កីឡាជាតិ
ជាតិ
សៀង ច​ន្ធា មានឱកាស​បំបែក​កំណត់ត្រា​របស់ កែវ សុខ​ង​ន បានដែរ​ឬទេ​?
03, Nov 2018 , 12:56 pm        
រូបភាព
ចន្ធា (ឆ្វេង) ពេលហ្វឹកហាត់និង សុខងន ពេល​ជាកីឡាករក្រុមជម្រើសជាតិ។ រូបថត FFC និងហ្វេសប៊ុក Keo Sokgon
ចន្ធា (ឆ្វេង) ពេលហ្វឹកហាត់និង សុខងន ពេល​ជាកីឡាករក្រុមជម្រើសជាតិ។ រូបថត FFC និងហ្វេសប៊ុក Keo Sokgon
វ័យ​ត្រឹម​ជាង​១៦​ឆ្នាំ​ប៉ុណ្ណោះ ខ្សែប្រយុទ្ធ សៀង ច​ន្ធា ត្រូវបាន​កោះហៅ​ចូលក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន លោក Felix Agustin Gonzalez Dalmas  និង​អ្នកចាត់ការ​ទូទៅ​ជប៉ុន​លោក Keisuke Honda សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១៨ នា​ខែវិច្ឆិកា ខាងមុខ​។ ការ​មានឈ្មោះ​ក្នុង​បញ្ជី​២៥​នាក់ ក៏​ជាការ​បើកផ្លូវ​ឲ្យ​សិស្សសាលា​បាល់ទាត់​ជាតិ​បាទី​រូបនេះ មានឱកាស​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​ជម្រើសជាតិ​ផងដែរ ខណៈ​បច្ចុប្បន្ន កែវ សុខ​ង​ន ជា​ម្ចាស់​កំណត់ត្រា​។​



 
​នា​ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ជម្រុះ AFC Challenge Cup នៅ​ក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០០៩ កីឡាករ កែវ សុខ​ង​ន បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ របស់​កម្ពុជា​លើ​ម៉ា​កាវ​។ គ្រាប់​បាល់​បញ្ចូល​ទីនេះ នាំ​អតីត​ខ្សែប្រយុទ្ធ​ក្លិប​ភ្នំពេញ​ក្រោ​ន​, Samuth Sakhon និង​បឹងកេត ក្លាយជា​កីឡាករ​ដែល​វ័យក្មេង​ជាងគេ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​ជម្រើសជាតិ ក្នុង​អាយុ​១៦​ឆ្នាំ និង​៣៦៣​ថ្ងៃ ពោលគឺ​២​ថ្ងៃមុន​ឈានដល់​អាយុ​១៧​ឆ្នាំ​។​
 
​ជាមួយគ្នានេះ​ផងដែរ កែវ សុខ​ង​ន ដែល​បច្ចុប្បន្ន​ក្លាយជា​អ្នកដឹកនាំ​ក្លិប​ភ្នំពេញ​ក្រោ​ន បានបង្ហាញ​ខ្លួន​ទាំងបី​ប្រកួត​របស់​កម្ពុជា ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ប្រាក់ សុវណ្ណារ៉ា ដោយ​ចូល​លេង​ជំនួស ឃឹម បូរី ពេល​ចាញ់​ម្ចាស់ផ្ទះ​បង់​ក្លា​ដែ​ស ១-០ ជំ​នួ គឹម ចាន់​ប៊ុន​រិ​ទ្ធ ពេល​ចាញ់​មី​យ៉ាន់​ម៉ា ១-០ ដូចគ្នា​។ សុខ​ង​ន ដែល​កើត​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩២ នៅ​ខេត្តក្រចេះ បាន​លេង​ពេញ​តង់​ក្នុងជំនួប​ជាមួយ​ម៉ា​កាវ ដោយបាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៦៦ បន្ទាប់ពី ទៀប វឌ្ឍនៈ រកបាន​គ្រាប់​បើកឆាក​នៅ​ដើមតង់​ទីមួយ ហើយ​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល ២-១ ដោយសារ Che Chi Man វាយបក​បាន​មួយ​គ្រាប់​វិញ​សម្រាប់​ម៉ា​កាវ​។​
 

សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ខាងមុខ សៀង ច​ន្ធា មានឱកាស​គ្រប់ពេល​ក្នុងការ​បំបែក​កំណត់ត្រា​របស់ កែវ សុខ​ង​ន ប្រសិនបើ​គេ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូល​លេង និង​អាចឈាន​ទៅដល់​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុងជំនួប​ណាមួយ​ក្នុង​ពូ​ល A ជាមួយ​ម៉ាឡេស៊ី ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​។​
 
​បើតាម​បញ្ជី​ឈ្មោះ​ដែល​ចេញផ្សាយ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) សៀង ច​ន្ធា កើត​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០០២ នៅ​ខេត្តកោះកុង​។ សម្រាប់​ការប្រកួត​របស់​កម្ពុជា​នៅក្នុង​ពូ​ល A ចន្លោះ​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​២៤ ខែកញ្ញា នេះ ច​ន្ធា នឹងមាន​អាយុ​ត្រឹមតែ​១៦​ឆ្នាំ និង​២​ខែ​ជាង​ប៉ុណ្ណោះ​។ បើ​កម្ពុជា​អាចឈាន​បន្ត​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ខែធ្នូ ឱកាស​របស់​ច​ន្ធា​ក្នុងការ​បំបែក​កំណត់ត្រា​រៀមច្បង សុខ​ង​ន ក៏​មិន​ហួសពេល​នោះដែរ​។​
 
​តើ​ច​ន្ធា មានឱកាស​បង្ហាញ​សមត្ថភាព ហើយ​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​ជម្រើសជាតិ​បានដែរ​ឬទេ​? នេះ​ជាការ​សម្រេចចិត្ត​របស់​គ្រូបង្វឹក ប៉ុន្តែ​កន្លងមក គ្រូបង្វឹក​អា​ហ្ស​ង់​ទីន លោក Felix បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា «​ច​ន្ធា​ជា​កីឡាករ​ប្រកបដោយ​សក្តានុពល និង​មានការ​ប្រឹងប្រែង​ខ្ពស់​»​។​
 
​សូមបញ្ជាក់ថា មុន​មានឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ សៀង ច​ន្ធា ដែល​មានមុខ​ស្រដៀង ខ្សែប្រយុទ្ធ​ជើងចាស់ ឃឹម បូរី ជា​កីឡាករ​ដ៏​ឆ្នើម​ក្នុង​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា និង​ក្រុមកីឡា​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​។​
 
​ឆ្នាំ​២០១៦ ច​ន្ធា ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្របខណ្ឌ Second League ខណៈ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។ នៅក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​វិញ ច​ន្ធា​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ U16 កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ AFF U16 Youth Championship​។​

​សម្រាប់​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ AFC U16 Championship នៅ​សិង្ហ​បុរី ច​ន្ធា​រួមចំណែក​បាន​១​គ្រាប់ ហើយ​ខ្សែប្រយុទ្ធ​រូបនេះ រកបាន​២​គ្រាប់​ផងដែរ ក្នុងការ​ប្រកួត AFF U18 Youth Championship នៅ​ក្រុង​យាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​
 

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កីឡាករ​ឆ្នើម​ដែលមាន​ប្រភពពី​ខេត្តកោះកុង បាន​ស៊ុត​បាល់​បញ្ចូល​ទី​រហូតដល់​ទៅ​៥​គ្រាប់ ដើម្បី​ក្លាយជា Top Scorer ប្រចាំ​ព្រឹត្តិការណ៍ AFF U15 Championship នៅ​ឈុន​បុរី ប្រទេស​ថៃ បើទោះបីជា​កម្ពុជា ហាលអាវ​ក៏ដោយ​។​
 
​តើ​ច​ន្ធា ដែល​តែងតែ​លេចធ្លោ​ក្នុង​ឈុត​យុវជន U15, U16 និង U18 រូបនេះ អាចមាន​ឱកាស​បង្ហាញ​សមត្ថភាព និង​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​ឈុត​ជម្រើសជាតិ ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ដែរឬទេ​? នៅ​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា កម្ពុជា​ស្វាគមន៍​ម៉ាឡេស៊ី សម្រាប់​ជំនួប​បើកឆាក​នៅ​ពូ​ល A មុននឹង​ទៅលេង​នៅ​ទឹកដី​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ វិច្ឆិកា​។ បន្ទាប់មកទៀត កម្ពុជា​ទទួល​ឡាវ​នៅ​ថ្ងៃទី​២០ ហើយ​ទៅ​ជួប​វៀតណាម​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​៕
 
 

Tag:
 AFF Suzuki Cup
  ជម្រើសជាតិ
  កែវ សុខងន
  សៀង ចន្ធា
© រក្សាសិទ្ធិដោយ thmeythmey.com