ជាតិ
ក្នុងឆ្នាំ២០១៧ មន្ទីរពេទ្យកុមារអង្គរមានជំងឺសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់ ជិត១៨ពាន់នាក់
× សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរ បានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី២របស់ខ្លួន ដែលប្រធានបទនៅឆ្នាំនេះ ផ្តោតលើ «ការសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់»។ ប្រធានបទនេះមានសារសំខាន់ដល់សិក្ខាកាមដែលមកពីបណ្តាពេទ្យរដ្ឋ និងឯកជនដើ ម្បីស្វែងយល់ និងសិក្សាពីបទពិសោធន៍ការសង្គ្រោះបន្ទាន់ និងព្យាបាលជំងឺធ្ងន់កុមារ។ សម្រាប់មន្ទីរពេទ្យកុមារអង្គរ ក្នុងឆ្នាំ២០១៧កន្លងទៅ មន្ទីរពេទ្យនេះបានទទួលព្យាបាលកុមារផ្នែកជំងឺសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់មានជិត ១៨ពាន់នាក់។
ប្រធានមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ដ្រា បានលើកឡើងក្នុងសន្និសីទប្រចាំឆ្នាំលើកទី២របស់ខ្លួនថា ប្រធានបទនៅឆ្នាំនេះពិតជាមានសារសំខាន់ ព្រោះរាល់ថ្ងៃមន្ទីរពេទ្យលោកទទួលព្យាបាលកុមារជំងឺធ្ងន់ធ្ងរ និងសង្គ្រោះបន្ទាន់ជាច្រើន។ ហើយសន្និសីទនេះ លោកជឿជាក់ថា វានឹងរួមចំណែកចែករំលែកបទពិសោធន៍ការព្យាបាលផ្នែកជំងឺនេះដល់គ្រូពេទ្យផ្សេងៗទៀតដែលមកពីបណ្ដាខេត្តក្រុងមួយចំនួន ដើម្បីសិក្សា និងស្វែងយល់ផងដែរ។
ក្នុងសន្និសីទដែលធ្វើឡើងនៅសណ្ឋាគារសុខា សៀមរាប នៅព្រឹកថ្ងៃទី២០ តុលា លោក ងួន ច័ន្ទភក្ដ្រា បានឱ្យដឹងទៀតថា មន្ទីរពេទ្យកុមារអង្គរបានបង្កើតផ្នែកសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់នៅឆ្នាំ ២០០៤ និងត្រូវបានកែលម្អឡើងវិញនៅឆ្នាំ ២០១៥ ដើម្បីលើកម្ពស់គុណភាពនៃការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ និងផាសុកភាពរបស់អ្នកជំងឺ។ លោកបន្ថែមថា ក្នុងឆ្នាំ២០១៧កន្លងទៅ ផ្នែកសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់ បានផ្តល់ការព្យាបាលដល់កុមារជិត ១៨ពាន់នាក់ ក្នុងនោះផ្នែកសង្គ្រោះបន្ទាន់ ប្រមាណ ១៧ពាន់នាក់ និងផ្នែកជំងឺធ្ងន់ ប្រមាណ ១ពាន់នាក់។ សម្រាប់ជំងឺធ្ងន់ ដែលភាគច្រើននៃជំងឺនេះរួមមាន រលាកស្រោមខួរ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ គ្រុនឈាម បង្ករោគក្នុងឈាម ការថែទាំក្រោយវះកាត់ ឆ្កែខាំ និងគ្រោះថ្នាក់ចរាចរណ៍។ល។
ក្នុងសន្និសីទលើកទី២ ក្រោមប្រធានបទ «ការសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់» លោក ងួន ច័ន្ទភក្ដ្រា បញ្ជាក់ថា ធ្វើឡើងក្នុងបំណងចែករំលែកបទពិសោធន៍ ចំណេះដឹងជំនាញ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈពាក់ព័ន្ធនឹងការរៀបចំបង្កើតផ្នែកនេះ ពិសេសការកំណត់រោគសញ្ញានៃជំងឺធ្ងន់ធ្ងររបស់ទារក និងកុមារ របៀបនៃការថែទាំព្យាបាលទារក និងកុមារ ដែលមានការតក់ស្លុត ការរងរបួស ការរលាក ការពុល និងការសង្គ្រោះសម្រាប់ជំងឺគាំងបេះដូង ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណៈភាពទារក និងកុមារ តាមរយៈការផ្តល់ការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ និងបន្តជានិច្ច។
លោកវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា នៃក្រសួងសុខាភិបាល បានកោតសរសើរចំពោះមន្ទីរពេទ្យកុមារ ដែលមានម្ចាស់ការក្នុងការរៀបចំសន្និសីទវេជ្ជសាស្ដ្រកុមារមកដល់ឆ្នាំទី២នេះ។ សម្រាប់លោកវេជ្ជបណ្ឌិត សន្និសីទនេះមិនអាចធ្វើទៅបានទេ ប្រសិនបើគ្មានទុនគ្រប់គ្រាន់ពាក់ព័ន្ធនឹងការព្យាបាលត្រឹមត្រូវ ធនធានមនុស្ស ឯកសារពាក់ព័ន្ធនឹងការព្យាបាលអ្នកជំងឺ និងការសិក្សាលើជំងឺទៀងទាត់។ល។ សម្រាប់ការព្យាបាលផ្នែកជំងឺធ្ងន់ និងសង្គ្រោះបន្ទាន់ លោកវេជ្ជបណ្ឌិតមើលឃើញថា គ្រូពេទ្យខ្មែរមានលទ្ធភាពច្រើនក្នុងការជួយកុមារ ពិសេសមន្ទីរពេទ្យជំនាញផ្នែកកុមារ ដូចមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម។
ជាមួយគ្នានេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សានៃគណៈគ្រូពេទ្យជាតិកម្ពុជា លោក ធា គ្រុយ ក៏បានក្រើនរំលឹកដល់គ្រូពេទ្យទាំងអស់ ទាក់ទងនឹងក្រមសីលធម៌ វិជ្ជាជីវៈ និងការវិនិច្ឆ័យរោគផងដែរ។ លោកសង្កត់ធ្ងន់ថា គ្រូពេទ្យទាំងអស់ ត្រូវព្យាបាលកុមារឱ្យដូចព្យាបាលកូនចៅខ្លួនឯង និងត្រូវមានក្រមសីលធម៌ល្អ។ ទោះបច្ចុប្បន្ន ចំណុចនេះមានការពង្រឹងបានល្អយ៉ាងណាក្ដី តែលោកទទួលស្គាល់ថា នៅមានចំណុចខ្វះខាតនៅឡើយ។ តែយ៉ាងណា លោកស្នើសុំឱ្យអ្នកជំងឺព្យាយាមយល់ពីគ្រូពេទ្យ ឬយល់ពីគ្នាទៅវិញទៅមក ព្រោះថាពេលខ្លះមានជំងឺច្រើនធ្វើឱ្យពេទ្យខ្លះហត់នឿយក៏មាន។ បែបនេះក្ដី ក្នុងនាមជាគ្រូពេទ្យ លោក ធា គ្រុយ មិនលើកទឹកចិត្តឱ្យគ្រូពេទ្យបង្ហាញអាកប្បកិរិយាឆ្គាំឆ្គងទៅលើអ្នកជំងឺឡើយ គឺពួកគេគួរតែទន់ភ្លន់ មាំទាំ ហ្មត់ចត់ សមរម្យដល់អ្នកជំងឺជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com