អន្តរជាតិ
កូរ៉េខាងត្បូង​បន្ត​គម្រោង​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​រួមគ្នា ទោះ​ឥណ្ឌូណេស៊ី​មាន​បញ្ហា​លុយកាក់​
22, Oct 2018 , 8:59 pm        
រូបភាព
យន្តហោះចម្បាំង KF-X (រូបភាព Indodefense.wordpress.com)
យន្តហោះចម្បាំង KF-X (រូបភាព Indodefense.wordpress.com)
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២២ ខែតុលា និយាយថា គម្រោង​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​រួមគ្នា​ជាមួយ​ឥណ្ឌូណេស៊ី នឹង​នៅ​បន្ត​ដដែល​។ ការប្រកាស​នេះ​ធ្វើឡើង បន្ទាប់ពី​ក្រុង​ហ្សា​ការ​តា​បង្ហាញ​ជំហរ​ចង់​ចរចា​ដើម្បី​កាត់បន្ថយ​វិភាគទាន​របស់ខ្លួន ព្រោះ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក្នុងស្រុក​។ ជុំវិញ​បញ្ហា​នេះ កូរ៉េខាងត្បូង​នឹង​ស្វែងរក​ច្រកចេញ​មួយ​ដើម្បី​ឲ្យ​ឥណ្ឌូណេស៊ី​បង់ថ្លៃ​ចំណាយ​របស់ខ្លួន​ដែលមាន​ចំនួន​ជាង​២០០​លាន​ដុល្លារ​ទៅហើយ​។​

 
​គម្រោង​ផលិត​យន្តហោះ​ចម្បាំង​រួមគ្នា​រវាង​កូរ៉េខាងត្បូង និង​ឥណ្ឌូណេស៊ី បាន​ជួប​បញ្ហា​រអាក់រអួល​ខ្លះ​ផ្នែក​ហិរញ្ញវត្ថុ ប៉ុន្តែ​កូរ៉េខាងត្បូង​អះអាងថា គម្រោង​នេះ​ស្ថិត​លើផ្លូវ​ទៅមុខ​ដដែល​។ កាលពី​ចុង​សប្ដាហ៍​មុន មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​និយាយថា ក្រុង​ហ្សា​ការ​តា​កំពុង​ស្វែងរក​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ស្រាល​ជាង​មុន​ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងត្បូង​លើ​គម្រោង​អភិវឌ្ឍ​យន្តហោះ​រួមគ្នា​ដ៏​ធំ​មួយ​នេះ​។  
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បច្ចុប្បន្ននេះ ឥណ្ឌូណេស៊ី​កំពុង​ជួប​បញ្ហា​ធ្លាក់ចុះ​លុយ​ជាតិ Rupiah ដូចនេះហើយ​បានជា​រដ្ឋាភិបាល​ចាត់វិធានការ​ជាច្រើន​ដើម្បី​ស្រោច​ស្រង់តម្លៃ​លុយ​ជាតិ​រាប់ទាំង​ការកាត់បន្ថយ​ចំណាយ​ផង​។ រដ្ឋមន្ត្រី​សន្តិសុខ​ឥណ្ឌូណេស៊ី Wiranto បាន​លើកឡើងថា ការចរចា​ជាមួយ​កូរ៉េខាងត្បូង​នឹង​ផ្ដោតលើ​បញ្ហា​ដូចជា​វិភាគទាន​របស់​ឥណ្ឌូណេស៊ី​ក្នុង​គម្រោង ការចំណាយ​ក្នុង​ការផលិត ការផ្ទេរ​បច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និង​ទីផ្សារ​ជាដើម​។​
 
​បន្ទាប់ពី​ការបង្ហាញ​បំណង​កាត់បន្ថយ​ការចូល​វិភាគ​ពី​សំណាក់​ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង​ឯណោះ​ហាក់​ព្រួយបារម្ភ​ពី​បរាជ័យ​នៃ​គម្រោង​ឡើយ​។ ទីភ្នាក់ងារ​លទ្ធកម្ម​អាវុធ​របស់​កូរ៉េខាងត្បូង (DAPA) បានបញ្ជាក់​នៅ​ថ្ងៃទី​២២ ខែតុលា ថា ក្នុងជំនួប​កំពូល​មេដឹកនាំ​ក្នុង​ខែកញ្ញា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បន្ត​គម្រោង​អភិវឌ្ឍ​យន្តហោះ FK-X បន្តទៀត ចំណែកឯ​វិភាគទាន​វិញ ប្រទេស​ទាំងពីរ​ក៏​នឹង​បន្ត​ការចរចា​ថែមទៀត​។  
 
​កូរ៉េខាងត្បូង និង​ឥណ្ឌូណេស៊ី បាន​ឯកភាព​ក្នុង​ឆ្នាំ​២០១៤ ក្នុងការ​អភិវឌ្ឍ​យន្តហោះ​ចម្បាំង KF-X ក្នុង​គម្រោង​ដែលមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន​ជិត​៨​ពាន់​លាន​ដុល្លារ ហើយ​ឥណ្ឌូណេស៊ី​នឹង​ចេញ​ចំនួន​២០​ភាគរយ​នៃ​គម្រោង​អភិវឌ្ឍ​នេះ​។ អ្នកនាំពាក្យ​របស់ DAPA បញ្ជាក់ដែរថា ការវិភាគ​ទាន​របស់​ឥណ្ឌូ​ណេ​ស៊​ដែល​មិនបាន​បង់​មាន​ចំនួន​ប្រហែល​២០៣​លាន​ដុល្លារ​ចន្លោះ​ពាក់កណ្ដាល​ឆមាស​ទី​ពីរ​ឆ្នាំ​២០១៧ និង​ដើម​ឆមាស​ទីមួយ​ឆ្នាំ​២០១៨ ។​
 
​ការ​ជំពាក់​របស់​ឥណ្ឌូណេស៊ី កើតឡើង​ព្រោះតែ​វិ​ប​ត្ត​ហិរញ្ញ​ក្នុងស្រុក ដែល​បង្ខំ​ឲ្យ​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ត្រូវ​ចរចា​លើ​ថ្លៃ​ចំណាយ​ឡើងវិញ ខណៈដែល​ការដោះដូរ​រូបិយវត្ថុ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​២០​មកនេះ​។ យ៉ាងណាក្ដី ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​វិនិយោគ​របស់​ឥណ្ឌូណេស៊ី Thomas Lembong និយាយថា រដ្ឋាភិបាល​នឹង​បង្កើត​ក្រុមការងារ​ចរចា ហើយ​ស្របគ្នា​នេះ​នឹង​រក្សា​ការទុកចិត្ត​របស់​វិនិយោគ​កូរ៉េខាងត្បូង​ក្នុងការ​រកស៊ី​នៅ​ឥណ្ឌូណេស៊ី​៕
 

Tag:
 ​កូរ៉េខាងត្បូង​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com