ជាតិ
លោក ហង់ ជួន ណា​រ៉ុ​ន ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដោយផ្ទាល់​
20, Oct 2018 , 3:09 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និង​កីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និង​កីឡា
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១៩ ខែតុលា បានចេញ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុមប្រឹក្សាភិបាល គណៈកម្មការ​ប្រតិបត្តិ និង​គណៈ​គ្រប់គ្រង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​ពង្រឹង និង​បង្កើន​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​ឲ្យ​កាន់តែ​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។

 
​ក្នុង​សេចក្តីសម្រេច​នោះ​មាន លោក​រដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន ផ្ទាល់ ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​។ លោក ចាន់ សុភា ប្រធាន​នាយកដ្ឋាន​បឋមសិក្សា ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ និង​លោក មូល ស៊ុយ​ហេង នាយក​សាលារៀន​ស៊ីសុវត្ថិ ជា​ប្រធាន​គណៈ​គ្រប់គ្រង​។ 
 
​ក្នុងនោះ​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មាន​តួរ​នាទី និង​ភារកិច្ច ផ្តោតទៅលើ​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​។  ដឹកនាំ​ការប្រជុំ ពិនិត្យ និង​អនុម័ត លើ​ផែនការ​អភិវឌ្ឍ ប្រតិបត្តិ​ប្រចាំ​របស់​សាលារៀន របាយការណ៍​វឌ្ឍនភាព របាយការណ៍​ហិរញ្ញវត្ថុ  ដែល​រៀបចំ​ដោយ​គណៈកម្មការ​ប្រតិបត្តិ​។ លើសពីនេះ គ្រប់គ្រង​ទំនាស និង​ដោះ​ស្រោ​យ​បញ្ហា​ផ្សេងៗ​នៅក្នុង​សាលារៀន ដោយមាន​កិច្ចប្រជុំ​ទៀងទាត់​៦​ខែម្តង ព្រមទាំង​មាន​សិទ្ធ បង្កើត​អនុក​ម្មការ​នានា ដើម្បី​គាំទ្រ​ការអនុវត្តន៍​។ 
 
 
​ចំពោះ​គណៈកម្មការ​ប្រតិបត្តិ មាន​ភារកិច្ច និង​តួនាទី ពិនិត្យ និង​ផ្តល់យោបល់ លើ​ផែនការ​អភិវឌ្ឍ និង​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ ដោយ​ដាក់ជូន​ក្រុមប្រឹក្សាភិបាល​អនុម័ត​។ ចាត់ចែង និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ចំណូល​-​ចំណាយ ដោយ​ពិនិត្យ​លើ​តម្រូវ​ការជួសជុល កែលំអ និង​ថែទាំ​អគារ​នានា ដោយមាន​ការចូលរួម​ពី​សិស្ស និង​គ្រូ​។ គណៈកម្មការ​ប្រតិបត្តិ មាន​ភារកិច្ច​បន្ថែមទៀត  រៀបចំ​កាលវិភាគ​វេន​សម្អាត​អនាម័យ  កន្លែង​លក់​ចំណីអាហារ និង​គ្រប់​គ្រង់​កាកសំណល់​ជាដើម​។ 
 
​ដោយឡែក គណៈ​គ្រប់គ្រង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​វិញ មាន​តួនាទី​រៀបចំ​ផែនការ​អភិវឌ្ឍ និង​ប្រតិបត្តិ​ប្រចាំឆ្នាំ នៃ​ដំណើរ​ការសិក្សា​ប្រចាំថ្ងៃ របស់​សាលា​ទាំងស្រុង ទាំង​រដ្ឋបាល ការងារ​បុគ្គលិក  គ្រូបង្រៀន សិស្ស និង​ការគ្រប់គ្រង​-​ប្រើប្រាស់​ថវិកា​៕
 
​ 

Tag:
 អប់រំ​
  ព្រះស៊ីសុវត្ថិ​
  សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com