កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ផ្តល់​ធុងសំរាម​១០០​ធុង ដើម្បី​រួមចំណែក​សម្អាត​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ​
30, Oct 2018 , 10:19 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បានផ្តល់​ធុងសំរាម​ចំនួន​១០០​ធុង​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​ដាក់ពង្រាយ​នៅតាម​ឆ្នេរសមុទ្រ​និង​តាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន​។ ការផ្តល់​នេះ ធ្វើឡើង​ក្នុង​កម្មវិធី Football Clinic និង​រួមគ្នា​ដើម្បី​បរិស្ថាន​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​។​

 
​ដើម្បី​រួមចំណែក​ថែរក្សា​សណ្តាប់ធ្នាប់ និង​សម្អាត​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ ដ៏​ស្រស់ស្អាត​របស់​កម្ពុជា ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោម​បានផ្តល់​ធុងសំរាម​ចំនួន​១០០​ធុង​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ ម្យ៉ាង​ការផ្តល់​នេះ គឺ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ និង​អ្នក​បោសសំអាត​ក្នុងការ​ចោល និង​ប្រមូល​សំរាម​។ ធុងសំរាម​ទាំងនេះ នឹងដាក់​ពង្រាយ​តាម​ឆ្នេរសមុទ្រ និង​ដង​វិថី​សំខាន់ៗ​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ​។​


 
​តាមរយៈ​កម្មវិធី Football Clinic និង​រួមគ្នា​ដើម្បី​បរិស្ថាន ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ឬ​ទ្ធី សំណាង ប្រធាន​ក្លិប​ភ្នំពេញ​ក្រោ​ន​នេះដែរ មាន​ការចែក​សម្ភារ​សិក្សា និង​កីឡា​មួយចំនួន​រួមមាន​ប៊ិច សៀវភៅ និង​អាវ​កីឡា​ដល់​យុវជន​ចំនួន​៦០​នាក់​ផងដែរ​។ លើសពីនេះ ពួកគេ​ទទួលបាន​ការចែករំលែក​បទពិសោធន៍​កម្រិត​មូលដ្ឋាន​ពី​បច្ចេកទេស​នៃ​ការលេង​បាល់​ពី​សំណាក់​កីឡាករ គ្រូបង្វឹក​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​នៅ​ទីលាន​នៃ​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​ដុន​បូ​ស្កូ​ទៀតផង​។ 


 
​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្លិប​ភ្នំពេញ​ក្រោ​ន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ប​ន្ទីរ​អប់រំ យុវជន​និង​កីឡា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​, លោក ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​មន្ត្រី​ជាច្រើនរូប​ទៀត​។    
 
​ក្រៅពី​កម្មវិធី​សំខាន់ៗ​ខាងលើ មានកម្ម​វិធី​ដើរ​សម្អាត​សំរាម​តាម​ឆ្នេរ និង​ដង​វិថី និង​ដាំ​ដើមឈើ​អនុស្សាវរីយ៍​ជាដើម​៕ 



Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  ខេត្ត​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com