អន្តរជាតិ
លោក ថាក់ស៊ីន ទទូចឲ្យបក្សមានទំនោរទៅប្រជាធិបតេយ្យរួមគ្នា ផ្តួលបក្សគាំទ្រយោធាពេលបោះឆ្នោត
× អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅតែមានជំនឿមុតមាំថា បក្សនយោបាយដែលមានទំនោរលើលទ្ធិប្រជាធិបតេយ្យថៃនឹងទទួលបានជ័យជម្នះនៅថ្ងៃបោះឆ្នោតជាតិថៃខាងមុខនេះ។ អតីតនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ជ័យជម្នះនេះនឹងកើតឡើងយ៉ាងពិតប្រាកដ ប្រសិនបើបក្សទាំងនោះរួមគ្នាជាធ្លុងមួយ។
«ខ្ញុំគិតថា បក្សមានទំនោរទៅរកប្រជាធិបតេយ្យទាំងអស់រួមគ្នា នឹងឈ្នះអាសនៈជាង៣០០ នៃអាសនៈសរុបទាំងអស់៥០០។ នេះ គឺជាពេលវេលាសម្រាប់អ្នកបោះឆ្នោតដើម្បីបង្ហាញពីសិទ្ធិអំណាចនៃការបោះឆ្នោតក្នុងការបញ្ចប់របបផ្តាច់ការពីរាជាណាចក្រថៃហើយ»។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និយាយបែបនេះនៅថ្ងៃ១៨ ខែតុលា ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងភ្នាក់ងារព័ត៌មាន Kyodo ក្នុងដំណើរទស្សនកិច្ចទៅកាន់ហុងកុង។
អ្នកនយោបាយដែលកំពុងតែរស់នៅនិរទេសខ្លួននៅបរទេសរូបនេះ បានបន្តទៀតថា ពលរដ្ឋថៃ នឹងបោះឆ្នោតឲ្យបក្សដែលមានទំនោរខាងប្រជាធិបតេយ្យ ដ្បិតពួកគេគិតថា វាជាដំណោះស្រាយដ៏ល្អបំផុតក្នុងការធ្វើឲ្យរបបប្រជាធិបតេយ្យវិលត្រឡប់ឡើងវិញ។
លោកអតីតនាយករដ្ឋមន្ត្រី ថ្លែងជាមួយនឹងការជឿជាក់ថា គ្រប់ពេលដែលបក្សទំនោរខាងប្រជាធិបតេយ្យដឹកនាំរដ្ឋាភិបាល ប្រជាជន មានអារម្មណ៍ថា ពួកគេកំពុងតែរស់នៅក្នុងភាពរុងរឿង ហើយពួកគេ ត្រូវការបក្សមួយ ដែលអាចមានដំណោះស្រាយសម្រាប់ការរស់នៅរបស់ពួកគេ មិនមែនបក្សដែលក្តោបក្តាប់អំណាចលើសលប់ដែលមិនអនុញ្ញាតឲ្យប្រជាជនមានសេរីភាពច្រើនពេកនោះ។
សម្រាប់លោក ថាក់ស៊ីន ការបោះឆ្នោតជាតិនៅខែដើមឆ្នាំក្រោយដែលត្រូវបានប្រកាសចុងក្រោយដោយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នាពេលថ្មីៗនេះ នឹងកើតឡើងយ៉ាងពិតប្រាកដ។ ការណ៍ដែលលោក អាចហ៊ានអះអាងបែបនេះ ដ្បិតលោក ដឹងថា លោក ប្រាយុទ្ធ លើកឡើងពីពេលកំណត់នេះទៅកាន់វេទិកាអន្តរជាតិជាច្រើនលើកមកហើយ។ នេះក៏ជាលើកចុងក្រោយដែលលោកប្រាយុទ្ធ ត្រូវរក្សាសម្តីរបស់ខ្លួននោះ។
គួរជម្រាបផងដែរ គិតចាប់ពីឡើងអំណាចតាមរយៈរដ្ឋប្រហារយោធានៅឆ្នាំ២០១៤មក រដ្ឋាភិបាលរបបសឹកថៃ ដែលមានលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា ជាប្រមុខបានសន្យារៀបចំការបោះឆ្នោតជាច្រើនលើកមកហើយ តែត្រូវបានពន្យារជាបន្តបន្ទាប់ ក្រោមហេតុផលថា ប្រទេសមិនទាន់មានសន្តិសុខ និងសណ្តាប់។
បើក្រឡេកទៅមើល អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន វិញ កន្លងមកលោកបានប្រកាសថា លោក នឹងមិនពាក់ព័ន្ធនឹងនយោបាយទៀតឡើយ។ ក៏ប៉ុន្តែថ្មីៗនេះ លោកហាក់ដូចជាសកម្មឡើងវិញទាំងតាមរយៈការផ្តល់សម្ភាសន៍ឲ្យសារព័ត៌មាន និងតាមបណ្តាញសង្គម ក្នុងការរិះគន់របបសឹក៕
Tag:
ថៃ
អាស៊ាន
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com