល់បក់ល្បឿនពី១៧ ទៅ១៩ម៉ែត្រក្នុងវិនាទី ទិដ្ឋភាពទឹកជោរ នៅឆ្នេរខេត្តកែប កាលពីពេលកន្លងមក។ រូបថត អុឹង ចំរើន
× ភ្នំពេញ៖ តំបន់មាត់សមុទ្រ មានភ្លៀងធា្លក់ខ្លាំង ខ្យល់បក់មានល្បឿនពី១៧-១៩ម៉ែត្រ ក្នុងមួយវិនាទី ព្រមទាំងមានរលកសមុទ្រកម្ពស់ធំៗ នៅថ្ងៃទី២០-២១តុលា។ ភ្លៀងធា្លក់ខ្លាំង និងខ្យល់បែបនេះ បណ្តាលមកពីកម្ពុជារងឥទ្ធិពលរបស់វិសម្ពាធ(TD) ដែលកើតឡើង និងកំពុងធ្វើដំណើរនៅក្នុងឈូងសមុទ្រថៃ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២០តុលានេះ ក្រៅពីតំបន់មាត់សមុទ្រ ក៏មានតំបន់ទំនាបកណ្តាល ពិសេសខេត្តដែលឋិតនៅតាមបណ្តាយព្រំដែនកម្ពុជា-វៀតណាម អាចនឹងភ្លៀងធា្លក់ពីបង្គួរទៅច្រើន។ ដោយឡែកតំបនខ្ពង់រាប ក៏មានភ្លៀងធ្លាក់ពីតិចទៅបង្គួរផងដែរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានប្រាប់ឲ្យអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយយថាហេតុ៕
Tag:
អាកាសធាតុ
ភ្លៀង
ខ្យល់
មាត់សមុទ្រ
ខ្ពង់រាប
ទំនាបកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com