ជាតិ
សារព័ត៌មាន​ថ្មីៗ​រៀបចំ​សិក្ខាសាលា​ស្តីពី Fake News
24, Oct 2018 , 5:31 pm        
រូបភាព
វាគ្មិន​ដែល​ត្រូវ​ចូលរួម​ក្នុងសិក្ខាសាលា
វាគ្មិន​ដែល​ត្រូវ​ចូលរួម​ក្នុងសិក្ខាសាលា
ដោយ: ថ្មីៗ
​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​ការទប់ស្កាត់ និង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​នៅ​ថ្ងៃទី​២៥​ខែតុលា​នេះ​។ អ្នកកាសែត​៣០​នាក់​នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​សិក្សា និង​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ខ្មែរ និង​បរទេស ដើម្បី​ទទួលបាន​ចំណេះដឹង​បន្ថែម​លើ​ប្រធានបទ​ដែល​ពិភពលោក​កំពុងតែ​ខ្វាយខ្វល់​នេះ​។​

 
​អ្នកជំនាញ​ជនជាតិ​អាមេរិក អ្នកកាសែត​បរទេស និង​អ្នកកាសែត​កម្ពុជា​ចំនួន​៤០​នាក់​នឹង​ជួបជុំគ្នា​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​» ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​ថ្មីៗ ដោយមាន​ការឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​
 
​អ្នកកាសែត​កម្ពុជា​ដែល​ធ្លាប់បាន​ចូលរួម​វេទិកា​អន្តរជាតិ​ក្នុង​តំបន់ និង​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​នឹងចូលរួម​ចែករំលែក​ពិសោធន៍ និង​ចំណេះដឹង​របស់​ពួកគេ​ជាមួយ​សិក្ខាកាម​ជា​អ្នកសារព័ត៌មាន​។ លើសពីនេះ​ទៀត​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​អាមេរិក លោកស្រី Maggie Farley នឹងធ្វើ​បទឧទ្ទេសនាម​មួយ​ស្តីអំពី​បច្ច័យ​អវិជ្ជមាន​ពិតប្រាកដ​ដែល​បង្កដោយ​ព័ត៌មាន​ក្លែងបន្លំ ឬ​ព័ត៌មាន​ក្លែងក្លាយ​នេះ​។ បន្ទាប់មក អ្នកសារព័ត៌មាន​បរ​ទេស​ជនជាតិ​អូស្ត្រាលី និង​ជនជាតិ​បារាំង​ពីររូប​ក៏​នឹង​ពន្យល់​លំអិត​អំពី​បាតុភូត​នៃ​ព័ត៌មាន​ក្លែងបន្លំ​នេះ​នៅតាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​នៅ​ប្រទេស​អភិវឌ្ឍ​ផងដែរ​។​
 
​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ​បាន​ពន្យល់ថា ក្នុងនាម​ជា​ស្ថាប័ន​សារព័ត៌មាន​មួយ​ដែលមាន​តួនាទី​សំខាន់​នៅក្នុង​ប្រទេសមួយ សារព័ត៌មាន​ថ្មីៗ​បាន​មើលឃើញ​ពី​ភាពចាំបាច់​ដែល​អ្នកកាសែត​ត្រូវមាន​ចំណេះដឹង និង​ពិសោធន៍​កាន់តែច្រើន​ទាក់ទង​នឹង​ការទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​បាតុភូត​ព័ត៌មាន​ក្លែងបន្លំ​ដែល​បង្ក​ឲ្យ​មាន​ចលាចល​នៅក្នុង​សង្គមមនុស្ស​។ លោក​បន្តថា ហេតុដូច្នេះ​ហើយ​បានជា សារព័ត៌មាន​ថ្មីៗ​ខិតខំ​ស្វែង​ការគាំទ្រ​ពី​ស្ថាប័ន​ផ្សេងៗ​ដើម្បី​ស្វែងរក​លទ្ធភាព​រៀបចំ​ធ្វើ​វគ្គ​បណ្តុះបណ្តាល​ដល់​អ្ន​ក​សារព័ត៌មាន​ស្តីអំពី​ព័ត៌មាន​ក្លែងបន្លំ​នេះ​។​
 
​លោក លាង ដឺ​លុច បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៖«​បំណង​របស់​សារព័ត៌មាន​ថ្មីៗ ដែល​ចង់​រៀបចំ​សិក្ខាសាលា ឬ​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន​ស្តីពី​ប្រធានបទ​ព័ត៌មាន​ក្លែងបន្លំ​នេះ បាន​កើតឡើង​ចំពេល​ដែល​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ឧបត្ថម្ភ​អ្នកកាសែត​ខ្មែរ​យើង​មួយចំនួន​ឲ្យ​ទៅ​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​នានា​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ​នេះ ហើយ​ដែល​ស្ថានទូត​ក៏​ចង់​ឲ្យ​មានការ​ចែករំលែក​នូវ​អ្វីដែល​អ្នកកាសែត​យើង​បានឮ​ពី​ចំណេះដឹង និង​ពិសោធន៍​នានា​ពី​ប្រទេស​នានា​នោះ​។ ម្យ៉ាងវិញទៀត វា​ក៏​កើតឡើង​ចំពេល​ដែល​សាស្ត្រាចារ្យ​ជំនាញ​ជនជាតិ​អាមេរិក​នឹង​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ខែតុលា​នេះ ទើប​យើង​សម្រេច​ឈានដល់​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង​»​។​
 

ទោះ​យ៉ាងនេះ​ក្តី អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ​បាន​អះអាងថា សិក្ខាសាលា ឬ​វគ្គ​បណ្តុះបណ្តាល​នេះ មិនអាច​កើត​មានតែ​មួយដង នៅពេល​បាតុភូត​នៃ​ព័ត៌មាន​ក្លែងបន្លំ​កំពុង​វិ​វត្ត និង​អាច​កើតឡើង​រៀងរាល់​ពេល និង​រាល់​ថ្ងៃនោះ​។ លោក​បញ្ជាក់ថា សារព័ត៌មាន​ថ្មីៗ មាន​គម្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អប់រំ​បែបនេះ​ឲ្យ​បាន​ច្រើន​ជាពិសេស​សម្រាប់​អ្នកសារព័ត៌មាន និង​អ្នកពាក់ព័ន្ធ​នៅតាម​បណ្តា​ខេត្ត​។

វាគ្មិន​កិត្តិយសផ្សេងៗរួមមាន លោក ង៉ែត ម៉ូសេ អ្នកជំនាញ​ផ្នែក​សុវត្ថិភាពឌីជីថល ដែលនឹងធ្វើបទបង្ហាញ​ស្តីពី «សុវត្ថិភាពអនឡាញ​សម្រាប់អ្នក​សារព័ត៌មាន»។ លោក​ ម៉ៃ ទិត្យថារ៉ា និពន្ធនាយក​កាសែត Khmer Times លោក គុណ ចិន្តា ការីនិពន្ធព័ត៌មាន និងជាផលិតករកម្ម​វិធីទូរទស្សន៍នៅវិទ្យុសំឡេងប្រជាធិបតេយ្យ​ VOD និង​លោក ផាក់ ស៊ាងលី អនុ​ប្រធា​ន​ក្រុមអ្នក​សារព័ត៌មាន​កាសែតភ្នំពេញ ប៉ុស្តិ៍ នឹង​ចូលរួមពិភាក្សាស្តីពី «តួនាទីរបស់អ្នកកាសែត និងការីនិពន្ធកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មាន​ក្លែងបន្លំ ដើម្បីបង្កើន​ភាព​ជឿជាក់ដល់អ្នកអាន»។

ជាមួយ​គ្នានេះផងដែរ លោក Pierre Gillette អគ្គ​លេខាធិការ​ក្រុមហ៊ុន Confirel និង PPM និងជាអតីតនិពន្ធនាយក​កាសែតបារាំងកាំបូដស័រ នឹង​ពិភាក្សា​វែកញែកពីមូលហេតុ​ផ្សេងៗដែល​អ្នក​សារព័ត៌មាន​ត្រូវ​ចូល​រួម និង​ខ្វល់ខ្វាយពីលំហូរ​ព័ត៌មាន​ក្លែងបន្លំ ដោយមាន​ការសម្របសម្រួលដោយ​លោក សៅ ផលនិស្ស័យ និពន្ធនាយករងសារព័ត៌មានថ្មីៗ៕
 
 

Tag:
 ព័ត៌មាន​ក្លែងបន្លំ​
  ព័ត៌មាន​ក្លែងក្លាយ​
  Fake News
  ថ្មីៗ​
  ទូត​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com