អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត​រង​សម្ពាធ​កាន់​ខ្លាំង​ជុំវិញ​ករណី​ឃាតកម្ម​អ្នកកាសែត Kashoggi
22, Oct 2018 , 2:03 pm        
រូបភាព
អ្នកសារព័ត៌មាន Jamal Kashoggi ដែលជាអ្នករិះគន់រជ្ជទាយាទ MbS (រូបភាព AFP)
អ្នកសារព័ត៌មាន Jamal Kashoggi ដែលជាអ្នករិះគន់រជ្ជទាយាទ MbS (រូបភាព AFP)
​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​រង​សម្ពាធ​កាន់តែខ្លាំង​មែនទែន​ហើយ​លើ​ករណី​ឃាតកម្ម​អ្នកសារព័ត៌មាន Jamal Khashoggi ក្នុង​ស្ថាន​កុងស៊ុល​ខ្លួន​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​របស់​តួ​ក​គី​។ ក្រោយ​បដិសេធ​ជាច្រើន​ថ្ងៃ ក្រុង​រី​យា​ដ​ក៏​សារភាពថា លោក Khashoggi បាន​ស្លាប់​ក្នុងការ​វាយតប់ ដែល​នោះ​ជា​កំហុស​ដ៏​ធំ​មួយ ហើយ​ខ្លួន​ក៏​ព្យាយាម​លាក់បាំង​ទៅទៀត​។ នៅ​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​ដំបូង​ជឿ​សម្ដី​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​ប្ដូរ​ជំហរ​វិញ ខណៈ​ប្រទេស​តំបន់​អឺរ៉ុប​ចង់បាន​ការបញ្ជាក់​ឲ្យ​កាន់តែច្បាស់​លើ​ករណីនេះ​។​

 
​ករណី​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន Jamal Khashoggi បាន​ក្លាយជា​ខ្មោច​ដំរី​ដែល​យក​ចង្អេរ​បាំង​លែង​ជិត​ទៅហើយ​។ បន្ទាប់ពី​បាន​សារភាពថា អ្នកសារព័ត៌មាន​រប​ស់កា​សែត Washington Post ពិតជា​ស្លាប់​ក្នុង​កុងស៊ុល​របស់ខ្លួន​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​មក​នោះ អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​ព្យាយាម​បង្ហាញ​ការសោកស្ដាយ​របស់ខ្លួន​ចំពោះ​ករណីនេះ ប៉ុន្តែ​ក៏​ប្រឹងប្រែង​ការពារ​រជ្ជទាយាទ Mohammad bin Salman ដែល​រង​ការ​ចោទថា នៅ​ពីក្រោយ​រឿងនេះ​។​
 
​ទោះជា​ទទួលកំហុស​ក្ដី រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត Adel al-Jubeir នៅ​ថ្ងៃទី​២១ ខែតុលា និយាយថា ក្រុង​រី​យ៉ា​ដ​មិនដឹង​ពី​កន្លែង​ដាក់​សាកសព​របស់លោក Kashoggi ឡើយ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News លោក al-Jubeir បញ្ជាក់ថា ពីដំបូង មេដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​ជឿថា លោក Kashoggi បាន​ចាក​ចេញពី​កុងស៊ុល​ទៅហើយ ប៉ុន្តែ​ក្រោយ​ទទួល​របាយការណ៍​ពី​តួ​ក​គី ទើប​ដឹងថា អ្នកសារព័ត៌មាន​រូប​នេះ​ពិតជា​ស្លាប់​ក្នុង​កុងស៊ុល​មែន​។​
 
​ប្រមុខ​ការទូត​អា​រ៉ា​ប៊ី​សា​អូឌីត​ចាត់ទុក​ករណី​ឃាត​កម្មនេះ ជា​កំហុស​ដ៏​ធំ ហើយ​ជា​កំហុស​ធ្ងន់ធ្ងរ​ពេល​ខ្ល័ន​ប៉ុនប៉ង​លាក់បាំង ប៉ុន្តែ​មិន​ប៉ះពាល់​ទំនាក់ទំនង​អាមេរិក​ឡើយ ស្របពេល​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​មិន​លើកលែង​ឲ្យ​អ្នក​នៅ​ពីក្រោយ​ឡើយ​។ លោក​ក៏​មិន​ភ្លេច​លើកឡើងថា រជ្ជទាយាទ​ដែល​គេ​ស្គាល់​ជាទូទៅ​ថា MbS នោះ មិនបាន​ពាក់ព័ន្ធ​ក្នុងករណីនេះ​បន្តិច​ឡើយ ទោះ​ជាមាន​របាយការណ៍​ជាច្រើន​បាន​ភ្ជាប់​ជនសង្ស័យ​ទៅនឹង​សមាជិក​ក្រុម​សន្តិសុខ​របស់​ទ្រង់​ក្ដី​។ 
 
​លោក ត្រាំ ថា អា​រ៉ា​ប៊ី​សា​អូឌីត​កុហក 
 
​ក្នុង​សំណុំ​កក្រើក​មួយ​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន​វិញ បន្ទាប់ពី​លោក​បាន​ជឿជាក់​លើ​សម្ដី​របស់​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ Washington Post លោក ត្រាំ ដែល​កំពុង​រង​សម្ពាធ​ពី​អ្នកនយោបាយ​ក្នុងស្រុក​ឲ្យ​ដាក់​សម្ពាធ​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​នោះ បាន​ចោទថា អា​រ៉ា​ប៊ី​សា​អូឌីត​បាន​កុហក​ពី​ការស្លាប់​របស់លោក Kashoggi ប៉ុន្តែ​លោក​នៅតែ​ជឿជាក់​លើ​ព្រះអង្គម្ចាស់ MbS ដដែល​។ 
 
​សមាជិកសភា​អាមេរិក​ជាច្រើន នៅតែ​មិនទាន់​អស់ចិត្ត​ចំពោះ​ការបកស្រាយ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ខណៈ​មន្ត្រី​សំខាន់ៗ​របស់​បក្ស​សាធារណរដ្ឋ​ជាច្រើន​ជឿថា ទ្រង់ MbS ពិតជា​ទាក់ទង​ករណី​ឃាតកម្ម​នៅ​តួ​ក​គី​មែន​។ យ៉ាងណាមិញ លោក ត្រាំ ហាក់​នៅ​ស្ទាក់​ស្ទើរនឹង​បង្កើន​សម្ពាធ​ខ្លាំង​ថែមទៀត​លើ​ដៃគូ​ដ៏​ធំ​របស់ខ្លួន​នៅ​មជ្ឈិមបូព៌ា ព្រោះ​ជា​ភ្នែក​ជា​ច្រមុះ​ដើម្បី​ឃ្លាំង​មើល​សកម្មភាព​អ៊ីរ៉ង់ ហើយ​លោក​ចាត់ទុក​រជ្ជទាយាទ​ជា​បុរស​ខ្លាំង​ផងដែរ​។  
 
​តួ​ក​គី ប្រកាស​ទម្លាយ​ការពិត​
 
​ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ នៅ​ថ្ងៃទី​២១ ខែតុលា បានប្រកាសថា តួ​ក​គី​នឹង​ទម្លាយ​ការពិត​នៅ​ពីក្រោយ​ឃាតកម្ម​លោក Kashoggi ។ ថ្លែង​ទៅកាន់​ការជួបជុំ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល លោក អ៊ែរ​ដូ​ហ្កា​ន់ បញ្ជាក់ថា តួ​ក​គី​នឹង​ស្វែងរក​យុត្តិធម៌ ហើយ​បញ្ចេញ​រាល់​ការពិត​ទាំងអស់ មិនមែន​តាម​ដំណើរការ​ធម្មតា​ឡើយ តែ​តាមរយៈ​ការបង្ហាញ​អ្វីដែល​កើតឡើង​។ លោក​គ្រោង​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ទាក់ទង​បញ្ហា​នេះ​នៅ​ថ្ងៃទី​២៣ ខែតុលា​។​
 
​មន្ត្រី​តួ​ក​គី​ធ្លាប់​អះអាងថា ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​១៥​នាក់​ដែល​ទៅដល់​ក្រុង​អ៊ី​ស្តង់​ប៊ុល​តាម​ជើងហោះហើរ​ពីរ​នៅ​ថ្ងៃទី​២ ខែតុលា ដែលជា​ថ្ងៃ​លោក Kashoggi ចូលក្នុង​អ៊ី​ស្តង់​ប៊ុល បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ​។ នៅ​រី​យ៉ា​ដ​ឯណោះ មន្ត្រី​ធំៗ​ចំនួន​៥​នាក់​ត្រូវបាន​បណ្ដេញចេញ ហើយ​១៨​នាក់​ត្រូវបាន​ចាប់ខ្លួន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក អ៊ែ​ដូ​ហ្កា​ន់​បាន​ចោទ​សួរថា មនុស្ស​១៥​នាក់​នោះ​ទៅ​តួ​ក​គី​ធ្វើ​អ្វី ហើយ​ហេតុអ្វី​មនុស្ស​១៨​នាក់​ត្រូវ​ចាប់ខ្លួន​។​
 
​កន្លងមក ក្រុង​អង់កា​រ៉ា​ធ្លាប់​និយាយថា ខ្លួន​មាន​ភស្តុតាង​ជា​រូបភាព​វីដេអូ និង​សំឡេង​ទាក់ទង​ឃាតកម្ម​លោក Kashoggi ក្នុង​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​។ តាមរយៈ​ភស្តុតាង​ទាំងនោះ ការប្រតាយប្រតប់​បានកើត​ឡើង​ខាងក្នុង​អាគារ​កុងស៊ុល​។ លោក Kashoggi ត្រូវ​សង្ស័យថា រង​ការ​ធ្វើបាប​រាងកាយ និង​ត្រូវបាន​កាត់​ជា​កំណាត់ មុន​ដឹក​ចេញពី​កុងស៊ុល​ទៅ​។​
 
​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​ទាមទារ​ចម្លើយ​បន្ថែម​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​
 
​សម្ពាធ​បាន​ធ្លាក់​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​កាន់តែខ្លាំង​ឡើងៗ​ជាពិសេស​សម្ព័ន្ធមិត្ត​លោកខាងលិច​។ ប្រទេស​ធំ​បី​របស់​អឺរ៉ុប​មានបារាំង អង់គ្លេស និង​អាល្លឺម៉ង់ នៅ​ថ្ងៃទី​២១ ខែតុលា បានចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ​ទាមទារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​បង្ហាញ​ពី​ការពិត​នៃ​ការស្លាប់​របស់លោក Kashoggi ក្នុង​ស្ថាន​កុងស៊ុល​របស់ខ្លួន ហើយ​ការពិត​នោះ ត្រូវតែ​អាច​ទុកចិត្តបាន​។ ប្រទេស​ទាំងបី​ចង់បាន​ការពិត​លើសពី​អ្វីដែល​ក្រុង​រី​យ៉ា​ដ​បាន​បញ្ច​ញ​កន្លងមក​។ 
 
«​ការ​គំរាម ការធ្វើ​បាប និង​ការសម្លាប់​អ្នកកាសែត​ក្រោម​កាលៈទេសៈ​ណាក៏ដោយ ជា​រឿង​មិនអាច​ទទួលយកបាន​ដាច់ខាត និង​ជាការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​របស់​ប្រទេស​ទាំងបី​»​។ នេះ​ជា​សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុងប៉ារីស បែរ​ឡាំង និង​ឡុង​ដ៍ មុននឹង​ព្រមាន​ក្រុង​រី​យ៉ា​ដ​ទៀតថា គុណភាព និង​សារសំខាន់​នៃ​ទំនាក់ទំនង​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត និង​រដ្ឋ​ទាំងបី ក៏​ពឹង​ផ្អែកលើ​ការគោរព​ច្បាប់​អន្តរជាតិ​ដែល​ភាគី​សងខាង​ប្ដេជ្ញា​អនុវត្តតាម​។​
 
​កាន់តែ​ធ្ងន់​ក​សម្រាប់​អា​រ៉ា​ប៊ី​សា​អូឌីត អាល្លឺម៉ង់​បាន​គំរាម​ឈប់​លក់​ឲ្យ​ទៀតផង​។ អធិការបតី​អាល្លឺម៉ង់ Angela Merkel បានប្រកាស​ក្រោយ​ការចេញ​សេចក្ដីថ្លែងការណ៍​រួម ថា ការលក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​មិនអាច​ធ្វើ​បានឡើយ​ក្នុងស្ថានភាព​បច្ចុប្បន្ន​។ ក្រុង​ប៊ែ​រ​ឡាំង​បាន​យល់ព្រម​លក់​អាវុធ​តម្លៃ​៤១៦.៤​លាន​អឺរ៉ូ​ទៅ​ឲ្យ​រី​យ៉ា​ដ​កាលពី​ឆ្នាំ​២០១៧ ដែលជា​ធ្វើ​ឲ្យ​រដ្ឋ​មជ្ឈិមបូព៌ា​មួយ​ក្លាយជា​ម៉ូយ​អាវុធ​ធំ​ទី​ពីរ​បន្ទាប់ពី​អាល់​ហ្សេ​រី​៕
 

Tag:
 ​អា​រ៉ា​ប៊ី​សា​អូឌីត​
  Jamal Kashoggi
  អឺរ៉ុប​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com