ជាតិ
វិមាននយោបាយឈ្នះ-ឈ្នះ នឹងសម្ពោធជាផ្លូវការ នៅចុងខែធ្នូ ឆ្នាំ២០១៨
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។ កម្មវិធីសម្ភោធនឹងធ្វើឡើងក្នុងឱកាសអបអរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យលើនយោបាយឈ្នះ-ឈ្នះ។
យោងតាមសេចក្ដីសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ គណៈកម្មការអន្តរក្រសួងនេះ មានសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន និងអនុប្រធាន៥រូប គឺលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងសមាជិក៦៣រូបទៀត។
វិមានឈ្នះ-ឈ្នះ គឺជានិមិត្តរូបនៃសុខសន្តិភាពកម្ពុជា និងជាតឹកតាងចេញពីនយោបាយឈ្នះ-ឈ្នះ ក្រោយការបញ្ចប់សង្គ្រាមស៊ីវិលឆ្នាំ១៩៩៨។ វិមានឈ្នះ-ឈ្នះ ត្រូវបានសាងសង់ឡើងក្នុងខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងផ្ទៃដី៨ហិកតា មានកម្ពស់៥៤ម៉ែត្រ និងទទឹង៣៦ម៉ែត្រ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការសាងសង់វិមានឈ្នះ-ឈ្នះ គឺដើម្បីរំឭកគុណដល់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ វិមាននេះ នឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ៕
Tag:
សង្គម
វិមានឈ្នះ-ឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com