មួយថ្ងៃក្រោយពីសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរអំឡុងសម័យសង្គ្រាមត្រជាក់ជាមួយរុស្ស៊ី អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានព្រមានថាទង្វើនេះជាជំហានដ៏គ្រោះថ្នាក់បំផុត។ មន្ត្រីទូតរុស្ស៊ីរូបនេះ ក៏បានលើកឡើងថា ទង្វើដ៏ល្ងីល្ងើរបស់អាមេរិកនេះ អាចនឹងប៉ះពាល់ដល់សន្តិសុខអន្តរជាតិផងដែរ។
នៅថ្ងៃទី២១ ខែតុលា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Ryabkov បានប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ថា គម្រោងដើរចេញពីសន្ធិសញ្ញានុយក្លេអ៊ែរចម្ងាយមធ្យមដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសនោះ នឹងក្លាយជាជំហានដ៏អាក្រក់បំផុត និងអាចបង្កឲ្យមានការថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ពីសំណាក់សហគមអន្តរជាតិ។
ត្រង់នេះ មន្ត្រីទូតរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា សន្ធិសញ្ញានេះមានសារៈសំខាន់បំផុតសម្រាប់សន្តិសុខអន្តរជាតិ និងសន្តិសុខរបស់បណ្តាមហាអំណាចនុយក្លេអ៊ែរ ដែលជាលំនឹងមួយសម្រាប់ស្ថិរភាពយុទ្ធសាស្ត្រ។ ជាមួយគ្នានេះលោក Ryabkov បានលើកឡើងទៀតថា រុស្ស៊ីថ្កោលទោស សកម្មភាពរបស់អាមេរិកដែលលោកបានហៅទង្វើនេះ ថាជាការទទួលយកផលប្រយោជន៍អ្វីមួយ ដោយប្រើប្រាស់វិធីសាស្ត្រសម្លុតគំរាម។
យោងតាមទីភ្នាក់ងារ AFP លោក Ryabkov បានអះអាងបែបនេះ៖ «ប្រសិនបើក្រុងវ៉ាស៊ីនតោននៅតែបន្តប្រព្រឹត្តទង្វើល្ងីល្ងើ ដោយសម្រេចដើរចេញពីកិច្ចព្រមព្រៀងអន្តរជាតិដោយឯកតោភាគីនោះ យើងគ្មានជម្រើសអ្វីផ្សេងក្រៅពីចាត់វិធានការតបវិញ រួមមាន ការប្រើប្រាស់បច្ចេកវិទ្យាយោធាជាដើម»។ យ៉ាងណាមិញ លោកបានបន្ថែមទៀត ក្រុងមូស្គូមិនចង់ដើរទៅដល់ដំណាក់កាលនោះឡើយ។
កាលពីថ្ងៃទី ២០ ខែតុលា លោកដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិកគ្រោងដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចម្ងាយមធ្យមជាមួយរុស្ស៊ី ឬហៅថា INF។ កិច្ចព្រមព្រៀងនេះដែរត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ១៩៨៧ ដោយអតីតប្រធានាធិបតីអាមេរិក Ronald Reagan និងអតីតមេដឹកនាំសហភាពសូវៀត Mikhail Gorbachev ។
ជុំវិញគម្រោងដើរចេញពីសន្ធិសញ្ញានុយក្លេអ៊ែរនេះ លោក ត្រាំ បានអះអាងថា រុស្ស៊ីមិនបានគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះឡើយ ដូច្នេះក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះតែម្តង។
យ៉ាងណាមិញ លោក Ryabkov បានទាត់ចោលការចោទប្រកាន់របស់លោក ដូណាល់ ត្រាំ ។ លោកក៏បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោនវិញរុស្ស៊ីមិនបានល្មើសនឹងសន្ធិសញ្ញានុយក្លេអ៊ែរនេះទេ ។ ក្រៅពីនេះមន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះក៏បានចោទប្រកាន់វិញថា អាមេរិកឯណោះទេជាអ្នកដែលបានល្មើសនឹងសន្ធិសញ្ញានេះ។
ដោយឡែក ស្របពេលដែលទំនាក់ទំនងមហាអំណាចទាំងពីរកាន់តែអាក្រក់ដោយសារឥរិយាបថអាមេរិក ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានទៅដល់ក្រុងមូស្កូ នៅថ្ងៃទី២១ ខែតុលាដើម្បីស្វះស្វែងរកការពិភាក្សាជាមួយតំណាងក្រុងមូស្គូ។ រុស្ស៊ីទំនងជានឹងស្នើឲ្យមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបកស្រាយឲ្យបានជាក់លាក់ពីជំហររបស់ខ្លួនជុំវិញការប្រកាសដកខ្លួនចេញពីកិច្ចព្រៀងខាងលើដែរ៕