ជាតិ
អាជ្ញាធរ​កំពុង​សង់ស្ពាន​ឈើ​ថ្មី​ដើម្បី​សម្រួលការ​ទស្សនា​ប្រាសាទបេង​មាលា​
20, Oct 2018 , 10:29 pm        
រូបភាព
​សៀមរាប​៖ ប្រាសាទបេង​មាលា ជា​ប្រាសាទ​មួយ​ដ៏​ទាក់ទាញ និង​មាន​រចនាបថ​ដូច​ទៅនឹង​ប្រាសាទអង្គរវត្ត​ដូច្នោះ​ដែរ​។ ដោយសារ​អាយុកាល បានធ្វើឱ្យ​ប្រាសាទ​នេះ​មាន​ភាព​បាក់បែក​ច្រើន តែ​សម្រាប់​អ្នកស្រាវជ្រាវ គំនរ​ថ្ម​ដែល​នៅ​ជុំវិញ​ប្រាសាទ​នេះ ព្រោះថា​ការសាងសង់​នៅ​សម័យ​នោះ​មិនទាន់​រួចរាល់​។ ដ្បិត​នៅ​ឆ្ងាយ​ពី​ខេត្តសៀមរាប​ប្រមាណ ៨០​គីឡូម៉ែត្រ​យ៉ាងណាក្ដី ក៏​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​មួយចំនួន ជាប់​ចិត្តនឹង​ប្រាសាទ​នេះ ពិសេស​នៅ​រដូវវស្សា ដែលមាន​ទេសភាព​ស្រស់បំព្រង​។ ដើម្បី​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ អាជ្ញាធរ​បានរៀបចំ​សាងសង់​ស្ពានឈើ​ឡើងវិញ​នៅ​ជុំវិញ​ប្រាសាទ​នេះ ដោយហេតុថា​ស្ពាន​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​មិនអាច​ដើរ​តទៅទៀត​។​



 
​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ក្រុមហ៊ុន​លក់​សំបុត្រ ខាំ សា​មេ​ត បាននិងកំពុង​សាងសង់​ស្ពានឈើ​នៅក្នុង​វង់​ទស្សនា​ប្រាសាទបេង​មាលា​សាជាថ្មី​។ តាម​មន្ត្រី​ជំនាញ គម្រោង​នេះ​គឺ​ដើម្បី​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​ដែលមាន​ការ​កើន​ឡើងជា​បន្តបន្ទាប់​។ ស្ពាន​នេះ សង់​ជំនួស​ស្ពាន​ចាស់ ដែល​សង់​តាំងពី​ឆ្នាំ ២០០២ មក​។​
 
​លោក ឈាន រដ្ឋា ប្រធានស្ដីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ស្ពានឈើ​ដែល​ផ្តើម​សាងសង់​ចាប់ពី​ខែ កញ្ញា​មក មាន​ប្រវែង ១៨៣​ម៉ែត្រ ទទឹង​មួយ​ម៉ែត្រ​កន្លះ ក្នុង​ប្រវែង​ស្ពាន​សរុប​ក្នុង​ប្រាសាទ ២៦៣​ម៉ែត្រ​។ តាម​គម្រោង ការដ្ឋាន​សាងសង់​នេះ នឹង​បញ្ចប់​នៅ​ចុងខែ វិច្ឆិកា ឆ្នាំ​២០១៨​។ ឈើ​ដែល​យកមកប្រើ​មាន​ឈើ ផ្ចឹក គគីរ និង​រាំង ដែល​ធន់​នឹង​អាកាសធាតុ​។​
 
​តាម​ការបញ្ជាក់​របស់​លោក ឈាន រដ្ឋា ការដ្ឋាន​នេះ​មានការ​សិក្សា​ច្បាស់លាស់​ពី​អ្នកជំនាញ ដោយ​ធានា​យ៉ាងណា​មិនឱ្យ​ប៉ះពាល់​ថ្ម​ប្រាសាទ​។ គោលបំណង​មួយទៀត​សម្រាប់​ការដ្ឋាន​នេះ គឺ​ការពារ​កុំឱ្យ​ទេសចរ​ដើរ​ជាន់​ថ្ម ការពារ​គ្រោះថ្នាក់​ជាយថាហេតុ​ដែល​ប​ណ្ដា​ល​មកពី​ការ​រអិល​ថ្ម និង​សម្រួល​ដល់​ការ​ទស្សនា ព្រោះថា​ស្ពាន​ថ្មី​នេះ​មាន​ទំហំ​ធំ​ជាមុន​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com