ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
រស់នៅ​កម្ពុ​ជាជាង​បី​ឆ្នាំ ឯកអគ្គរដ្ឋទូត​អាមេរិក​ជាប់ចិត្ត​ខេត្ត​ពោធិ៍​សា​ត់​, កំពត និង​បាត់ដំបង​ជាងគេ
03, Nov 2018 , 5:39 pm        
រូបភាព
 ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក William (Bill) A. Heidt  មានប្រសាសន៍ថា លោក​រីករាយ​ខ្លាំង​ដែល​បានសម្រេច​បំណង​ទៅ​ទស្សនា​គ្រប់​ខេត្ត​ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មុន​ត្រឡប់​ទៅ​អាមេរិក​វិញ​នៅ​ចុងខែ​វិច្ឆិកា​ខាងមុខនេះ​។ ពោធិ៍សាត់ កំពត និង​បាត់ដំបង គឺជា​ខេត្ត​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​រូបនេះ​ជាប់ចិត្ត​ជាងគេ​។



​ពេល​សាក​សួរថា តើ​ខេត្ត​ណា​ដែល​លោក​ពេញចិត្ត​ជាងគេ លោក William Heidt បាន​ឆ្លើយតប​ថា លោក​មាន​មនោសញ្ចេតនា​ដិតដាម​ជាមួយ​ខេត្តពោធិ៍សាត់​ជាងគេ ហើយ​ក៏មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ប្រជាជន​នៅ​ទីនោះ​ផង​។ ហេតុផល​សំខាន់​មួយ​នោះ​គឺ ភរិយា​របស់លោក លោកស្រី សុ​ទ្ធី ហេ​ដ ជា​អ្នកស្រុក​ក្រគរ ខេត្តពោធិសាត់​។  
 
​លោក​និយាយ​បែបនេះ​៖ «​ខេត្ត​ដែល​ខ្ញុំ​ពេញចិត្ត​នោះ​គឺ អ្នកដឹង​ស្រាប់​ហើយ​ថា​ភរិយា​ខ្ញុំ​ជា​អ្នកស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ យើង​បាន​ទៅ​ទីនោះ​ច្រើនដង ប្រហែល​ប្រាំមួយ ឬ​ប្រាំ​ពីរដង​ឯណោះ​។ ខ្ញុំ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ខ្លាំង​។ ដូច្នេះហើយ ខ្ញុំ​គិតថា វា​ជា​ខេត្ត​ដែល​ខ្ញុំ​ដក់​ជាប់​ពេញចិត្ត​ជាងគេ​»​។   
 
​ក្រៅពី​ខេត្តពោធិ៍សាត់​ជា​ទឹកដី​កំណើត​ភរិយា ឯកអគ្គរដ្ឋទូត​អាមេរិក​រូបនេះ​បាន​បង្ហើប​ថា ខេត្ត​ពីរ​ផ្សេងទៀត​ដែល​លោក​ចាប់ចិត្ត និង​ឧស្សាហ៍​ទៅ​កម្សាន្ត​នៅ​ចុង​សប្តាហ៍​គឺ ខេត្តកំពត និង​ខេត្តបាត់ដំបង​។ ទីតាំងនៅ​ប្រប​មាត់​ស្ទឹង​របស់​ខេត្តកំពត​ជា​ចំណុច​ពិសេស​បំផុត​សម្រាប់​លោក ខណៈដែល​ភាពស្រស់​ស្រាយ​នៃ​ខេត្តបាត់ដំបង​ទាក់ចិត្ត​លោក​ខ្លាំងជាងគេ​ដែរ​។​
«​ខ្ញុំ​ចង់​ប្រាប់​ដែរ​ថា នៅ​ចុង​សប្តាហ៍​ខ្ញុំ​ចូលចិត្ត​ទៅ​ខេត្តកំពត​។ ខ្ញុំ​គិតថា​វា​ជាទី​ក្រុង​មួយ​ដែល​គួរ​ជាទី​គាប់ចិត្ត​មួយ​ដែល​ស្ថិតនៅ​ប្រប​មាត់​ស្ទឹង​។ ខ្ញុំ​ក៏​ចាប់ផ្តើម​ស្រលាញ់​ខេត្តបាត់ដំបង​ដែរ​ឥឡូវនេះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា បាត់ដំបង​ជាទី​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់អ្នកទេសចរ​អាមេរិក​។ វា​ជា​ក្រុង​ដែល​ស្រស់ស្រាយ​សម្រាប់​លំហែ​អារម្មណ៍ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ​។ ខេត្ត​ទាំងពីរ​ជា​កន្លែង​ដែល​ខ្ញុំ​ពេញចិត្ត​បំផុត​សម្រាប់​លំហែកាយ​ចុង​សប្តាហ៍​»​។ លោក Heidt អះអាង​បែបនេះ​។ 
 
​សូមបញ្ជាក់ថា លោក​ឯកអគ្គរដ្ឋទូត William Heidt នឹង​បញ្ចប់​បេសកកម្ម​ការទូត​របស់​ខ្លួន​នៅ​កម្ពុជា​ត្រឹម​ខែវិច្ឆិកា​នេះ​។ លោក​បានទទួល​ការយល់ព្រម​ពី​ព្រឹទ្ធសភា​អាមេរិក​ធ្វើជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា តាំងពី​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០១៥ ហើយ​បាន​ស្បថ​ចូល​បំពេញការងារ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ។ ចំណែក​លោក Patrick Murphy បច្ចុប្បន្ន​ជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការងារ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ត្រូវ​បានស្នើ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ដោយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​។ បេក្ខភាព​របស់លោក​ត្រូវ​ទទួល​យល់ព្រម​ពី​ព្រឹទ្ធសភា​អាមេរិក​សិន​៕





 

Tag:
 ពោធិ៍សាត់​
  កំពត​
  បាត់ដំបង​
  William Heidt
© រក្សាសិទ្ធិដោយ thmeythmey.com