ជាតិ
សុខភាព
២៥ខេត្ត/រាជធានី
ក្រចេះ៖ មន្ត្រីជំនាញស្វែងរកអ្នកពុលស្រាបន្ថែមទៀត ខណៈអ្នកស្លាប់កើនដល់៥នាក់ហើយ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល
× អ្នកស្លាប់ដោយសារករណីពុលស្រានៅខេត្តក្រចេះ បានកើនឡើងដល់៥នាក់ហើយ គិតត្រឹមម៉ោង ៣រសៀល ថ្ងៃទី២០ ខែតុលា។ ខណៈដែលអ្នកធូរស្បើយហើយបានត្រឡប់ទៅផ្ទះវិញមានចំនួន ៤២នាក់។ បច្ចុប្បន្នមន្ត្រីសុខាភិបាលកំពុងស្វែងរកប្រជាពលរដ្ឋដែលរស់នៅភូមិដាច់ស្រយាល បន្ថែមទៀតដើម្បីយកមកសង្គ្រោះឲ្យទាន់ពេល។ នេះបើតាមការបញ្ជាក់ពីលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល។
អ្នកស្លាប់បានកើនឡើងដល់៥នាក់ហើយ ដោយសារករណីពុលស្រានៅខេត្តក្រចេះ ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់នោះ មានស្ត្រី១នាក់។ នេះបើតាមរបាយការណ៍គិតត្រឹម ថ្ងៃទី២០ ខែតុលា។ បើតាមលោក លី សុវណ្ណ អ្នករងគ្រោះដោយសារពុលស្រាសរុបមានចំនួ៧៨នាក់ ស្រីចំនួន១៧នាក់ ។ មកដល់ថ្ងៃទី២០នេះ ពលរដ្ឋដែលធូរស្បើយចំនួន៤២នាក់ បានត្រឡប់ទៅផ្ទះវិញផងដែរ។ អ្នករងគ្រោះទាំងនោះត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ដោយមិនមានការចំណាយប្រាក់ឡើយ។
បច្ចុប្បន្នមន្ត្រីក្រសួងសុខាភិបាល បានបន្តស្វែងរកអ្នករងគ្រោះតាមភូមិចំនួន៣ផ្សេងទៀតក្នុងស្រុកសំបូរ។ ភូមិទាំង៣នោះមានដូចជា ភូមិដកព័រ ឧបសម្ព័ន្ធភូមិជើងពាត ឃុំកោះខ្ញែរ ភូមិកោះរៀល ឃុំសំបូរ និងភូមិកំពង់រទេះ ឃុំបឹងចារ និងកោះដាច់ស្រយាលផ្សេងៗដើម្បីធ្វើយ៉ាងជួយសង្គ្រោះពលរដ្ឋពីការពុលស្រាឲ្យបានទាន់ពេល។ នេះបើតាមការអះអាងពីលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល។
អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា ករណីពុលស្រានេះ បណ្ដាលមកពីអ្នកបិតស្រាខុសបច្ចេកទេស ធ្វើឲ្យមានជាតិមេតាណុល។ លោកបញ្ជាក់ថា អាចមកពីករណីមេស្រា ការផ្ងំបាយ និងការបញ្ចេញចំហាយស្រាមិនត្រូវតាមបច្ចេកទេសជាដើម។
លោក លី សុវណ្ណបញ្ជាក់៖ «ការផលិតមិនត្រឹមត្រូវខុសបច្ចេកទេស គឺអាចធ្វើឲ្យមានជាតិមេតាណុលនៅក្នុងស្រា ដែលអាចឲ្យអ្នកពិសារពុល។ មួយទៀតគេយកមេមកលាយតែម្ដង តាមការចង់បានចង់ខ្លាំងចង់ឲ្យអីចឹង តាមគេចង់បាន។ នេះគឺខុសបច្ចេកទាំងអស់»។
យ៉ាងណាអ្នកនាំពាក្យខាងលើអំពាវនាវដល់ពលរដ្ឋដែលបិតស្រាទាំងអស់ ត្រូវជ្រើសរើសមេស្រាណាដែលមានប្រភពច្បាស់លាស់ ចៀសវាងការទិញពីប្រភពមិនច្បាស់លាស់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព។ លោកក៏អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឲ្យមានការត្រួតពិនិត្យលើការនាំចូលមេស្រា និងការបិតស្រាឲ្យមានគុណភាពត្រឹមត្រូវ។
នេះមិនមែនករណីពុលស្រាលើកទី១ឡើយ សម្រាប់ខេត្តក្រចេះ។ ករណីដូចគ្នានេះក៏បានកើតឡើងនៅក្នុងស្រុកចិត្របុរី កាលពីខែឧសភាកន្លងទៅ ដែលបានធ្វើឲ្យពលរដ្ឋ១០នាក់បានស្លាប់ និង១៤០ផ្សេងទៀតត្រូវសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីមួយទៀតនៅក្នុងឆ្នាំ២០១៥ក៏មានករណីពុលស្រាបែបនេះនៅខេត្តក្រចេះផងដែរ ដែលបានបង្កឲ្យពលរដ្ឋ១០នាក់បានស្លាប់ និង១៥០នាក់ផ្សេងទៀតត្រូវសង្គ្រោះនៅមន្ទីរពេទ្យ៕
Tag:
សុខាភិបាល
ពុលស្រា
© រក្សាសិទ្ធិដោយ thmeythmey.com