ជាតិ
កម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូងនៃសន្និសីទ ASCOJA លើកទី២៤ នៅខេត្តសៀមរាប
× សៀមរាប៖ កម្ពុជា តាមរយៈសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន បានទទួលរៀបចំសន្និសីទរបស់ក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានមកពីប្រទេសជប៉ុន(Asean Council of Japan Alumni) លើកទី២៤ ដែលពិធីនេះធ្វើឡើងរយៈពេល៣ថ្ងៃ នៅលើទឹកដីខេត្តសៀមរាប។ គោលបំណងនៃសន្និសីទដ៏ធំនេះ គឺដើម្បីរិតចំណងមិត្តភាពរវាងសមាជិកក្នុងសមាគមអតីតនិស្សិតអាស៊ានដែលបានទៅសិក្សានៅប្រទេសជប៉ុនតាមរយៈវិស័យទេសចរណ៍ ក៏ដូចជាបទពិសោធន៍នៃការងារមួយចំនួនទៀត។
ក្នុងពិធីបើកសន្និសីទនៅព្រឹកថ្ងៃទី២០ តុលា នៅសណ្ឋាគារបុរីអង្គរ ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន លោក វុទ្ធី មុនីរ័ត្ន បានឱ្យដឹងថា គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីរិតចំណងមិត្តភាពរវាងអតីតនិស្សិតដែលធ្លាប់រៀននៅប្រទេសជប៉ុនក្នុងតំបន់អាស៊ាន តាមរយៈវិស័យទេសចរណ៍ ហេតុនេះហើយទើបលោកសម្រេចរៀបចំសន្និសីទនេះនៅទឹកដីខេត្តសៀមរាប។ ក្រៅពីនេះ សន្និសីទនេះក៏បង្ហាញពីមេត្រីភាពរវាងអាស៊ាន និងជប៉ុន និងផ្សព្វផ្សាយពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាតាមរយៈប្រាង្គប្រាសាទ ដែលសិក្ខាកាមមកពីតំបន់អាស៊ានអាចពាំនាំការផ្សព្វផ្សាយល្អៗ បន្តទៅដល់ប្រទេសពួកគេ។
បើតាមការលើកឡើងរបស់លោក វុទ្ធី មុនីរ័ត្ន សន្និសីទរយៈពេល៣ថ្ងៃនេះ គឺផ្តោតលើការងារមួយចំនួនរួមមាន ការចែករំលែកបទពិសោធន៍គ្នារវាងអ្នកជំនាញការប្រទេសក្នុងតំបន់អាស៊ាន អ្នកជំនាញជប៉ុនជុំវិញការងារជួសជុល និងថែទាំប្រាសាទក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន ដូចជាបទពិសោធន៍ការជួសជុលប្រាសាទអង្គរវត្តជាដើម។ល។ នៅថ្ងៃទី៣ អ្នកចូលរួមទាំងអស់នឹងចូលរួមកម្មវិធីដាំកូនឈើមិត្តភាពមួយ ដើម្បីបង្ហាញពីការចូលរួម និងថែរក្សាបរិស្ថានផងដែរ។
តាមការបញ្ជាក់របស់ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន មកដល់បច្ចុប្បននេះមាននិស្សិតខ្មែរជាង ១២០០នាក់ហើយ ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ដោយពួកគេកំពុងបម្រើការក្នុងជួររាជការ និងវិស័យឯកជន។
គួររម្លឹកថា សន្និសីទ ASCOJA លើកទី២៤ មានការចូលរួមពីអតីតនិស្សិតបញ្ចប់ការសិក្សានីសកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុនប្រមាណ ៣០០នាក់ មកពីប្រទេសសមាជិកអាស៊ាន ដោយបច្ចុប្បន្នពួកគេកំពុងបម្រើការងារក្នុងជួររដ្ឋាភិបាល និងវិស័យឯកជនក្នុងប្រទេសកំណើតខ្លួន។ ASCOJA ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៧ ហើយនេះជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជារៀងរាល់ឆ្នាំ សមាគមអតីតនិស្សិតដែលបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុន នៃបណ្ដាប្រទេសសមាជិកអាស៊ាននីមួយៗ តែងរៀបចំប្រារព្ធសន្និសីទនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com