កីឡាជាតិ
ជាតិ
ក្រុមបាល់ទាត់​អាណាចក្រ​បៃតង​លើក​ពាន​សម្តេច ហេង សំរិន ជា​លើក​ទី​២
21, Oct 2018 , 1:59 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​អាណាចក្រ​បៃតង​បន្ត​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហេង សំរិន ប្រចាំឆ្នាំ​២០១៨ ក្រោយ​យកឈ្នះ​ក្រុម ធី​អិន​កណ្តាល ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែតុលា នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រុម​ពិស្ណុការ បាន​យកឈ្នះ​យុវជន​បៃតង​ក្នុង​លទ្ធផល ៤-២ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។​

 
​ក្រោយ​យកឈ្នះ​ក្រុម​ធី​អិន​កណ្តាល យ៉ាង​ប្រផិតប្រផើយ ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ជួយ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​អាណាចក្រ​បៃតង បន្ត​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហេង សំរិន ជា​លើក​ទី​២​។ ខណៈ​កាល​លើក​ទី​១ ក្រុម​ដឹកនាំ​ដោយ​លោក ហៅ សុជាតិ មួយ​នេះ បាន​យកឈ្នះ​យុវជន​មុ​ស្លី​ម​ក្នុង​លទ្ធផល​ប្រផិតប្រផើយ ២-១ ដូចគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​


 
​ក្រុម​ជើងឯក​អាណាចក្រ​បៃតង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៣២​លាន​រៀល និង​ថវិកា​សម្តេច ហេង សំរិន ដែល​នាំយកមក​តាមរយៈ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ចំនួន​២​ពាន់​ដុល្លារ​។ ចំណែក​ក្រុម​លេខ​២​ធី​អិន​កណ្តាល​ទទួលបាន​២០​លាន​រៀល និង​ថវិកា​សម្តេច ហេង សំរិន ចំនួន​១​ពាន់​ដុល្លារ​។​
 
​ក្រុម​លេខ​៣​ពិស្ណុការ ដែល​យកឈ្នះ​យុវជន​បៃតង ៤-២ ទទួលបាន​ថវិកា​លើក​ទឺ​ក​ចិត្ត​ចំនួន​១៤​លាន​រៀល​និង​ថវិកា​១​ពាន់​ដុល្លារ​ពីស​ម្តេច ហេង សំរិន​។ ក្រុម​នេះ​ក៏​ទទួលបាន​ថវិកា​លើកទឹកចិត្ត​បន្ថែម​៦​លាន​រៀល​ផងដែរ ក្រោយ​ពួកគេ​ជាប់​ជា​ក្រុម Fair Play​។ 


 
​កីឡាករ​ជើងចាស់ នុត ស៊ីនួន របស់​ក្រុម​ធីអិនកណ្ដាលទទួលបាន​ពាន​ស្បែកជើង​មាស ក្រោយ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ខណៈ​កីឡាករ ហាន់ មាន របស់​អាណាចក្រ​បៃតង​ទទួលពាន​ស្រោមដៃ​មាស​ក្នុងនាម​ជា​អ្នកចាំទី​ល្អ​។ ពាន​លក្ខណៈ​ឯកជន​របស់​កីឡាករ​ទាំងពីរ​គ្មាន​ថវិកា​លើកទឹកចិត្ត​នោះទេ​។ ក្រៅពីនេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ពានរង្វាន់​ស​ម្តេច ហេង សំរិន បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១,៦០០,០០០​រៀល ដល់​ក្រុម​អាជ្ញាកណ្តាល​ល្អ​។​
 
​នា​ពិធី​បិទ​ការប្រកួត​កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ លោក វង សូត មានប្រសាសន៍ថា​៖«​ការប្រកួត​តែងតែមាន​ឈ្នះ​និង​ចាញ់ ទោះជា​យ៉ាងណា​ក្រុម​ទាំង​២១​បាន​ប្រកួត​ក្នុង​ស្មារតី​សាមគ្គីភាព មិត្តភាព ភាតរភាព និង​ការទទួលខុសត្រូវ​ជា​អតិបរមា​គួរ​ឲ្យ​កោតសរសើរ​»​។ 



​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជំរុញ​ឲ្យ​ក្រុម ដែល​ទទួលបាន​ជ័យជម្នះ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក និង​ការពារ​តំណែង​ជើងឯក​នៅ​ឆ្នាំក្រោយៗ​ទៀត​។ ចំណែក​ក្រុម​ដែល​មិន​ទទួលបាន​ជ័យជម្នះ លោក ជំរុញ​កុំ​ឲ្យ​បាក់​ទឹកចិត្ត និង​បន្ត​ការខិតខំ​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព ដើម្បី​ប្រជែង​ដណ្តើម​ជើងឯក​នៅលើ​ក​ក្រោយ​។ 
 
​សម្រាប់​លោក វង សូត ពានរង្វាន់​ពាក់កណ្តាល​អាជីព​មួយ​នេះ មិន​ត្រឹមតែ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ផ្តល់ឱកាស​ឲ្យ​យុវជន​បានបង្ហាញ​សមត្ថភាព និង​ផ្តល់​ឲ្យ​កីឡាករ​ជើងចាស់​បាន​ចែករំលែក​បទពិសោធ​ដល់​យុវជន​ជំនាន់​ក្រោយ​ថែម​ទៀតផង​។ លើសពីនេះ វា​បាន​ចូលរួមចំណែក​ក្នុង​សកម្មភាព​ជួយ​សង្គម តាមរយៈ​ការជួយ​ឲ្យ​យុវជន​ងាក​មកលេង​កីឡា ហើយ​បោះបង់​អំពើ​អបាយមុខ​ផ្សេងៗ​៕  
   
 

Tag:
 ​វង សូត​
  អាណាចក្រ​បៃតង​
  Heng Samrin Cup
© រក្សាសិទ្ធិដោយ thmeythmey.com