ជាតិ
បណ្ឌិត វង់ សុធារ៉ា៖ ស្ដេចចក្រពត្តិនៅសម័យអង្គរជាស្ដេចមានទសពិធរាជធម៌
× ភ្នំពេញ៖ បាឋកថាប្រចាំខែតុលា ដែលរៀបចំដោយពុទ្ធសាសនបណ្ឌិត្យ កាលពីព្រឹកថ្ងៃទី១៩ខែតុលានេះ លើកឡើងអំពីភស្តុតាងជាច្រើនដែលបង្ហាញថា ស្តេចចក្រពត្តិក្នុងសម័យអង្គរ ជាព្រះមហាក្សត្រដែលមានទសពិធរាជធម៌ ស្រឡាញ់ប្រជាសាស្ត្រដូចជាកូនចៅរបស់ទ្រង់។
ភស្ដុតាងនៅតំបន់ប្រវត្តិសាស្ត្រជាច្រើន ទាំងនៅកម្ពុជា និងនៅប្រទេសជិតខាង រួមទាំងឯកសារស្រាវជ្រាវជាច្រើនទៀតផង ដែលបណ្ឌិត វង់ សុធារ៉ា បានស្រាវជ្រាវ បង្ហាញថា ព្រះមហាក្សត្រនៅសម័យអង្គរ បានពង្រីកអំណាចរបស់ខ្លួន វាតទីទឹកដីរហូតទៅទល់នឹងសមុទ្រទិសទាំងបួន ប្រកបដោយទសពិធរាជធម៌។
ប្រធានដេប៉ាដឺម៉ងប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត វង់ សុធារ៉ា បានបញ្ជាក់ថា តាមរយៈការសិក្សាស្រាវជ្រាវរបស់លោក រយៈពេលប្រមាណ៥ឆ្នាំ បានរកឃើញភស្ដុតាងជាច្រើន ដែលបង្ហាញថា ព្រះមហាក្សត្រនៅសម័យអង្គរជាស្តេចចក្រពត្តិ។
ស្តេចចក្រពត្តិមានន័យថា ស្ដេចដែលញ៉ាំងចក្រឱ្យប្រព្រឹត្តទៅបាន។ ជាបរមក្សត្រដែលមានបុណ្យអំណាចដ៏ពន្លឹក។ ជាម្ចាស់លើទ្វីបក្នុងពិភពលោក ទ្រង់ប្រព្រឹត្តសុចរិតធម៌ និងទសពិធរាជធម៌ខ្ជាប់ខ្ជួនមិនមានល្អៀង ហើយអាចប្រដៅពួកមនុស្សឲ្យប្រព្រឹត្តល្អផង។ បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថា យូរៗណាស់ទើបមានស្ដេចចក្រពត្តិម្ដង។
ការធ្វើបាឋកថានេះ បណ្ឌិត វង់ សុធារ៉ា ចង់បង្ហាញពីអំណាចស្តេចចក្រពត្តិ ក្នុងសម័យអង្គរ ដើម្បីជាឯកសារស្រាវជ្រាវមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវផ្សេងៗទៀត។ ឯកសារដែល លោក សុធារ៉ា ថាវាមានសារសំខាន់សម្រាប់ក្មេងជំនាន់ក្រោយ គឺពួកគេអាចសិក្សាដើម្បីបានជាគំនិតពិចារណាក្នុងការធ្វើអ្វីមួយនោះ។
បណ្ឌិត វង់ សុធារ៉ា ក៏បានលើកទឹកចិត្តឲ្យមានការប្រើពាក្យស្តេចចក្រពត្តិ ជៀសជាងប្រើពាក្យស្តេចចក្រវាល ព្រោះពាក្យចក្រពត្តិមានន័យពេញលេញនិងល្អផង ដែលជាពាក្យចាស់បុរាណតែងប្រើ។ លោក សុធារ៉ា ក៏ជំរុញឱ្យយុវវ័យយកចិត្តទុកដាក់សិក្សារឿងវប្បធម៌របស់ដូនតា ដើម្បីទុកជាការពិចារណា បានវែងឆ្ងាយផងដែរ។
បណ្ឌិត វង់ សុធារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖«ការសិក្សានេះបានបង្ហាញពីអំណាចរបស់ស្ដេចចក្រពត្តិកាលសម័យអង្គរ។ ទ្រង់វាតទីទឹកដីទៅដល់ណា ប្រជាជននិងអ្នកគ្រប់គ្រង ឬស្ដេចនៅប្រទេសនោះ ព្រមចុះចូលដោយខ្លួនឯង។ វាបង្ហាញឱ្យឃើញថា ព្រះមហាក្សត្រនៅសម័យអង្គរស្រឡាញ់ និងគិតគូរពីសុខទុក្ខរបស់រាស្ត្រដូចជាកូនចៅរបស់ទ្រង់។ ខ្ញុំគ្រាន់តែចង់ឲ្យក្មេងជំនាន់ក្រោយ សិក្សាពីប្រវត្តិរបស់ដូនតា ដើម្បីធ្វើអ្វីមួយកុំឱ្យវាដាច់ឆ្ងាយពីគ្នាពេក»៕
Tag:
ប្រវត្តិសាស្ត្រខ្មែរ
ស្រាវជ្រាវ
សិលាចារិក
វង់ សុធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com