ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក រៀម មុនី​ស៊ី​ឡុ​ង ច្នៃ​កាកសំណល់​ផ្ទះបាយ​ជា​រូប​សិល្បៈ​ប្រាប់​សារ​ឱ្យ​យុវជន​ស្គាល់​ពី​តម្លៃ​សំរាម​
22, Oct 2018 , 8:59 am        
រូបភាព
​សៀមរាប​៖ លោក រៀម មុនី​ស៊ី​ឡុ​ង ជា​វិចិត្រករ​មួយ​ដែល​បាន​ច្នៃ​សំរាម ឬ​កាកសំណល់​ផ្ទះបាយ​ជា​រូប​សិល្បៈ​។ សំរាម​ដែល​លោក​ច្នៃ​នោះ មានដូចជា​ថង់​ប្លា​ស្ទីក សំរាម​សរីរាង្គ ស្រកាត្រី សំបកខ្យង​ខ្ចៅ​ជាដើម​។ តាម​ការលើកឡើង​រប​ស់លោក ស៊ី​ឡុ​ម កាកសំណល់​ផ្ទះបាយ​ប្រមាណ ៨០​ភាគរយ ដែល​អាច​ច្នៃ​ជា​រូប​សិល្បៈ​បាន ប៉ុន្តែ​គំនូរ​នេះ ទាមទារ​ឱ្យមាន​ការអត់ធ្មត់ និង​ប្រើពេល​យូរ​បន្ដិច​ទើប​អាចធ្វើ​រូប​មួយៗ​បាន​។ សារសំខាន់​ដែល​លោក​បង្កប់​ក្នុង​គំនូរ​ទាំងនេះ គឺ​លោក​ចង់​ប្រាប់​ឱ្យ​យុវជន​ស្គា​ល់ពី​តម្លៃ​សំរាម និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទីក​ដែល​វា​បាននិងកំពុង​បំពុលបរិយាកាស និង​ភពផែនដី​យ៉ាងខ្លាំង​ក្លា​។​



 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក រៀម មុនី​ស៊ី​ឡុ​ង វិចិត្រករ​ដែល​ច្នៃ​កាកសំណល់​ផ្ទះបាយ​ជា​រូប​សិល្បៈ​នៅ​ក្រុង​សៀមរាប ដូចតទៅ​

 
 
​លោក រៀម មុនី​ស៊ី​ឡុ​ង ចាប់ផ្តើម​ច្នៃ​កាកសំណល់​ផ្ទះបាយ ឬ​សំរាម ជា​រូប​សិល្បៈ​ផ្សេងៗ នៅ​អំឡុង​ឆ្នាំ​២០០៩​។ លោក​រម្លឹកថា អ្វីដែល​ធ្វើឱ្យ​លោក​កើត​គំនិត​កែច្នៃ​នេះ​ឡើង ដោយសារ​លោក​ធ្លាប់​ពុល​សំរាម​។ លោក ស៊ី​ឡុ​ង មាន​អា​ការៈឈឺ​ក្បាល​ជាខ្លាំង​ពេលដែល​គ្រួសារ​លោក​បាន​ដុត​សំរាម​នៅមុខ​ផ្ទះ តែ​លោក​មិនទាន់​ដឹងថា​អាកា​រៈ​នោះ​បណ្តាលមកពី​អ្វី​ឡើយ​។ លើក​ទី​២ រំលង​មួយ​សប្ដាហ៍​ក្រោយ​ម្ដង ក៏មាន​ការដុត​សំរាម​មុខផ្ទះ​ជាថ្មី ម្ដងនេះ​ធ្វើឱ្យ​លោក​មាន​បញ្ហា​ពងបែក​លើ​ស្បែក ទើប​លោក​សន្ម​ត់​ថា លោក​បាន​ពុល​សំរាម​។​


 
​ដូច្នេះ​ដើម្បី​បញ្ជៀ​សប​ញ្ហា​នេះ​ជាថ្មី ក៏ដូចជា​កាត់បន្ថយ​ការបំពុល​បរិស្ថាន​តទៅទៀត លោក​បានចាប់ផ្តើម​ច្នៃ​សំរាម​ជា​រូប​សិល្បៈ​។ យ៉ាងណា លោក​ធ្លាប់​បោះបង់​វា​ម្ដង​កាលពី​ឆ្នាំ ២០១៣ នៅពេលដែល​រូប​សិល្បៈ​ទាំងនេះ​មិនសូវមាន​អ្នកគាំទ្រ​។ សំណល់​ផ្ទះបាយ ដែល​លោក​យកមក​ច្នៃ​រួមមាន ស្រកាត្រី សំបកខ្យង​ខ្ចៅ សំរាម​សរីរាង្គ ស្លឹកឈើ ថង់​ប្លា​ស្ទីក សំបក​ដប​ទឹក​សុទ្ធ​។​ល​។ ការសម្អាត​វត្ថុ​ទាំងនេះ ត្រូវ​ប្រើពេល​យូរ និង​ទម្រាំ​បាន​រូប​មួយៗ លោក ស៊ី​ឡុ​ម ប្រើពេល​ចាប់ពី​១​សប្ដាហ៍ ទៅ​២ ឬ​៣​ខែ​ក៏មាន តាម​ទំហំ​រូប​។​


 
​រូប​សិល្បៈ​ដែល​លោក ស៊ី​ឡុ​ម ធ្លាប់ធ្វើ និង​លក់​មានតម្លៃ​ចាប់ពី​១០​ដុល្លារ រហូតដល់​ជាង ២​ពាន់​ដុល្លារ​ក៏មាន​។ ហើយ​ភាគច្រើន​ភ្ញៀវ​ដែល​គាំទ្រ​ស្នាដៃ​នេះ គឺ​អឺរ៉ុប តែ​បច្ចុប្បន្ន ទីផ្សារ​គំនូរ​នេះ​មានការ​គាំទ្រ​ទាំង​អឺរ៉ុប និង​អាស៊ី​មួយចំនួន​ផងដែរ​។​
 
​សម្រាប់​លោក ស៊ី​ឡុ​ម សំណល់​ផ្ទះបាយ​ពី​៧០ ទៅ​៨០​ភាគរយ ដែល​អាច​យកមក​កែច្នៃ​បានជា​វត្ថុ​មាន​ប្រយោជន៍​បាន​។ សារសំខាន់​សម្រាប់​ការកែច្នៃ​របស់លោក គឺ​ចង់ឱ្យ​ពលរដ្ឋ​ស្គាល់​ពីសារ​ប្រយោជន៍​រប​ស់​សំរាម ពិសេស គឺ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទីក ដែលជា​មូលហេតុ​មួយ​បំផ្លាញ​ស្រទាប់ផែនដី និង​បំពុល​បរិ​យា​កាល​៕

Tag:
 រៀម មុនី​ស៊ី​ឡុ​ម​
  គំនូរ​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com