ជាតិ
សម្ដេច ហ៊ុន សែន ធានា​ពី​ការប្រព្រឹត្ត​ទៅដោយ​រលូន​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ASEM ឆ្នាំ​២០២០
20, Oct 2018 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13) នៅ​ឆ្នាំ​២០២០​ខាងមុខ​។ សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា កម្ពុជា​ពិតជា​មាន​កិត្តិយស​ក្រៃលែង ដែល​នេះ​ជាការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ទ្រង់ទ្រាយ​ធំ​លើក​ទី​១ និង​ប្រកប​សារសំខាន់​បំផុត​។​

 
«​កម្ពុជា​នឹង​ខិតខំ​ធ្វើ​កិច្ចការ​ចាំបាច់​គ្រប់យ៉ាង ដើម្បី​ធានា​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ ដូច​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​កន្លងមក ពិសេស​ក្នុងឋានៈ​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប​»​។ នេះ​ជាការ​អះអាង​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សុន្ទរកថា នាពេល​បិទ​បញ្ចប់​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប លើក​ទី​១២ នៅ​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​១៩ ខែតុលា​។​
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បន្ថែមថា កម្ពុជា​ប្តេជ្ញា​ពង្រឹង​ចំណងមិត្តភាព និង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ ដែល​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក រវាង​ប្រទេស​ជា​សមាជិក​ទាំងអស់ ដើម្បី​រួមចំណែក​លើកកម្ពស់​សន្តិ​ភាព និង​សន្តិសុខ​ពិភពលោក ក៏ដូចជា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៃ​របៀបវារៈ​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​។​
 
​កម្ពុជា គឺជា​ប្រទេស​ទី​៤ ក្នុងចំណោម​ប្រទេស​តំបន់​អាស៊ាន បន្ទាប់ពី​ប្រទេស​ថៃ (១៩៩៦) វៀតណាម (២០០៤) និង​ឡាវ (២០១២) ដែល​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ទ្វីប​ទាំងពីរ អាស៊ី អឺរ៉ុប គណៈកម្មាធិការ​អឺរ៉ុប និង​សមាគមន៍​អាស៊ាន​។​
 
​បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) បានរៀបចំ​ចំនួន​១២​លើក​ហើយ ដោយ​ក្នុងនោះ​ធ្វើឡើង​នៅ​ប្រទេស​ថៃ (១៩៩៦) អង់គ្លេស (១៩៩៨) កូរ៉េខាងត្បូង (២០០០) ដា​ណា​ម៉ាក (២០០២) វៀតណាម (២០០៤) ហ្វាំ​ង​ឡង់ (២០០៦) ចិន (២០០៨) បែលហ្ស៊ិក (២០១០) ឡាវ (២០១២) អ៊ីតាលី (២០១៤) ម៉ុង​ហ្គោ​លី (២០១៦) និង​បែលហ្ស៊ិក​ម្តងទៀត នា​ឆ្នាំ​២០១៨​នេះ​។ 
 
​បច្ចុប្បន្ន​ប្រទេស​ដែលជា​សមាជិក ASEM មាន​៥១​ប្រទេស ក្នុងនោះ​មាន អូស្ត្រាលី​, អូទ្រីស​, បង់​ក្លា​ដែ​ស​, បែលហ្ស៊ិក​, ប្រ៊ុយណេ​, ប៊ុលហ្គារី​, កម្ពុជា​, ចិន​, ក្រូ​អាត​, សាធារណរដ្ឋ​ឆែក​, ដា​ណឺ​ម៉ាក​, អេ​ស្តូ​នី​, ហ្វាំ​ង​ឡង់​, បារាំង​, អាល្លឺម៉ង់​, ក្រិ​ក​, ហុង​គ្រី​, ឥណ្ឌា​, ឥណ្ឌូណេស៊ី​, អៀរ​ឡង់​, អ៊ីតាលី​, ជប៉ុន​, កា​ហ្សា​ក់​ស្ថាន​, កូរ៉េខាងត្បូង​, ឡាវ​, ឡេ​តូ​នី​, លី​ទុយ​អា​នី​, លុច​សំបួ​, ម៉ាឡេស៊ី​, ម៉ា​ល់ត៍​, ម៉ុង​ហ្គោ​លី​, មី​យ៉ាន់​ម៉ា​, ហូ​ឡង់​, នូ​វែ​ល​សេ​ឡង់​, ន័​រវេ​ស​, ប៉ា​គី​ស្ថាន​, ហ្វីលីពីន​, ប៉ូឡូញ​, ព័រ​ទុយ​ហ្គា​ល់​, រុស្ស៊ី​, សិង្ហ​បុរី​, ស្លូ​វ៉ា​គី​, ស្លូ​វេ​នី​, អេ​ស្ប៉ា​ញ​, ស៊ុយអែត​, ស្វ៊ី​ស​, ថៃ​, ចក្រភព​អង់គ្លេស និង​វៀតណាម​។ សហភាព​អឺរ៉ុប និង​អាស៊ាន ជា​អង្គការ​ប្រចាំ​តំបន់​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​៕
 

Tag:
 ​ហ៊ុន សែន​
  ASEM
 ​អាស៊ី​-​អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com