ជាតិ
រថយន្ត
ខួប​១២០​ឆ្នាំ​នៃ​ពិ​ព័រ​ណ៌​យានយន្ត​ពិភពលោក​ក្រុងប៉ារីស មាន​អ្នកទស្សនា​ជាង​១​លាន​នាក់​
22, Oct 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ពិ​ព័រ​ណ៌​យានយន្ត​ពិភពលោក​ក្រុងប៉ារីស (Mondial de L’Auto Paris) បាន​ឈានដល់​ខួប​ទី​១២០​ឆ្នាំ​របស់ខ្លួន ដោយ​ព្រឹត្តិការណ៍​ដែល​រៀបចំ​នៅ Porte de Versailles កាលពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​១៤ ខែតុលា កន្លងមកនេះ ទាក់ទាញ​អ្នកទស្សនា​ជាង​១​លាន​នាក់​។ ការលក់​ចេញ​ក៏មាន​កំណើន​ខ្ពស់​ផងដែរ បើ​ប្រៀបធៀប​ទាំង​នឹង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ។​

 
​មនុស្ស​១,០៦៨​លាន​នាក់ បាន​ទស្សនា​ព្រឹត្តិការណ៍​តាំង​រថយន្ត Mondial de L’Auto Paris 2018 (Mondial Paris Motor Show 2018) នា​អំឡុងពេល​១០​ថ្ងៃ​ពេញ​។ ថ្វីត្បិតតែ​ចំនួន​នេះ តិចជាង​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ​២០១៦ (១,០៧៣​លាន​នាក់​) ក៏ដោយ ប៉ុន្តែ​រយៈពេល​នៃ​ការតាំង​បង្ហាញ​ក៏​តិចជាង​រហូតដល់​ទៅ​៥​ថ្ងៃ​ផងដែរ​។​
 
​លោក Jean-Claude Girot អ្នករៀបចំ​ព្រឹត្តិការណ៍ នេះ បាន​អះអាងថា អ្នកចូលរួម​ជាច្រើន​រីករាយ​ក្នុងការ​ស្វែងយល់ និង​សាកល្បង​ម៉ូ​ដែល​រថយន្ត​ថ្មីៗ​ប្រចាំឆ្នាំ​។ ទោះបីជា​ព្រឹត្តិការណ៍​ខួប​១២០​ឆ្នាំ  មាន​រយៈពេល​តិចជាង​មុន​៥​ថ្ងៃ​ក៏ដោយ ប៉ុន្តែ​ការលក់​ចេញ មាន​ចំនួន​ដ៏​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។​


 
​យោងតាម​ការផ្សាយ​រប​ស់ Auto Plus ក្រុមហ៊ុន​យានយន្ត​បារាំង មាន​កំណើន​នៃ​ការលក់​ដល់​ទៅ​៥០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ ។ Citroen, Peugeot និង Renault រួមទាំង Hyundai របស់​កូរ៉េខាងត្បូង ក៏ដូចជា Suzuki របស់​ជប៉ុន សុទ្ធតែ​រីករាយ​ជាមួយនឹង​អត្រា​នៃ​ការលក់​ចេញ​ផលិតផល​ខ្លួន​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ម៉ាក​ល្បីៗ ជិត​២០ មិនបាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះឡើយ ក្រុមហ៊ុន​ទាំងនោះ​រួមមាន​ដូចជា Abarth, Alfa Romeo, Bentley, Fiat, Ford, Jeep, Lancia, Mazda, Mini, Mitsubishi, Nissan, Opel, Polestar, Rolls-Royce, Ssangyong, Subaru, Volkswagen និង Volvo ជាដើម​។​
 
​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​បង្អួត​ផលិត​របស់ខ្លួន​នៅ Porte de Versailles រួមមាន Alpine, Aston Martin, Audi, BMW, Citroën, Dacia, Dangel, DS Automobiles, E-Moke, Ferrari, Jaguar, Land Rover, Lamborghini, Ligier, Lotus, Maserati, Mercedes-Benz, Morgan, MPM Motors, Peugeot, Porsche, Renault, Seat, Škoda, Smart, Tesla​។​


 
​ក្រុមហ៊ុន Vinfast របស់​វៀតណាម បង្ហាញ​ជា​លើកដំបូង​បំផុត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ រីឯ​ក្រុមហ៊ុន​ផ្សេងទៀត​មកពី​តំបន់​អាស៊ី​រួមមាន Aspark, GAC, Honda, Hyundai, Infiniti, Isuzu, Kia, Lexus, Suzuki និង Toyota​។​
 
​ម៉ូ​ដែល​ថ្មីៗ ដែលមាន​ការទាក់ទាញ​ខ្ពស់ មានដូចជា Aston Martin Vantage, Audi e-tron Quattro, BMW M5 Competition, Bugatti Divo, Citroën C5 Aircross, Cupra Ateca, DS 7 Crossback E-Tense, Ferrari Monza SP1 et SP219, Honda HR-V First Edition, Hyundai Kona Electric, Kia e-Niro, Lexus ES VII, Ligier JS2 R, Maserati Levante Trofeo, Mercedes-Benz Classe A IV berline, Peugeot 3008 II Hybrid4, Renault Mégane IV RS Trophy, Seat Tarraco, Škoda Kodiaq RS, Suzuki Jimny IV, Tesla Model 3, Toyota Corolla Touring Sports៕
 

© រក្សាសិទ្ធិដោយ thmeythmey.com