ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ទោះ​តម្លៃ​ទីផ្សារ​ចុះថោក​ម្ដង​កាល តែ​អ្នកស្រី ចន្ថា នៅតែ​បន្ត​ដាំ​ស្ពៃចង្កឹះ​ព្រោះ​នៅមាន​តម្រូវការ​
03, Nov 2018 , 9:45 am        
រូបភាព
ដោយ:
 ​កំពង់ចាម​៖ អ្នកស្រី វ៉ា​ច ចន្ថា បាន​ប្រកបមុខរបរ​ដាំ​ស្ពៃចង្កឹះ​អស់​រយៈពេល​៣០​ឆ្នាំ ដោយ​គ្មាន​ការព្រួយបារម្ភ​រឿង​គ្មាន​ទីផ្សារ​នោះទេ​។ កសិករ​វ័យ​៥៣​ឆ្នាំ​រូបនេះ​បាន​លើកឡើងថា ឲ្យ​តែ​ដល់ពេល​ប្រមូល​ផលដំណាំ​ស្ពៃ​នេះ គឺមាន​អ្នកទទួល​ទិញ​គ្មាន​សល់​ឡើយ​។



​តាមរយៈ​ការផ្តល់​បទ​សម្ភាស​សារ​ព័​ត៍​មាន​ថ្មីៗ អ្នកស្រី វ៉ា​ច ចន្ថា ដែល​រស់នៅ​ក្នុងភូមិ​បឹង​ស្នាយ  សង្កាត់​បឹង​ស្នាយ  ក្រុង​កំពង់ចាម  ខេត្តកំពង់ចាម បាន​អះអាងថា ពេលខ្លះ​ក៏​ដំណាំ​ស្ពៃចង្កឹះ​ជួប​បញ្ហា​ទីផ្សារ​ដែរ​។ តម្លៃ​ស្ពៃចង្កឹះ​ចុះថោក ព្រោះ​ការផ្គត់ផ្គង់​ច្រើន​។ ហេតុនេះហើយ​កសិករ​ក្នុង​សហគមន៍​របស់​អ្នកស្រី ចន្ថា មួយចំនួនធំ​បាន​បោះបង់​វា ប៉ុន្តែ​អ្នកស្រី​មិនបាន​បោះបង់​មុខរបរ​នេះ​ទេ​។ ការដែល​គេ​នាំគ្នា​ឈប់​ដាំ​ស្ពៃ​នេះហើយ ដែល​ធ្វើ​ឲ្យ​ឈ្មួញ​នៅតែ​មករក​ស្ពៃ​របស់​អ្នកស្រី ចន្ថា និង​ឲ្យ​តម្លៃ​មួយ​សមរម្យ​ទៀតផង​។​
 
 
​អ្នកស្រី ចន្ថា ប្រាប់ថា​ទោះបី​ស្ពៃ​មាន​តម្លៃថោក​ឬ​ថ្លៃ ក៏មាន​ឈ្មួញ​មក​ទិញ​ស្ពៃ​របស់​អ្នកស្រី​ជារឿយៗ​ដែរ​។ ចំណុច​នេះ​បាន​ជំរុញ​ឲ្យ​អ្នកស្រី និង​ក្រុមគ្រួសារ មាន​ទឹកចិត្ត​ប្រក​បរបរ​មួយ​នេះ​រហូតមកដល់​សព្វថ្ងៃ​។ 
​ស្ពៃ​ដែល​អ្នកស្រី ចន្ថា លក់ដុំ​ឲ្យ​ឈ្មួញ យកទៅលក់​បន្ត​នៅតាម​ទីផ្សារ មានតម្លៃ​ពី​២៥០០​រៀល ទៅដល់​៣០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ អ្នកស្រី​បន្តថា ក្នុង​មួយខែ​អ្នកស្រី អា​ចរក​ចំណូល​ជា​មធ្យម​ប្រមាណ​ពី ៦​សែន​រៀល ទៅ ១​លាន​រៀល ពី​ការដាំ​ស្ពៃចង្កឹះ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសា​ប្រចាំថ្ងៃ​៕ 

ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 

Tag:
 ស្ពៃចង្កឹះ​
© រក្សាសិទ្ធិដោយ thmeythmey.com