ជាតិ
UN ប្រចាំកម្ពុជា អញ្ជើញសាធារណជនទាំងអស់ពិសេសយុវជន ឲ្យចូលរួមទិវា UN DAY
22, Oct 2018 , 12:22 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា សូមអញ្ជើញសាធារណជនទាំងអស់ ជាពិសេសយុវជន ចូលរួមដោយសេរី នៅក្នុងទិវាអង្គការសហប្រជាជាតិ (UN DAY) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែតុលានេះ។  ឆ្នាំ២០១៨នេះ ទិវា UN day នឹងរៀបចំឡើងក្រោមក្រោមប្រធានបទ«លើកកម្ពស់នវានុវត្តន៍ថ្ងៃនេះ ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ»។

 
ទិវាអង្គការសហប្រជាជាតិ (UN day) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៤ ខែតុលា។ ទិវា UN day នឹងរៀបចំនៅ Factory Phnom Penh ដែលស្ថិតនៅអគារលេខ ១១៥៩ តាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
 
នេះជាទីតាំងដែលត្រូវប្រារព្ធទិវា UN Day
 
 
 
ក្រៅតែពីការជំរុញឲ្យយុវជនខ្មែរ ចូលរួមអបអរទិវារំលឹកខួបការបង្កើតអង្គការសហប្រជាជាតិ ​កម្មវិធី UN day នៅឆ្នាំនេះ ក៏ដើម្បីផ្តល់ឱកាសជាពិសេស ដល់យុវជនកម្ពុជាដែលប្រកបដោយថាមពល និងគំនិតច្នៃប្រឌិត បានទទួលចំណេះដឹង និងព័ត៌មានបន្ថែម អំពីគោលដៅអភិវឌ្ឍដោយចីរភាព(SDGs) និងបានស្វែងយល់ពីសកម្មភាពនានា ដែលអង្គការសហប្រជាជាតិ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ក្រុមសហគ្រិន និងបណ្តាដៃគូដទៃទៀត បាន និងកំពុងអនុវត្តនៅកម្ពុជា។ លើសពីនេះ ពួកគេនឹងទទួលបានការកម្សាន្តជាច្រើន និងការទស្សនាការបង្ហាញស្នាដៃរបស់យុវជនឆ្នើមៗ អំពីគម្រោងជ័យលាភីរបស់ពួកគេ ស្តីពីយុទ្ធនាការផ្សព្វផ្សាយពត៌មាន និងឃោសនា អំពីគោលដៅអភិវឌ្ឍដោយចីរភាព ទៅប្រជាជនកម្ពុជាផងដែរ។ 
 
រដ្ឋមន្ត្រីក្រសួង​អប់រំ​ លោក ហង់ ជួន ណា​រ៉ុ​ន​ និងតំណាង​អង្គការជាច្រើនដែល​រួមមាន UNDP,UN Women,UNESCO,WFP,WHO,UNICEF,UNV, និង​FAO​ជាដើម នឹង​អញ្ជើញ​ជា​វាគ្មិន​នៅក្នុង​ព្រឹត្តិការណ៍នេះ។ ​ក្រៅពីនេះ យុវជន​ឆ្នើមៗ​មួយចំនួនដែលជា​សិស្ស​នៅ​វិទ្យាល័យ និង​សិស្ស​មហាវិទ្យាល័យ ​ក៏នឹងចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់ពួកគេ ​លើការជ្រើសជំនាញសម្រាប់អនាគត​,ការធ្វើ​ការ​​ក្នុង​ផ្នែក​ជីវចម្រុះ និង​ប​​ការយល់ដឹង​ពី​អាហារូបត្ថម្ភ​នៅ​កម្ពុជា​ជាដើម​។​ 
 
​ដូច្នេះសូមកុំភ្លេច ចូលរួមដោយសេរី នៅក្នុងទិវាអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលាជាមួយយើងទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ព័ត៌មាន ក៏ដូចជាការកម្សាន្តដ៏សម្បូរបែប៕
 

© រក្សាសិទ្ធិដោយ thmeythmey.com