អន្តរជាតិ
អាជ្ញាធរ​អាកាសចរណ៍​ឥណ្ឌា ស្នើ​ទៅ​ប៉ូលិស កុំ​សូវ​ញញឹម​ដាក់​អ្នកដំណើរ​ពេក​
21, Oct 2018 , 9:59 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ធីតា
​ដើម្បី​វិធានការ​សុវត្ថិភាព មន្ត្រីប៉ូលិស​នៅតាម​បណ្តា​អាកាសយានដ្ឋាន​ក្នុងប្រទេស​ឥណ្ឌា ត្រូវបាន​ស្នើ​ឲ្យ​កាត់បន្ថយ​ការ​ញញឹម​ដាក់​ធ្វើដំណើរ​។ នេះ​ជាការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ផ្នែក​សុវត្ថិភាព​អាកាសចរណ៍​ឥណ្ឌា​។​

 
​យោងតាម BBC លោក Rajesh Ranjan អគ្គនាយក​ផ្នែក​សុវត្ថិភាព​អាកាសចរណ៍​នៃ​កងកម្លាំង​សន្តិសុខ​ឧស្សាហកម្ម​កណ្តាល​ឥណ្ឌា (CISF) បាន​ពន្យល់ថា​៖ «​យើង​មិនត្រូវ​រួសរាយ​ដាក់​អ្នកដំណើរ​ខ្លាំងពេក​នោះឡើយ ព្រោះ​វា​ជាហេតុ​ផល​មួយ​ដែល​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ភេរវកម្ម ១១-​កញ្ញា​។ យើង​ត្រូវតែ​បង្ហាញ​ទឹកមុខ​ម៉ឺងម៉ាត់ ដើម្បី​ផ្តល់​ទំនុកចិត្ត​សម្រាប់​អ្នកធ្វើដំណើរ​»​។ 
 
​កងកម្លាំង​ប៉ូលិស​របស់ CISF ប្រមាណ​១៤៤ ០០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅតាម​អាកាសយានដ្ឋាន​៦០​កន្លែង​ក្នុងប្រទេស​ឥណ្ឌា ដើម្បី​ពង្រឹង​សន្តិសុខ និង​ទប់ស្កាត់​អំពើ​ភេរវកម្ម​។ លោក Rajesh Ranjan បាន​បញ្ជាក់ថា ប៉ូលិស​មិនមែនជា​បុគ្គលិក​ផ្នែក​បម្រើភ្ញៀវ (Customer Service) នោះឡើយ ដូច្នេះ​ពួកគេ​មិនចាំបាច់​ប្រឹង​ញញឹម​ដាក់​អ្នកធ្វើដំណើរ​នោះឡើយ​។​
 
​កន្លងមក អ្នកជំនាញ​ពី​ក្រសួងទេសចរណ៍​ឥណ្ឌា ក៏​ធ្លាប់បាន​បណ្តុះបណ្តាល​មន្ត្រី CISF ពី​របៀប​រាក់ទាក់ និង​ស្វាគមន៍​ភ្ញៀវ​ផងដែរ ប៉ុន្តែ​ក្រោយមក ថ្នាក់ដឹកនាំ CISF យល់ថា ការ​ញញឹម​របស់​មន្ត្រី​ប៉ូលិស នឹង​បណ្តាល​ឲ្យ​មាន​ហា​នី​ភ័យ​ខ្ពស់​។ 
 
​ដោយ​លើកឡើង​ពី​ករណី​ដែល​បាន​កើតឡើង​ពី​ព្រឹត្តិការណ៍ ១១-​កញ្ញា នៅ​សហរដ្ឋអាមេរិក លោក Rajesh Ranjan ដោយសារតែ​មន្ត្រីប៉ូលិស ញញឹម រាក់ទាក់​ដាក់​អ្នកដំណើរ ជាមួយនឹង​ការយោគយល់​ខ្ពស់ និង​មិនបាន​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​នៅ​ប្រទេស​ឥណ្ឌា កាលពី​ប៉ុន្មាន​ឆ្នាំកន្លងមក មន្ត្រីប៉ូលិស​នៅ​ខេត្ត Madhya Pradesh ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​ពិសេស សម្រាប់​ការ​ទុក​ពុកមាត់ ពុកចង្ការ ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​របស់​ពួកគេ​នា​អំឡុង​ប្រតិបត្តិ​ការងារ​៕
 

Tag:
 អាកាសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com