អន្តរជាតិ
លោក ត្រាំ នឹងដកអាមេរិកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរមធ្យមជាមួយរុស្ស៊ី
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែតុលា បានបញ្ជាក់ថា អាមេរិកមានផែនការដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរជាមួយរុស្ស៊ី ដែលត្រូវបានចុះហត្ថលេខាតាំងពីសម័យសង្គ្រាមត្រជាក់មក។ លោក ត្រាំ ចោទរុស្ស៊ីថា ជាអ្នកបំពានសន្ធិសញ្ញានេះ។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិក ធ្វើឲ្យក្រុងមូស្គូខកចិត្តខ្លាំង ហើយរិះគន់លោក ត្រាំ ថា កំពុងអនុវត្តនយោបាយបំផ្លាញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយចង់ធ្វើជាមហាអំណាចតែម្នាក់ឯង។
ដោយទម្លាក់កំហុសលើរុស្ស៊ី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា អាមេរិកនឹងដើរចេញពីសន្ធិសញ្ញានុយក្លេអ៊ែរចម្ងាយមធ្យម (INF) ។ សន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ១៩៨៧ ដោយប្រធានាធិបតី រ៉ូណាល់ រីហ្គេន និងមេដឹកនាំសហភាពសូវៀត មីខាអ៊ីល ហ្គ័របាឆូវ នៅអាមេរិក។ ការដើរចេញរបស់អាមេរិក នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ីដែលកំពុងល្អក់កករខ្លាំងនោះ នឹងកាន់តែយ៉ាប់យ៉ឺនថែមទៀត ខណៈសញ្ញាវិលទៅរកប្រក្រតីភាពនៅតែគ្មានដដែល។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានពីរដ្ឋ Nevada ថា អាមេរិកបានគោរព និងស្ថិតនៅក្នុងសន្ធិសញ្ញានេះ ប៉ុន្តែរុស្ស៊ីមិនបានគោរពឡើយ ដូចនេះអាមេរិកនឹងបោះបង់កិច្ចព្រមព្រៀងនេះ ហើយដើរចេញទៀតផង។ ដោយចោទរុស្ស៊ីថា បានបំពានសន្ធិសញ្ញា INF រាប់សិបឆ្នាំមកហើយនោះ លោក ត្រាំ ក៏ងឿងឆ្ងល់ហេតុអ្វីអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា មិនតវ៉ា ឬដើរចេញ ហើយរដ្ឋបាលលោកនឹងមិនអនុញ្ញាតឲ្យរុស្ស៊ីបំពានកិច្ចព្រមព្រៀងនេះ ឬផលិតអាវុធដែលអាមេរិកត្រូវបានហាមឃាត់ឡើយ។
តាមពិតទៅ រដ្ឋបាលោក ត្រាំ បានតវ៉ានឹងរុស្ស៊ីចំពោះការពង្រាយមីស៊ីលធុន 9M729 ដែលអាចរត់ចម្ងាយច្រើនជាង៣១០ម៉ាយល៍ ដែលនោះបានបំពានសន្ធិសញ្ញា INF ដែលហាមមីស៊ីលទាំងឡាយណាដែលរត់ដល់គោលដៅប្រវែងពី៣១០ម៉ាយល៍ទៅ៣៤០០ម៉ាយល៍។ សន្ធិសញ្ញា INF នេះបានជួយបញ្ចប់វិបត្តិចាប់ផ្ដើមពីទសវត្សរ៍១៩៨០ ដែលកាលនោះ រុស្ស៊ីបានពង្រាយមីស៊ីលបំពាក់នុយក្លេអ៊ែរ SS-2០ ដែលជាមីស៊ីលចម្ងាយមធ្យមអាចបាញ់ដល់រដ្ឋធានីនានារបស់លោកខាងលិច។
បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីក្រសួងការបរទេសរុស្ស៊ីបានចោទអាមេរិកថា កំពុងអនុវត្តនយោបាយសំដៅកម្ទេចរាល់កិច្ចព្រមព្រៀងទាក់ទងអាវុធនុយក្លេអ៊ែរ។ លើសពីនោះ មន្ត្រីក្រុងមូស្គូក៏រិះគន់ទៀតថា ការសម្រេចចិត្តដកខ្លួននេះ ជាផ្នែកមួយនៃនយោបាយរបស់ក្រុងវ៉ាស៊ីនតោនក្នុងការដើរចេញពីកិច្ចព្រមព្រៀងផ្នែកច្បាប់ទាំងឡាយដែលផ្ដល់ឲ្យភាគីហត្ថលេខីនូវការទទួលខុសត្រូវស្មើគ្នាលើខ្លួន និងដៃគូរបស់ខ្លួន ហើយក៏ប៉ះពាល់គំនិតដែលអាមេរិកអាចរួចខ្លួនពីកាត្វកិច្ចនានា។
ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ គឺលោក ចន ប៊ូលតុន ដែលមានជំហរតឹងរ៉ឹងដាក់រុស្ស៊ី ជាអ្នកបញ្ចុះបញ្ចលឲ្យប្រធានាធិបតិអាមេរិករូបនេះដើរចេញពី INF ។ លើសពីនោះ លោក ប៊ូលតុន ក៏បានរារាំងការចរចាណាមួយដើម្បីបន្តសុពលភាពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ START ដែលនឹងផុតកំណត់នៅឆ្នាំ២០២១ ។ START ជាសន្ធិសញ្ញារវាងអាមេរិក និងរុស្ស៊ី ដែលហាមឃាត់មីស៊ីលយុទ្ធសាស្ត្ររបស់មហាអំណាចទាំងពីរ៕
Tag:
អាមេរិក
រុស្ស៊ី
INF
© រក្សាសិទ្ធិដោយ thmeythmey.com