ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឆាំង យុ ចំណាយពេល​ជិត​៨​ឆ្នាំ ទើប​អាច​ទទួល​ឯកសារ​ពី​គ្រួសារ​អតីត​ឧ​ត្ត​ម​សេនីយ៍ ឡេះ កូ​សែម
20, Oct 2018 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក ឡេះ កូ​សែម ជា​អតីត​ឧ​ត្ត​ម​សេនីយ៍ និង​ជា​អ្នក​កាន់​កិច្ចការ​ធំ​ផ្នែក​កងទ័ព​មួយរូប​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​។ ក្នុង​របប​ខ្មែរក្រហម លោក​និង​គ្រួសារ​បាន​ចាក​ចេញពី​កម្ពុជា និង​បាន​ទៅ​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្នុង​ពេលចេញ​ទៅនោះ លោក​បាន​នាំយក​ឯកសារ​ពាក់ព័ន្ធ​នឹង​លោក​ទាំងអស់​ទៅជា​មួយ​។ ដោយសារ​ជាម​នុស្ស​សំខាន់​មួយរូប និង​មិនមាន​ឯកសារ​ពាក់ព័ន្ធ​និយាយ​ពី​លោក ធ្វើឱ្យមាន​ភាព​ចន្លោះប្រហោង​ក្នុង​ប្រវត្តិសាស្ដ្រ​ខ្មែរ ក្នុងនោះ​ក៏មាន​ការបង្កើត​សាច់រឿង​មិនល្អ​ពី​លោក​ក៏​ច្រើន​ដែរ​។ ដើម្បី​ស្រាយ​ប​ន្ទិ​ល​នានា និង​ចង់រក​យុត្តិធម៌​ឱ្យ​ប្តី ភរិយា​លោក ឡេះ កូ​សែម បានសម្រេច​ប្រគល់​ឯកសារ​ទាំងអស់​របស់​ប្តី ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ដើមឆ្នាំ ២០១៨​។ ទម្រាំ​ទទួលបាន​ឯកសារ​ដ៏​មាន​សារសំខាន់​ទាំងនេះ លោក ឆាំង យុ បាន​ប្រើពេល​ជិត ៨​ឆ្នាំ ទើប​គ្រួសារ​លោក ឡេះ កូ​សែម សម្រេច​ប្រគល់​ឯកសារ​ឱ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​រក្សាទុក និង​ចងក្រង​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​អតីត​ឧ​ត្ត​ម​សេនីយ៍​ដ៏​មាន​ឥទ្ធិពល​មួយរូប​នេះ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​

 
 






​អាច​ថា វា​ជា​ដំណឹង​ដ៏​រីករាយ​បំផុត ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ទទួលបាន​ភ្លើង​ខៀវ​ពី​គ្រួសារ​លោក ឡេះ កូ​សែម ដែល​សម្រេច​ប្រគល់​ឯកសារ​ដ៏​មាន​សារសំខាន់​ដល់​ស្ថាប័ន​របស់ខ្លួន​។ ប្រវត្តិសាស្ដ្រ​ដែល​កប់​បាត់​ជិត​៤០​ឆ្នាំ ត្រូវបាន​បើក​កកាយ​តាមរយៈ​ឯកសារ​ទាំងនោះ ដែល​កន្លងមក​ពុំមាន​អ្នក​បានដឹង​ក្រៅពី​គ្រួសារ​អតីត​ឧ​ត្ត​ម​សេនីយ៍​ដ៏​មាន​ឥទ្ធិពល​រូបនេះ​។​


 
​នៅ​ដើមឆ្នាំ​២០១៨ លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ទទួលបាន​ដំណឹង​ដ៏​រីករាយ​បំផុត​ពី​ភរិយា​លោក ឡេះ កូ​សែម ដែល​ប្រាប់​លោក​ថា បានសម្រេច​ប្រគល់​ឯកសារ​ដែល​លោកស្រី​ខំ​រក្សាទុក​ជិត ៤០​ឆ្នាំ និង​ស្រឡាញ់​ដូច​ប្ដី​លោកស្រី ឱ្យមក​លោក​។ លោក ឆាំង យុ នៅចាំ​ថា នៅ​យប់​មួយ​ម៉ោង​ប្រមាណ ១០ លោក​បានទទួល​ទូរ​សព្ទ​ពី​លោកស្រី ម៉ៃ ឌិ​ត​ណា​ជារ ដែល​ប្រាប់​លោក​ថា លោកស្រី​គិត​ច្បាស់​ហើយ ថា​នឹង​ប្រគល់​ឯកសារ​របស់​ប្ដី​លោកស្រី​ឱ្យ​លោក​។​
 
 
​ការសម្រេច​ប្រគល់​ឯកសារ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ព្រោះ​លោកស្រី ម៉ៃ​ឌិ​ត​ណា​ជារ ចង់បង្ហាញ​ភាព​ស្អាតស្អំ​ដល់​ប្តី​លោកស្រី​។ កន្លងមក ដោយសារ​គ្មាន​ឯកសារ​និយាយ​ពី​លោក ឡេះ កូ​សែម មនុស្ស​បាន​បង្កើត​សាច់រឿង​មិនល្អ​ពី​លោក ដូចជា​តួនាទី​ជា​មេបញ្ជាការ​កងទ័ព ដែល​បណ្ដោយឱ្យ​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅ​ខែមេសា ឆ្នាំ ១៩៧៥​ជាដើម​។ មុន​ប្រគល់​ឯកសារ​ទាំងអស់​ដល់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ភរិយា​លោក ឡេះ កូ​សែម បាន​ប្រាប់ថា ឯកសារ​ទាំងអស់​នឹង​ស្រាយ​ប​ន្ទិ​ល​នានា​ដែល​មហាជន​មាន​មកលើ​ប្ដី​របស់​លោកស្រី​។ លោកស្រី ចង់បាន​ភាព​ស្អាតស្អំ​ដល់​ប្ដី ដែល​ស្រឡាញ់​ជាតិ និង​ចំណាយពេល​ស្ទើរ​មួយជីវិត​នៅក្នុង​សមរភូមិ ដែល​លោក​កម្រ​នៅផ្ទះ​ជុំ​គ្រួសារ​។​
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កាលពី​ចុងខែ​កញ្ញា នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ បានឱ្យដឹងថា ឯកសារ​របស់លោក ឡេះ កូ​សែម គឺមាន​ច្រើន ទាំង​ឯកសារ​សរសេរ និង​ឯកសារ​រូបភាព​។ ឯកសារ​ទាំងនោះ គឺ​ដូច​ទៅនឹង​ការិយាល័យ​មួយ​របស់លោក ឡេះ កូ​សែម យ៉ាង​ដូច្នោះ​ដែរ មាន​ឯកសារ​ពាក់ព័ន្ធ​នឹង​កងទ័ព កំណត់ហេតុ ឯកសារ​ទូត​។​ល​។ តាមរយៈ​រូបថត គឺ​បង្ហាញ​ពី​សកម្មភាព​លោក​ចុះ​សមរភូមិ និង​សកម្មភាព​ភាគច្រើន​របស់លោក​ចុះ​សហគមន៍​។​
 
 
​លោក ឡេះ កូ​សែម ត្រូវបាន​គេ​ស្គាល់​ថា ជា​អតីត​ឧត្ដមសេនីយ៍​ដ៏​មាន​ឥទ្ធិពល​មួយរូប​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ និង​ជាម​នុស្ស​ជំនិត​របស់លោក លន់ នល់​។ លោក​កើត​ក្នុង​គ្រួសារ​ពាណិជ្ជករ​នៅ​ក្រុងភ្នំពេញ និង​ជា​និស្សិត​ទាហាន​ឆ័​ត្រ​យោង​នៅ​ប្រទេស​បារាំង​។ លោក​ធ្វើការ​ក្នុង​រាជការ​សម័យ​សង្គមរាស្ដ្រនិយម រហូតដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ​។ លោក​បាន​រៀបការ​ជាមួយ​លោកស្រី ម៉ៃ ឌិ​ត​ណា​ជារ នៅ​ដើមឆ្នាំ ១៩៥៨ និង​មានកូន​ចំនួន ១០​នាក់ (​បច្ចុប្បន្ន​នៅមាន​ជីវិត​ទាំងអស់​)​។ លោក​ជា​ជនជាតិ​ចាម​មួយរូប​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរ ដែលមាន​តំណែង​ខ្ពស់បំផុត​ក្នុង​ជួរ​កងទ័ព ដែល​កាន់​ទ័ព​ច្រើន ហើយ​ទាហាន​ទាំងនោះ​ភាគច្រើន​ជា​ជនជាតិ​ចាម​។ គេ​ក៏​ស្គាល់​លោក​ថា ជា​ប្រធាន​ចលនា FULRO ដែលជា​ចលនា​ដ៏​ធំ​មួយ​របស់​ជនជាតិភាគតិច ក្នុង​បំណង​ដើម្បី​វាយយក​ទឹកដី​ចាម្ប៉ា ដែល​បច្ចុប្បន្ន​នៅ​វៀតណាម​ភាគ​កណ្ដាល​មកវិញ​ផងដែរ​។​
 
​មាន​ហេតុផល​ច្រើន​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចង់បាន​ឯកសារ​របស់លោក ឡេះ កូ​សែម​។ លោក ឆាំង យុ ថា ស្ថាប័ន​របស់លោក​បាន​ធ្វើការ​ជាច្រើន​ជាមួយ​សហគមន៍​ឥស្លាម​នៅ​កម្ពុជា នឹង​តែង​គេ​ដំ​ណា​លពីឈ្មោះ ឡេះ កូ​សែម តែ​ពុំមាន​ឯកសារ​និយាយ​ច្រើន​ទេពី​លោក​។ ជាការ​ចៃដន្យ លោក​ក៏បាន​ជួប និង​ស្គាល់​ភរិយា​លោក ឡេះ កូ​សែម និង​បាន​រាប់អាន​គ្នា ហើយ​បាន​រៀបរាប់​រឿងរ៉ាវ​ជាច្រើន​របស់​ប្ដី​លោកស្រី ប្រា​ប់លោក ឆាំង យុ​។ តាមរយៈ​សំដី​លោកស្រី ម៉ៃ ឌិ​ត​ណា​ជារ ប្ដី​លោកស្រី​បានដឹង​ពី​គោលបំណង​របស់​ខ្មែរក្រហម ថា​នឹង​សម្លាប់​ប្រជាជន​ពេល​គេ​គ្រប់គ្រង​ប្រទេស ហេតុ​ដូច្នេះហើយ ទើប​លោក ឡេះ កូ​សែម បានរៀបចំ​ទ័​ប​ត្រៀម​តទល់ តែ​ត្រូវ​បរាជ័យ ដោយសារ​ភាពមិន​ចុះសម្រុង​គ្នា​ក្នុង​ជួរ​រាជការ​សាធារណរដ្ឋ​ខ្មែរ​។ ចុងក្រោយ គ្រួសារ​លោក ឡេះ កូ​សែម ត្រូវបាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ល្បិចកល​ថា​មាន​កិច្ចប្រជុំ​បន្ទាន់​នៅ​ទីនោះ​។ ការណ៍​នេះ​ធ្វើឱ្យ​លោក​មិនអាច​ងាកក្រោយ​បាន​។​
 
​ឯកសារ​ដែល​គ្រួសារ​លោក ឡេះ កូ​សែម ប្រគល់ឱ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រួមមាន ឯកសារ​រូបថត​ចំនួន ៣,៥៧៣​រូប ឯកសារ​រូបថត​អាល់​ប៊ូ​ម​ចំនួន ៣១២ រូប ឯកសារ​ក្រដាស​ចំនួន ២,២៤១ ស្មើនឹង ៦,៤៩៥ ទំព័រ ឯកសារ​សៀវភៅ​ចំនួន ១៨​ក្បាល និង​សៀវភៅ Booklet ចំនួន ៨៥ ក្បាល​។ សម្រាប់​លោក ឆាំង យុ វា​បានបង្ហាញ​ពី​តម្លៃ​នៃ​ឧ​ត្ត​ម​គតិ​សម្រាប់​សង្គមជាតិ​ទាំងមូល ហើយ​ប្រវត្តិសាស្ដ្រ​ដើរតួ​យ៉ាងសំខាន់​សម្រាប់​បច្ចុប្បន្ន និង​អ​នា​អត​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​រៀបចំ​ចងក្រង​ជា​ឯកសារ​ផ្សេងៗ សម្រាប់​អ្នកស្រាវជ្រាវ និង​សិស្ស​និស្សិត​សិក្សា​ស្វែងយល់ ដើម្បី​ជា​ប្រវត្តិសាស្ដ្រ​មួយ​សម្រាប់​កម្ពុជា​៕

Tag:
 ​ឡេះ កូ​សែម​
  ឆាំង យុ​
  មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com