កីឡាអន្តរជាតិ
អន្តរជាតិ
បេក្ខភាព​៥​រូប​ដែល​អាច​ជំនួស​លោក Lopetegui នៅ Real Madrid
22, Oct 2018 , 6:08 pm        
រូបភាព
​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid រាយការណ៍​ថា​បានកំណត់​អត្តសញ្ញាណ​បេក្ខភាព​៥​រូប​ដែល ត្រូវ​ជំនួស​អ្នកចាត់ការ​ទូទៅ លោក Julen Lopetegui ដែល​អាច​នឹង​បញ្ចប់​តំណែង​នាពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ដឹកនាំ​ក្រុម​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង​។​


 
​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រយៈពេល​ខ្លី​រូបនេះ កំពុងស្ថិត​ក្រោម​សម្ភា​ធ​ធ្ងន់ធ្ងរ​បន្ថែមទៀត​នៅឯ​ទឹកដី Bernabeu បន្ទាប់ពី​លទ្ធផល​មិន​គាប់ប្រសើរ​សោះ ដោយ​ទទួល​បរាជ័យ​ជា​ច្រើនជាង​ជ័យជម្នះ​ចាប់ពី​ឡើង​ដឹក​នាំមក​។​
 
​ក្រោម​ការដឹកនាំ​របស់​លោក Lopetegui ក្នុងការ​ជំនួស​តំណែង Zinedine Zidane សម្រាប់​រដូវ​កាល ២០១៨-២០១៩​នេះ ក្រុម​រហស្សនាម​ស្តេច​សរក​បានតែ​១៤​ពិន្ទុ​ប៉ុណ្ណោះ​ក្នុងចំណោម​៩​ប្រកួត​នៃ​ក្របខណ្ឌ La Liga ដោយ​ឈ្នះ​៤ ចាញ់​៤ និង​ស្មើ​មួយ តាម​ពីក្រោយ​គូប្រជែង Barcelona ដែល​ស្ថិតនៅ​កំពូល​តារាង​៤​ពិន្ទុ​។ Real ក៏​បរាជ័យ​ក្រោម​ថ្វី​ឈើ​ង​ក្រុម CSKA Moscow ក្នុងការ​ប្រកួត​ពាន Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល G ផងដែរ​។ 
 
 អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ ៥២​ឆ្នាំ រំពឹងថា​ត្រូវបាន​ក្លិប Real ទុក​ឱកាស​សម្រាប់​ការប្រកួត​ពានរង្វាន់​កំពូល​អឺរ៉ុប ក្នុងជំនួប​ទល់នឹង​ក្រុម Viktoria Plzen មុន​ប៉ះ Barcelona នៅ El Clasico សប្តាហ៍​ក្រោយ​ដើម្បី​រក្សា​តំណែង​របស់លោក​។​
 
​យ៉ាងណាក៏ដោយ​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​នេះ ក៏បាន​ត្រៀម​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ជំនួស​លោក Lopetegui រួចរាល់​ហើយ​ដែរ​។​
 
​បើតាម​កាសែត​អេ​ស្ប៉ា​ញ MARCA អតីត​ខ្សែបម្រើ Santiago Solari ជា​បេក្ខភាព​នាំមុខគេ​ក្នុងចំណោម​៥​នាក់​ដើម្បី​ជំនួស​កៅអី​នេះ​។ បេក្ខភាព​៤​នាក់​ផ្សេងទៀត​រួមមាន Guti ដែលជា​អតីត​ខ្សែបម្រើ​របស់ Real Madrid នេះដែរ លោក Roberto Martinez គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​បច្ចុប្បន្ន លោក Antonio Conte អតីត​អ្នកចាត់ការ​ទូទៅ Chelsea និង អតីត​អ្នកចាត់ការ PSG លោក Laurent Blanc ផងដែរ​៕

Tag:
 បាល់ទាត់​
  Real Madrid
  Julen Lopetegui
© រក្សាសិទ្ធិដោយ thmeythmey.com