ភ្នំពេញ៖ បន្ទាប់ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបញ្ជូនមន្ត្រីជំនាញចុះទៅត្រួតពិនិត្យនៅតំបន់ខេត្តព្រះសីហនុនោះ ដល់វេនក្រសួងទេសចរណ៍ ដែលបានបង្កើតក្រុមការងារ៥ ត្រៀមចុះជួយរៀបចំខេត្តទេសចរណ៍មួយនេះ ឲ្យមានសោភណ្ឌភាព។
មូលហេតុដែលក្រសួងទេសចរណ៍ បង្កើតក្រុមការងារទាំងនេះ ដើម្បីជួយពង្រឹងដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់នេះ ដោយធ្វើយ៉ាងណាធានានូវការអភិឌ្ឍប្រកបដោយនិរន្តរភាព ស្របតាមគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រ។
ក្រុមការងារជំនាញទាង៥ក្រុម ដែលក្រសួងទេសចរណ៍ បានបង្កើតនេះ ត្រូវការផ្ដោតលើការរៀបចំទីក្រុងស្អាត ទឹកស្អាត និងជំរុញឲ្យមានចលនាថែរក្សាតំបន់ឆ្នេរឲ្យបានល្អ ជាពិសេសនៅទីតាំងកោះរ៉ុង និងកោះរ៉ុងសន្លឹមជាដើម។
ក្រុមការងារជំនាញទាំង ៥ រួមមាន៖ ១- ក្រុមការងារទាក់ទងទីក្រុងស្អាត, ២- ក្រុមការងារទាក់ទងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍, ៣- ក្រុមការងារទាក់ទង ការគ្រប់គ្រងឆ្នេរស្អាត, ៤- ក្រុមការងារទាក់ទងការបណ្តុះបណ្តាល ធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍និង ៥- ក្រុមការងារទាក់ទងការពិនិត្យកែសម្រួល រចនាសម្ព័ន្ធចាត់តាំងរបស់មន្ទីរទេសចរណ៍ខេត្ត ការិយាល័យទេសចរណ៍ កោះរ៉ុង កោះរ៉ុងសន្លឹមជាដើម។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ទាក់ទងនឹងខេត្តព្រះសីហនុនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ក៏បានបញ្ជូនមន្ត្រីជំនាញ៤អង្គភាព ចុះទៅត្រួតពិនិត្យ និងគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ។ បញ្ហាដែលសម្ដេច ស ខេង យល់ថា ជារឿងចាំបាច់ដែលត្រូវដោះស្រាយបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះ គឺការបង្ក្រាបករណីបទល្មើសសម្លាប់ ការប្រើប្រាស់គ្រឿងញៀន រៀបចំបរិស្ថាន និងអនាម័យ នៅតំបន់ទេសចរណ៍ ខេត្តព្រះសីហនុនេះ។ ជាពិសេសការទប់ស្កាត់ កុំឲ្យទឹកសមុទ្រកម្ពុជា ដែលកំពុងទាក់ទាញទេសចរនេះ ប្រែក្លាយទៅជាកខ្វក់ ហើយប្រើប្រាស់លែងបាន។
ចំណែកបញ្ហាជនជាតិចិនរស់នៅ ហើយបង្កអនាធិបតេយ្យនៅទីនោះ ក៏ជារឿងសំខាន់ដែលក្រសួងមហាផ្ទៃ កំពុងយកចិត្តទុកដាក់ទប់ស្កាត់ និងដោះស្រាយដែរ។
ចំណែករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ក៏បានបញ្ជាឲ្យមន្ត្រីជំនាញ៦ក្រុម ចុះទៅត្រួតពិនិត្យសំណង់អគារនៅខេត្តព្រះសីហនុ ក្រោយពីសង្ស័យថា មានសំណង់អគារវិនិយោគច្រើន ដែលសាងសង់ខុសច្បាប់ ពោលគឺគ្មានការអនុញ្ញាតត្រឹមត្រូវពីក្រសួងរៀបចំដែនដី។
ដោយសារតែរងការរិះគន់ និងតាមដានលើបញ្ហាសណ្ដាប់ធ្នាប់នេះ អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានក្រើនរំឭកមន្ត្រីនៅតាមមន្ទីរអង្គភាពទាំងអស់ ឲ្យខិតខំពង្រឹងការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានល្អប្រសើរ។ តាមរយៈការពង្រឹងសកម្មភាពការងារនេះ លោក យន្ត មីន ដាក់ចេញវិធានការ៣ចំណុច ឲ្យមន្ត្រីខ្លួនអនុវត្តឲ្យបានត្រឹមត្រូវនោះ ដោយទី១ ពង្រឹងការអនុវត្តច្បាប់ ទី២ ដោះស្រាយទំនាស់ដីធ្លី និងទី៣ ពង្រឹងការងារបរិស្ថាន សណ្តាប់ធ្នាប់សន្តិសុខ ។
«ដើម្បីឲ្យស្រុកក្រុង-ខេត្តយើងស្អាតមានរបៀបរៀបរយ យើងពិតជាមិនអាចខ្វះបានឡើយនូវការចូលរួមពីអ្នកទាំងអស់គ្នា។ ពីពេលនេះតទៅទោះអ្នកតូច ឬអ្នកធំក៏ដោយបើបំពានច្បាប់ ត្រូវតែចាត់វិធានការណ៍តាមច្បាប់ ដោយគ្មានការយោគយល់ទៀតឡើយ»។ នេះជាការលើកឡើងរបស់លោក យន្ត មីន៕