អន្តរជាតិ
គ្រោះថ្នាក់រថភ្លើងផ្សេងគ្នា សម្លាប់មនុស្សជាង៥០នៅឥណ្ឌា និងដំរី២ក្បាលនៅស្រីលង្កា
× មនុស្សជាង៥០នាក់នៅភាគខាងជើងឥណ្ឌា បានស្លាប់កាលពីថ្ងៃសុក្រ ដោយសារតែរថភ្លើងល្បឿនលឿនមួយបុក នាអំឡុងពេលដែលពួកគេទស្សនាកាំជ្រួចក្នុងពិធីបុណ្យសាសនាហិណ្ឌូ។ នៅចុងសប្តាហ៍នេះដែរ ករណីគ្រោះថ្នាក់រថភ្លើងពីរលើកកើតនៅស្រីលង្កា ដែលបណ្តាលឲ្យដំរី២ក្បាលងាប់ និង១ក្បាលរងរបួស។
នៅថ្ងៃសុក្រ មនុស្សជាច្រើននាក់បាននាំគ្នាឈរមើលកាំជ្រួចនៅលើផ្លូវរថភ្លើងនៅក្រុង Amritsar នៃរដ្ឋ Punjab ក្នុងឱកាសនៃពិធីបុណ្យ Dussehra ក្នុងសាសនាហិណ្ឌូ។ បើតាមការផ្សាយរបស់ AFP នៅមុនការបុករះរបស់រថភ្លើងក្នុងល្បឿនដ៏លឿននោះ ជនរងគ្រោះ មិនទទួលបានសញ្ញាអាសន្នណាមួយនោះឡើយ។
មន្ត្រីប៉ូលិសអះអាង ការមិនឮនោះ គឺដោយសារតែភាពអ៊ូអររបស់ហ្វូងមនុស្សក្នុងកម្មវិធីបុណ្យសាសនាហិណ្ឌូនោះ។ មនុស្សជាង៥០នាក់ បានស្លាប់ ហើយជាច្រើននាក់ទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានានៅក្នុងទីក្រុង។
លោក Amarinder Singh រដ្ឋមន្ត្រីប្រចាំរដ្ឋ Punjab បានបញ្ជាឲ្យមានការស៊ើបអង្កេត និងប្រកាសផ្តល់ថវិកាប្រមាណ៦៨០០ដុល្លារអាមេរិក ដល់រាល់គ្រួសារជនរងគ្រោះដែលបានស្លាប់ និងណែនាំឲ្យមន្ទីរទាំងអស់យកចិត្តទុកព្យាបាលអ្នករបួស។
ដោយឡែកនៅជាយក្រុងកូឡុំបូ ប្រទេសស្រីលង្កា រថភ្លើងពេលយប់មួយ បានបុកដំរីពីរក្បាលនៅតំបន់ Ambanpola ដែលមានចម្ងាយ១៥០គីឡូម៉ែត្រពីក្រុងកូឡុំបូ ដែលបណ្តាលឲ្យដំរីមួយងាប់ និងមួយទៀតរបួស។ ករណីគ្រោះថ្នាក់មួយទៀត ក៏បានកើតឡើងផងដែរនៅ Palugaswewa ចម្ងាយ១៦០គីឡូម៉ែត្រពីក្រុងកូឡុំបូ ដោយរថភ្លើងបានធ្លាក់ផ្លូវ ហើយទៅបុកដំរីមួយក្បាលងាប់។
វាជាគ្រោះថ្នាក់ដដែល ដោយកាលពីពីរសប្តាហ៍មុន ដំរី៣ក្បាលហើយ ដែលត្រូវរថភ្លើងបុកងាប់នៅស្រីលង្កា។ ស្រីលង្កា រងនូវការរិះគន់យ៉ាងខ្លាំងពីបទព្រងើយកន្តើយក្នុងការការពារសត្វដំរី ជាពិសេសការស្វែងរកទីជម្រកសមរម្យសម្រាប់ពួកវា ដោយជានិច្ចកាលតែងតែរងគ្រោះដោយសារមនុស្ស និងរថភ្លើង៕
© រក្សាសិទ្ធិដោយ thmeythmey.com