អន្តរជាតិ
អនាគត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទទូច​ឲ្យ​យុវជន​ពង្រឹង​ភាសា​ចិន​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​
22, Oct 2018 , 11:59 pm        
រូបភាព
ដោយ:
​តំណាងរាស្ត្រ និង​ជា​អនាគត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម នៅ​ថ្ងៃទី​២១ ខែតុលា បាន​ទទូច​ឲ្យ​សិស្ស និង​និស្សិត​ម៉ាឡេស៊ី​ពង្រឹង​ការសិក្សា​ភាសា​ចិន​ឲ្យ​បាន​ខ្លាំងពូកែ ដ្បិតថា​ភាសា​នេះ ជា «​ភាសា​សេដ្ឋកិច្ច​ដ៏​សំខាន់​ប្រចាំ​តំបន់​»​។​

 
​ថ្លែង​នៅក្នុង​សិក្ខាសាលា​ជាតិ​ដែល​បាន​រៀបចំឡើង​ដោយ​ជាប់ទាក់ទង​នឹង​មហាសន្និបាត​ម៉ាឡេស៊ី​លើក​ទី​៤៧  ប្រធាន​គណបក្ស​សហព័ន្ធ Parti Keadilan Rakyat ដែល​ទើបតែ​ចូលកាន់​តំណែង​ជា​សមាជិកសភា​កាលពីពេល​ថ្មី​នេះ​ជំរុញ​ឲ្យ​យុវជន​ម៉ាឡេស៊ី​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព​ភាសា​ចិន​។ 
 
​លោក​បានលើកឡើង​បែបនេះ​ថា​៖ «​ភាសា​ចិន​គឺជា​ភាសា​សេដ្ឋកិច្ច​យុទ្ធសាស្ត្រ​ប្រចាំ​តំបន់​មួយ​នាពេល​បច្ចុប្បន្ននេះ​។ ភាសា​នេះ​ត្រូវបាន​ទទួលយក ដោយ​មិនបាច់​ចោទសួរ​ពី​ជំហរ​នៃ​ភាសា​ម៉ា​ឡេ ដែលជា​ភាសាជាតិ​របស់​យើង​នោះទេ​។ យ៉ាងណាមិញ រដ្ឋាភិបាល​ក៏​គាំទ្រ​ការសិក្សា​ភាសាបរទេស​ផ្សេងទៀត​ផងដែរ​»​។ 
 
​មិន​ត្រឹមតែ​ប៉ុ​ណ្នោះ ក្នុងឱកាស​នេះ​ផងដែរ លោក​អាន់​វ៉ា ដែល​ធ្លាប់ជា​អតីត​ប្រធាន​ចលនា​យុវជន​មូស្លីម​ម៉ាឡេស៊ី បាន​អះអាង​ទៀតថា ការអភិវឌ្ឍ​របស់​ជាតិ​ត្រូវតែ​ភ្ជាប់​យ៉ាង​ចាំបាច់ ជាមួយ​ការ​សង្កត់ធ្ងន់​លើ​ទិដ្ឋភាព​មនុស្សធម៌​។ គោលបំណង​នោះ​គឺ​ដើម្បី​ពង្រឹង​ការយល់ដឹង អំពី​សាសនា​អ៊ីស្លាម​ឲ្យ​បានច្បាស់លាស់​ជាង​មុន​បន្ថែមទៀត​។ នេះ​បើតាម​សារព័ត៌មាន​ម៉ាឡេស៊ី Bernama​។​
 
​ម្យ៉ាងវិញទៀត លោក អាន់​វ៉ា​ក៏បាន​លើកឡើង​ពី​តម្លៃ​មនុស្ស ដោយ​លោក​ពន្យល់ថា ទិដ្ឋភាព​សេដ្ឋកិច្ច​មិនគួរ​ត្រូវបាន​គេ​វិនិច្ឆ័យ​ដោយ​ផ្អែកលើ​ត្រឹមតែ​អភិបាលកិច្ច​ល្អ និង​គ្មាន​អំពើពុករលួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ត្រូវផ្តោត​លើ​តម្លៃ​មនុស្ស​ផងដែរ​។ លោក​បន្ថែមថា វា​មាន​អភិវឌ្ឍ​សេដ្ឋកិច្ច​គួរ​ឲ្យ​ភ្ញាក់ផ្អើល ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ប្រជាជន​វិញ​នោះ​មិនត្រូវ​បាន​គេ​ឲ្យ​ផ្តល់​តម្លៃ​ឡើយ​៕
 

Tag:
 ម៉ាឡេស៊ី​
  អាន់​វ៉ា អ៊ីប្រាហ៊ីម
© រក្សាសិទ្ធិដោយ thmeythmey.com