អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថៃ ប្រកាស​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប៊ែ​ល​ហ្ស៊ិ​ក ដ្បិត​រដ្ឋ​អឺរ៉ុប​ព្រម​យោគយល់​ស្ថានភាព​នៅ​ថៃ​
22, Oct 2018 , 10:59 pm        
រូបភាព
ដោយ:
​ប្រមុខ​របប​សឹក​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា បានប្រកាស​ពី​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប នៅក្នុង​ប្រទេស​បែលហ្ស៊ិក​។ ហេតុផល ដែល​ប្រមុខ​របប​សឹក​ថៃ​រូបនេះ​ហ៊ាន​ប្រកាស​បែបនេះ ដ្បិត​លោក អះអាងថា ប្រទេស​តំបន់​អឺរ៉ុប បាន​យោគយល់​ពី​ស្ថានភាព​របស់​ប្រទេស​ថៃ ដែល​កំពុងតែ​គ្របដណ្តប់​ដោយ​ឥទ្ធិពល​យោធា​នោះ​។​


 
​នៅពេលដែល​មក​ព្រលានយន្តហោះ​ក្នុង​ទឹកដី​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​២០ តុលា​ភ្លាម ពោលគឺ​បន្ទាប់ពី​វិលត្រឡប់​ពី​ចូលរួម​ប្រជុំ​អាស៊ី​-​អឺរ៉ុប​នៅ​បែលហ្ស៊ិក លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក ទទួលបាន​មតិ​យល់ឃើញ​ល្អៗ និង​ការជឿទុកចិត្ត​ពី​ប្រទេស​អឺរ៉ុប​លើ​ផែនការ​នៃ​ការបោះឆ្នោត​របស់​ថៃ ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Bangkok Post​។​
 
​លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា លោក បាន​ជជែក​ជាមួយនឹង​មេដឹកនាំ​មកពី​បណ្តា​ប្រទេស​ជិត​៥០ ហើយ​មេដឹកនាំ មួយចំនួន បាន​ឯកភាព​ថា ថៃ បាន​អនុវត្ត​គ្រប់​កាតព្វកិច្ច​អន្តរជាតិ​។ ពិសេស​នោះ លោក សង្កត់ធ្ងន់ថា តាមរយៈ​ជំនួប​ទ្វេភាគី​ជាមួយនឹង​មេដឹកនាំ​ប្រាំបួន​ប្រទេស លោក បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ជាច្រើន ដោយ​មេដឹកនាំ​ប្រទេស​ទាំងនោះ ក៏បាន​ទទួលស្គាល់ថា រដ្ឋាភិបាល​របស់លោក បានធ្វើ​ឲ្យ​ប្រទេស​មានដំណើរ​ការល្អ ទាំង​លើ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​សណ្តាប់ធ្នាប់​ជាដើម​។ 
 
​បន្ថែម​ពី​ការលើកឡើង​នេះ លោក​រដ្ឋមន្ត្រីការបរទេស​ថៃ Don Pramudwinai ដែល​បាន​អមដំណើរ​លោកនាយករ​ដ្ឋ​មន្ត្រី​ក្នុង​កិច្ចប្រជុំ​នោះ បាន​អះអាងថា គ្មាន​ប្រទេស​ណាមួយ សម្តែង​ការព្រួយបារម្ភ​ពី​ស្ថានភាព​ថៃ និង​ស្ថានភាព​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចុះ​ចេញពី​តំណែង​ឡើយ​។ លោក​រដ្ឋមន្ត្រី ប្រាប់​អ្នកសារព័ត៌មាន​ថា មេដឹកនាំ​បរទេស ក៏​ចាត់ទុក​ស្ថានភាព​ថៃ​មាន​ស្ថិរភាព​។​
 
​គួរ​ជម្រាប​ថា រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា បានចាប់កំណើត​ឡើង​ដោយសារ​រដ្ឋប្រហារ​យោធា​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៤​។ រដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ផ្ទាល់ ធ្វើឡើង​ក្រោម​ហេតុផល​ថា មេដឹកនាំ​មុន ធ្វើ​ឲ្យ​ប្រទេស​មានការ​បែងចែក អស្ថិរភាព និង​ខូចខាត​ផលប្រយោជន៍​សេដ្ឋកិច្ច​៕ 
 

Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com