ជាតិ
​សម្តេច ហ៊ុន សែន​៖ សហប្រតិបត្តិការ​កម្ពុ​ជា​-​តួ​ក​គី នឹង​កាន់តែ​ឈានឡើង ពេល​កម្ពុជា​បើក​ទូត​នៅ​អង់កា​រ៉ា​
21, Oct 2018 , 2:06 pm        
រូបភាព
ប្រភពរូបភាព៖ ហ្វេសប៊ុស សម្ដេច ហ៊ុន សែន
ប្រភពរូបភាព៖ ហ្វេសប៊ុស សម្ដេច ហ៊ុន សែន
ដោយ:
​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នៅមានកម្រិត​នៅឡើយ បើទោះបីជា​តួ​ក​គី បាន​ស្ថានទូត​របស់ខ្លួន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០១៣​មក​ក៏ដោយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ នឹង​ឈាន​ទៅមុខ បន្ទាប់ពី​កម្ពុជា បើក​ទូត​របស់ខ្លួន​នៅ​ក្រុង​អង់កា​រ៉ា នា​ឆ្នាំ​២០១៩ ខាងមុខ​។​

 
​ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​តួ​ក​គី ដែល​ធ្វើឡើង​នៅ​ទីក្រុង​អី​ស្តង់​ប៊ុល សាធារណរដ្ឋ​តួ​ក​គី សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា តួ​ក​គី បាន​បើក​ស្ថានទូត​នៅ​កម្ពុជា​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ខណៈ​កម្ពុជា​គ្រោង​បើក​ស្ថានទូត​របស់ខ្លួន​នៅ​អង់កា​រ៉ា នា​ឆ្នាំ​២០១៩ ខាងមុខ ដែល​ត្រូវ​ជួប​ខួប​លើក​ទី​២៥​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ សម្ដេច​បាន​បញ្ជាក់ថា​៖«​ការបើក​ស្ថានទូត​កម្ពុជា នៅ​តួ​ក​គី​នឹង​ជួយ​ពង្រឹង​និង​ពង្រីក សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ឈានឡើង​មួយកម្រិត​ទៀត​»​។​
 
​នា​ជំនួប​ពិភាក្សា​ជាមួយ លោក ប៊ី​ណា​លី យី​ដី​រី​ម (Binali Yidirim) ប្រធានរដ្ឋសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​តួ​ក​គី សម្តេច ហ៊ុន សែន បាន​ពន្យល់ថា​៖ «​កម្ពុជា​មិន​ជួល​ទីតាំង​ស្ថានទូត​ទេ ប៉ុន្តែ​កម្ពុជា​ចង់​មាន​ស្ថានទូត​ខ្លួនឯង ដែលជា​ការចាក់​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​រយៈពេល​វែង ដោយ​តាមរយៈ​ការទិញ​ដី និង​ផ្ទះ​សម្រាប់​ស្ថានទូត​។ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​គាំពារ​ទៅវិញទៅមក​ដោយ​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ឈានទៅដល់​ការចុះ​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ពី​តួ​ក​គី ហើយ​នេះ​ជា​ចំណុច​ទាមទារ​ពី​សហគមន៍​ស​ន្ទ​ស្ស ទាំង​កម្ពុជា​-​តួ​ក​គី​ចង់បាន​ផងដែរ​»​។​
 
​សម្ដេច​បាន​គូសបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​តួ​គី នៅមាន​ទំហំ​តិចតួច​នៅឡើយ​។ នៅក្នុង​ក្របខណ្ឌ​នៃ​ការវិនិយោគ​ការអភិវឌ្ឍ​នេះ រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុ​ម័គ​ម្រោ​ង​វិនិយោគ ដែលមាន​ដើមទុន​សរុប​ចំនួន​ប្រមាណ ៤៧០០​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក គម្រោង​វិនិយោគ​របស់​តួ​ក​គី នៅ​កម្ពុជា​មានតែ​៣​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ១១​លាន​ដុល្លា​អាមេរិក​ប៉ុណ្ណោះ​និង​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕
 
 
 
 

Tag:
 ហ៊ុន សែន​-​កិច្ចសហប្រតិបត្តិការ​-​កម្ពុជា​-​តួ​ក​គី​-​ផលប្រយោជន៍​
© រក្សាសិទ្ធិដោយ thmeythmey.com