កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជា​កីឡាករ​ទីមួយ​ដែល​ស៊ុត​បញ្ចូល​ទី​៤០០​គ្រាប់​ក្នុង​លី​គ​កំពូលៗ​នៅ​អឺរ៉ុប​
21, Oct 2018 , 7:29 pm        
រូបភាព
Ronaldo រកបាន៨៤គ្រាប់ឲ្យ Man Utd ៣១១គ្រាប់ឲ្យ Real និងពេលនេះ៥គ្រាប់ឲ្យ Juventus សម្រាប់ការប្រកួតក្នុងលីគ។ រូបថត AFP
Ronaldo រកបាន៨៤គ្រាប់ឲ្យ Man Utd ៣១១គ្រាប់ឲ្យ Real និងពេលនេះ៥គ្រាប់ឲ្យ Juventus សម្រាប់ការប្រកួតក្នុងលីគ។ រូបថត AFP
ដោយ: រួបរួម
Juventus ខកខាន​ក្នុង​ការដណ្តើម​ជ័យជម្នះ​លើកដំបូង​ក្នុង​ក្របខណ្ឌ Serie A ក្រោយ​ភ្ញៀវ Genoa តាម​ស្មើ ១-១ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ គ្រាប់​បាល់​បញ្ចូល​ទី​បើកឆាក​របស់ Cristiano Ronaldo សម្រាប់​ក្រុម​ម្ចាស់ផ្ទះ បាន​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ ទទួលបាន​កំណត់ត្រា​ក្នុងនាម​ជា​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​រហូតដល់​៤០០​គ្រាប់​នៅក្នុង​លី​គ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​។​

 
​ក្របខណ្ឌ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប រួមមាន Premier League, La Liga, Serie A, Bundesliga និង Ligue 1 ដែល​ក្នុងនោះ Ronaldo បាន​ប្រកួត​អាជីព​នៅ​អង់គ្លេស អេ​ស្ប៉ា​ញ និង​អ៊ីតាលី​។ គ្រាប់​បាល់​បញ្ចូល​ទី​បើកឆាក​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​នៅ​នាទី​១៨ ក៏​ជា​គ្រាប់​ទី​៥​ផងដែរ​របស់ Ronaldo សម្រាប់​ការប្រកួត​ឲ្យ Juventus ក្នុង​ក្របខណ្ឌ Serie A​។​
 
​ការ​បាន​៥​គ្រាប់​បន្ថែម​នៅ Serie A បូក​ជាមួយ ៨៤​គ្រាប់​នៅ Manchester United នៃ​ក្របខណ្ឌ Premier League និង​៣១១​គ្រាប់​សម្រាប់ Real Madrid នៃ​ក្របខណ្ឌ La Liga នាំ​ឲ្យ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ រកបាន​សរុប​៤០០​គ្រាប់​សម្រាប់​ការប្រកួត​ក្នុង​លី​គ​អាជីព​កំពូលៗ​នៅ​អឺរ៉ុប​។​
 
​កំណត់ត្រា​នេះ នាំ​ឲ្យ Ronaldo មាន​១០​គ្រាប់​លើស Lionel Messi ដែល​បច្ចុប្បន្ន​រកបាន​៣៩០​គ្រាប់​នៅក្នុង La Liga ក្នុងនាម​ជា​កីឡាករ​របស់ Barcelona៕

Tag:
 Ronaldo
  Juventus
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com