កីឡាជាតិ
ជាតិ
សាលី អ៊ូមើត ត្រូវប្រជែងជាមួយម្ចាស់មេដាយមាសអាស៊ីមកពីប្រទេសផ្សេងៗនៅបុណ្យសមុទ្រឆ្នាំនេះ កីឡាករ សាលី អ៊ូម៉ើត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនខ្មែរអ៊ិស្លាមនៅអាកាសយានដ្ឋានអន្តរជាតិ
× ខេត្តកោះកុងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រក្រោមប្រធានបទ«ឆ្នេរស្អាត ពលរដ្ឋរមណីយ» នៅឆ្នាំនេះ ចន្លោះពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨។ ដើម្បីអបអរ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តនេះកាន់តែច្រើនសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិនៅខេត្តកោះកុង ដែលមានប្រទេសនៅតំបន់អាស៊ានជាច្រើនចូលរួម។
លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបាននិយាយថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាម៉ូតូទឹកលក្ខណមិត្តភាពអន្តរជាតិក្នុងថ្ងៃបុណ្យសមុទ្រនៅខេត្តកោះកុង នាខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ លោកអះអាងថា នេះជាការប្រកួតមួយដ៏អស្ចារ្យ ដោយមានការចូលរួមពីម្ចាស់មេដាយមាសកីឡាអាស៊ីកីឡាករ សាលី អ៊ូមើត និងម្ចាស់មេដាយមាសអាស៊ីមកពីប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ាន។
«សហព័ន្ធនឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិនៅបុណ្យសមុទ្រក្នុងខេត្តកោះកុង ដោយមានប្រទេសជាច្រើនចូលរួមដូចជា ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌា។ យើងនឹងព្យាយាមរៀបចំឲ្យមានការប្រកួតរវាងម្ចាស់មេដាយមាសអាស៊ីរបស់យើង គឺកីឡាករ អ៊ូម៉ើត ជាមួយម្ចាស់មេដាយមាសអាស៊ីមកពីប្រទេសដទៃទៀត»។ នេះជាការបញ្ជាក់របស់លោក ណុះ ស្លេះ។
ក្រៅពីចង់បង្ហាញពីការប្រកួតមួយដ៏អស្ចារ្យប្រកបដោយបច្ចេកទេសកម្រិតខ្ពស់រវាងម្ចាស់មេដាយមាសអាស៊ីកម្ពុជា និងប្រទេសដទៃ ការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកទស្សនាខេត្តកោះកុង ក៏ជាគោលបំណងនៃការរៀបចំការប្រកួតនេះដែរ។ បន្ថែមលើនេះ គឺដើម្បីអបអរពិធីបុណ្យសមុទ្រនៅខេត្តកោះកុងឆ្នាំនេះ ឲ្យកាន់តែមានភាពអធិកអធមថែមទៀត។
ប្រធានសហព័ន្ធខាងលើរំពឹងថា តាមរយៈព្រឹត្តិការណ៍ប្រកួតមិត្តភាពអន្តរជាតិខាងលើ នឹងជួយឲ្យមហាជនពិសេសយុវជនស្គាល់កីឡាទើបបង្កើតថ្មីនេះកាន់តែច្បាស់ ពិសេសជួយទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តកោះកុងកាន់តែច្រើនថែមទៀត។
ពិធីបុណ្យសមុទ្រឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ«ឆ្នេរស្អាត ពលរដ្ឋរមណីយ» រៀបចំនៅទីរួមខេត្តកោះកុង ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨។ នេះជាលើកទី២ហើយ ដែលខេត្តកោះកុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ពោលគឺខេត្តនេះធ្លាប់ធ្វើម្ចាស់ផ្ទះម្តងរួចមកហើយកាលពីឆ្នាំ២០១៤។ ពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ ធ្វើឡើងក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុនសែន៕
Tag:
ម៉ូតូទឹក
សាលី អ៊ូមើត
បុណ្យសមុទ្រ
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com