អន្តរជាតិ
តុលាការ​កំពូល​ទាត់ចោល​ការទាមទារ​រ​បស់​មេដឹកនាំ​ផ្តាច់ការ​ម៉ា​ល់​ឌី​វ​ឲ្យ​លុបចោល​លទ្ធផល​បោះឆ្នោត​
22, Oct 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធានាធិបតី​ចាញ់ឆ្នោត Abdulla Yamee ចេញមុខ​ទទួលស្គាល់​លទ្ធផល​ជាថ្មី បន្ទាប់ពី​តុលាការ​កំពូល​បដិសេធ​បណ្តឹង​របស់លោក​ដែល​ទារ​ឲ្យ​លុបចោល​លទ្ធផល​បោះឆ្នោត ព្រោះ​មិន​ចង់​ផ្ទេរអំណាច​។​


​តុលាការ​កំពូល​ម៉ា​ល់​ឌី​វ​បានចេញ​សេចក្តីសម្រេច​មួយ​នៅ​ថ្ងៃអាទិត្យ​ទី ២១ ខែតុលា​ដោយ​ទាត់ចោល​បណ្តឹង​របស់​ប្រធានាធិបតី​ចាញ់ឆ្នោត​ដែល​ទាមទារ​ឲ្យ​មានការ​លុបចោល​លទ្ធផល​បោះឆ្នោត​កន្លងទៅ​នោះ​។ ក្រោយ​ការសម្រេច​នេះ មេដឹកនាំ​ផ្តាច់ការ​ម៉ា​ល់​ឌី​វ​នឹងត្រូវ​ផ្ទេរអំណាច​មុន​ថ្ងៃ ១៧ ខែវិច្ឆិកា​ខាងមុខ​។ 
 
​ចុងក្រោយ តុលាការ​កំពូល​ម៉ា​ល់​ឌី​វ​បានបញ្ចប់​មន្ទិលសង្ស័យ និង​ក្តីបារម្ភ​របស់​ប្រជាជន​នៅក្នុង​ស្រុក​ដោយ​ទាត់ចោល​បណ្តឹង​ប្រធានាធិបតី​ចាញ់ឆ្នោត​Abdulla Yamee ដែល​ក្រឡាស់សម្តី​មិន​ចង់​ផ្ទេរអំណាច​ទៅ​ឲ្យ​មេបក្ស​ប្រឆាំង​លោក Ibrahim Mohamed Solih ។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ចៅក្រម​តុលាការ​កំពូល​ទាំង ៥​រូប​បាន​ឯកភាពគ្នា​ជា​ឯកច្ឆ័ន្ទ​ដោយ​សម្រេច​បដិសេធ​ការអះអាង​របស់លោក Yameen ថា ការបោះឆ្នោត​កាលពី​ឆ្នាំ ២៣ ខែកញ្ញា​ប្រព្រឹត្ត​ទៅដោយ​មិន​ភាពត្រឹមត្រូវ និង​សុចរិត​ឡើយ​។ 
 
​ដើមឡើយ​លោក Yameen បានប្រកាស​ទទួលស្គាល់​លទ្ធផល និង​ភាពបរាជ័យ​របស់ខ្លួន​រួចទៅហើយ​។ ប៉ុន្តែ​ក្នុង​ខែតុលា​នេះ មេដឹកនាំ​ផ្តាច់ការ​រូបនេះ​បាន​ក្រឡាស់សម្តី​ដោយ​ចោទសួរ​ពី​ភាពត្រឹមត្រូវ និង​សុចរិត​ភាព​នៃ​ការបោះឆ្នោត​នេះ​ទៅវិញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ក៏បាន​សម្រេច​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល​ឲ្យ​លុបចោល​លទ្ធផល​បោះឆ្នោត​ថែម​ទៀតផង​។ 
 
​សេចក្តី​ស​ម្រ​ចរ​បស់​តុលាការ​កំពូល​នេះ​បាន​ក្លាយជា​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​ម៉ា​ល់​ឌី​វ​ជាពិសេស​ក្រុម​អ្នកគាំទ្រ​មេដឹកនាំ​បក្សប្រឆាំង​។ គេ​ឃើញ​មានការ​ប្រារព្ធ​ពិធី​អបអរសាទរ​នៅក្នុង​រដ្ឋធានី​ម៉ា​ល់ ហើយ​ពួកគេ​សង្ឃឹមថា ការផ្ទេរអំណាច​នឹងត្រូវ​រៀបចំឡើង​ដោយ​រលូន​នៅពេល​ខាងមុខ​ផងដែរ​។​
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ ស្ថានការណ៍​នៅពេល​បច្ចុប្បន្ន វា​ស្រដៀង​នឹង​អ្វីដែល​កើតឡើង​កាលពី​ឆ្នាំ ២០១៣​។ ក្នុងពេលនោះ ប្រធានាធិបតី​រូបនេះ​បានស្នើ​ឲ្យ​តុលាការ​កំពូល​លុបចោល​លទ្ធផល​បោះឆ្នោត​ជុំទីមួយ​នៅពេលដែល​បេក្ខជន​បក្សប្រឆាំង​លោក Mohamed Nasheed ឈ្នះឆ្នោត​។ ប៉ុន្តែ​កាលនោះ តប​តាម​ការទាមទារ​របស់​ប្រធានាធិបតី​រូបនេះ តុលាការ​កំពូល​បានសម្រេច​លុបចោល​លទ្ធផល ដែល​ត្រួស​ត្រាយផ្លូវ​សម្រាប់​មេដឹកនាំ​រូបនេះ​បន្ត​ក្តោប​ក្តាប់​អំណាច​មកដល់​បច្ចុប្បន្ន​ផង​។ 
 
​ត្រឡប់មកវិញ បន្ទាប់ពី​លឺ​សេចក្តីសម្រេច​តុលាការ​កំ​ពូ​លហើយ លោក Yameen បាន​ចេញមុខ​ប្រកាស​ទទួលស្គាល់​លទ្ធផល​ជាថ្មីទៀត ប៉ុន្តែ​មិនបាន​រម្លឹក​ពី​បណ្តឹងទាមទា​រលុប​លទ្ធផលបោះឆ្នោត​ឡើយ​។ លោក​ប្រកាសប្រាប់​ប្រជាជន​ថា វា​ជា​សុន្ទរកថា​ចុងក្រោយ​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​ព្រោះ​លោក​ត្រូវ​លាលែង​ពី​តំណែង​នៅត្រឹម​ថ្ងៃ ១៧ ខែវិច្ឆិកា​ខាងមុខនេះ​។ ប្រធានាធិបតី​វ័យ ៥៩ ឆ្នាំ​រូបនេះ​បាន​ឆ្លៀត​បង្ហាញ​ការសោកស្តាយ​ចំពោះ​ការដឹកនាំ​កន្លងមក​ដែល​មិនបាន​ស្វែងយល់​ពី​តម្រូវការ​របស់​ប្រជាជន​ឲ្យ​បានច្បាស់លាស់​។​
 
​តាមពិតទៅ ក្រោម​ការដឹកនាំ​របស់​លោក Yameen ពី​ឆ្នាំ ២០១៣ មក​នោះ រាល់​អ្នកប្រឆាំង​លោក​ទាំងអស់​ត្រូវ​ប្រឈម​ការចាប់ខ្លួន ហើយ​បើ​មិន​ដូច្នេះ​ទេ​ពួកគេ​ក៏ត្រូវ​និរទេស​ខ្លួន​ទៅ​បរទេស​ដែរ​។ ហើយ​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នៃ​កោះ​ម៉ា​ល់​ឌី​វ​នេះ​បាន​កើតឡើង​ចាប់ពី​ខែកុម្ភៈ​កន្លងមក ដោយមាន​ការប្រកាស​ដា​ក់​រដ្ឋ​ក្នុងស្ថានភាព​អាសន្ន​ដោយ​ប្រធានាធិបតី​ចាញ់ឆ្នោត​លោក Yameen​។ រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​នេះ​នេះ​បាន​ព្យួរ​ដំណើរការ​តុលាការ​កំពូល សភា និង​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ផង ស្រប​ពេលដែល​មានការ​បង្ក្រាប និង ចាប់ខ្លួន​អ្នកប្រឆាំង​ផងដែរ​៕
 

Tag:
 ម៉ា​ល់​ឌី​វ​
  Abdulla Yamee
© រក្សាសិទ្ធិដោយ thmeythmey.com