ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី ប្រកាស​ជំហរ​រៀងខ្លួន ថា​ឈប់​ច​រចា​ជាមួយគ្នា
22, Oct 2018 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​មកដល់ពេលនេះ វប្បធម៌​សន្ទនា កាន់តែ​ឃ្លាត​ឆ្លា​យ​ពី​អ្នកនយោបាយ​ខ្មែរ​។ ព្រោះតែ​ចង់​ឈ្នះ​គ្នា​ជា​លក្ខណ​បុគ្គល ពួកគេ បានបង្ហាញ​ឥរិយាបថ​រឹងត្អឹង​ដាក់គ្នា រហូតដល់ថ្នាក់ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​ថា នឹងមិន​ចរចា​ជាមួយគ្នា​ឡើយ​។​

 

 
​ស្របពេល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈ​ប្រតិ​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​នៅ​បែលហ្ស៊ិក និង​នៅ​តួ​ក​គួ ហើយ​ត្រៀម​បន្ត​ហោះ​ទៅ​ប្រជុំ​នៅ​ស្វី​ស លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងមាន​វត្តមាន​នៅ​ទីនោះ​ស្រាប់ ក៏​ប្រមូល​កម្លាំង​អ្នកគាំទ្រ ឲ្យ​ទៅធ្វើ​បាតុកម្ម​។ លើសពីនេះ អតីត​ប្រធាន​គណបក្សប្រឆាំង ថែមទាំង​ប្រើពាក្យ​សម្តី​វាយប្រហារ​លើ​មេដឹកនាំ​កម្ពុជា​សព្វបែបយ៉ាង​ផងដែរ​។      
 
​ក្រៅពី​វាយប្រហារ​តាម​ពាក្យសម្តី លោក សម រង្ស៊ី ឆ្លៀត​ប្រកាស​ទុកជាមុន​ថា លោក ក៏ដូចជា​គណបក្សប្រឆាំង លែង​ចរចា​ជាមួយ​សម្តេច ហ៊ុន សែន ទៀតហើយ​។ លោក សម រង្ស៊ី និយាយ​នៅក្រៅ​ប្រទេស​ថា សម្តេច ហ៊ុន សែន ជាម​នុស្ស ដែល​និយាយ​លែង​យល់​គ្នា​ហើយ ដូច្នេះ​ទុក​ឲ្យ​ប្រធាន​គណបក្សកាន់អំណាច​រូបនេះ ទៅ​ចរចា​និង​ដោះស្រាយ​ជាមួយ​សហគមន៍​អន្តរជាតិ​វិញ​។​
 
​ប្រធាន​គណបក្សកាន់អំណាច ហួសចិត្ត​មិន​ស្ទើរ​ទេ នៅពេលដែល​ឮ​អតីត​ប្រធាន​គណបក្សប្រឆាំង ប្រកាសថា​មិន​ចរចា​ជាមួយ​ខ្លួន ទាំង​ដែល​ខ្លួន មិនដែល​នឹង​បង្ហាញ​បំណង​ចរចា​សូម្បីតែ​បន្តិច​។ ជា​ឆ្លើយតប មេដឹកនាំ​កម្ពុជា មិន​ត្រឹមតែ​មិន​ចង់​ចរចា​នោះទេ តែ​ថែមទាំង​ផ្តាំ​ទៅ​លោក សម រង្ស៊ី វិញ​ថា កុំ​ឲ្យ​ផ្ញើ​សារ​សុំ​ចរចា​ឲ្យ​សោះ​។  
 
«​ខ្ញុំ​សូម​ឲ្យ​អ្នកឯង កត់ត្រា​ឲ្យ​ច្បាស់​ថា អ្នកឯង​កុំមក​សូម​ខ្ញុំ​ចរចា​។ បើ​អ្នកឯង​សុំ​ខ្ញុំ​ចរចា សូម​ឲ្យ​រន្ទះបាញ់​»​។ នេះ​ជាស​ម្តី​របស់​នាយករដ្ឋមន្ត្រី​ ដែល​ផ្តាំ​ទៅ​លោក សម រង្ស៊ី ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅក្នុង​ប្រទេស​តួ​ក​គី​។ 
 
​ទោះជា​ប្រកាស​មិន​ចរចា​ក្តី  តែ​លោក សម រង្ស៊ី នៅតែ​ទាមទារ​ឲ្យ​មេដឹកនាំ​កម្ពុជា បន្ទន់ឥរិយាបថ ដោយ​បញ្ឈប់​ការកៀបសង្កត់​លើ​គណបក្សប្រឆាំង ហើយ​ងាក​មក​គោរព​សិទ្ធិមនុស្ស​។ លោក លើកឡើងថា បើ​មិនប្រញាប់​សម្រួល​ស្ថានការណ៍​ឲ្យ​ល្អប្រសើរ​នោះទេ កម្ពុជា នឹងរង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តជាតិ ជាពិសេស ការព្រមាន​របស់​សហ​ភាព​អឺរ៉ុប ក្នុង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ 
 
​យ៉ាងណាក៏ដោយ មេដឹកនាំ​កម្ពុជា នៅតែ​បង្ហាញ​ភាពរឹងមាំ​របស់ខ្លួន ដោយ​មិន​ព្រួយបារម្ភ​នឹង​ការដាក់ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ឡើយ រួមទាំង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផងដែរ​៕ 
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  វប្បធម៌​សន្ទនា
© រក្សាសិទ្ធិដោយ thmeythmey.com