ជាតិ
លោក ជា សុផារ៉ា ប្រាប់​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ បញ្ចៀស​ទឹក​កខ្វក់​ចូល​សមុទ្រ​បណ្ដោះអាសន្ន​
06, Nov 2018 , 11:44 am        
រូបភាព
​ព្រះសីហនុ​៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រាប់​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ រៀបចំ​ការរំដោះ​បញ្ហា​ទឹក​កខ្វក់​ចូល​សមុទ្រ​បណ្ដោះអាសន្ន​សិន មុននឹង​ក្រសួង​ពាក់ព័ន្ធ​រៀបចំ​ស្ដារ​ស្ថានីយ​ទឹក​កខ្វក់​ឲ្យ​បាន​ត្រឹមត្រូវ​។

 
​អន្តរក្រសួង​ពាក់ព័ន្ធ ដែល​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី បាន​បើក​កិច្ចប្រជុំ​ធំ​មួយ ដើម្បី​សិក្សា​រៀបចំ​ស្ថានីយ៍​បូមទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក​កខ្វក់ ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៥ វិច្ឆិកា​។ តាមរយៈ​កិច្ចប្រជុំ​នេះ អន្តរក្រសួង បាន​ឯកភាពគ្នា​រៀបចំ​ស្ថានីយ​ពិពិធ​កម្ម​ចម្រោះ​ទឹក​កខ្វក់ ដើម្បី​ការពារ​បរិស្ថាន ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ឆ្នេរសមុទ្រ​។​


អភិបាលខេត្តព្រះសីហនុលោក យន្ត មីន
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នេះ អន្តរក្រសួង​តម្រូវ​ឲ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ រៀបចំ​វិធី​រំដោះ​ទឹក​កខ្វក់​បណ្ដោះអាសន្ន​សិន មុននឹង​ក្រសួង​រៀបចំ​ស្ដារ​ស្ថានីយ​ចម្រោះ​ទឹក​នៅ​ទីនោះ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត បាន​និយាយ​ដូច្នេះ​ថា​៖« ជំហាន​ដំបូង​នេះ ធ្វើ​យ៉ាងម៉េច​បញ្ចៀស​ការហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​ឲ្យ​បាន ដោយ​មធ្យោបាយ​បណ្ដោះអាសន្ន តាមរយៈ​ការដាក់​ម៉ាស៊ីនបូមទឹក​កខ្វក់​កុំ​ឲ្យ​ចូល​សមុទ្រ ដើម្បី​រក្សា​ឆ្នេរ និង​ទឹកសមុទ្រ​ឲ្យ​ស្អាត​សម្រាប់​គោលដៅ​ទេសចរ​។ ហើយ​ជំហាន​បន្ទាប់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សិក្សា​ដើម្បី​រៀបចំ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​បង្ហូរ​នេះ ឲ្យ​បាន​គ្រប់​សមត្ថភាព ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​ការបង្ហូរ​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ​ហ្នឹង គោរព​ទៅតាម​បទដ្ឋាន​បរិស្ថាន មិន​ឲ្យ​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​។ ហើយ​ធ្វើ​យ៉ាងម៉េច​ឲ្យ​អាង​ប្រព្រឹត្តិ​កម្មនេះ រៀបចំ​ចម្រោះ​ទឹក​កខ្វក់​ឲ្យ​ក្លាយទៅជា​ទឹកស្អាត មុននឹង​ឲ្យ​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​»​។​


រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល
 
​ក្រៅពីនេះ​អាជ្ញាធរខេត្ត​ព្រះសីហនុ ត្រូវ​ប្រាប់​ម្ចាស់​សំណង់​អគារ​ទាំងអស់ ឲ្យ​រៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅក្នុង​ទីតាំង​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្នុងករណី​ម្ចាស់​សំណង់​អគារ​ទាំងនោះ មិន​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ទេ នោះ​ពួកគេ​នឹង​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។ នេះ​បើតាម​លោក សេង ឡូត​។​


រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់
 
​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បាន​ណែនាំ​ទៅគ្រប់​ការដ្ឋាន​សំណង់ ឲ្យ​រៀបចំ​អាង​ប្រ​ពឹ​ត្តិ​កម្ម​ទឹក​កខ្វក់​ឲ្យ​បាន​គ្រប់ និង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស មុននឹង​ត​ភ្ជាប់​ចូល​លូ​សាធារណៈ​។ នេះ​ជា​ចំណុច​ធំ​មួយ​ដែរ ក្រុមការងារ​យើង​បាន​ណែនាំ​។ ហើយ​បើ​ម្ចាស់​សំណង់​មិន​អនុវត្តតាម យើង​នឹង​ចាត់វិធានការ​តាមផ្លូវ​ពី​ច្បាប់​ស្តីពី​ការគ្រប់គ្រង​សំណង់​»​។​


រដ្ឋមន្រ្តីទេសចរណ៍ លោក ថោង ខុន
 
​តាមពិត​នៅ​ខេត្ត​ព្រះសីហនុ​នេះ មាន​អាង​រំដោះ​ទឹក​កខ្វក់​មួយ​ដែរ ប៉ុន្តែ​ដោយសារតែ​តំបន់​ទេសចរណ៍​មួយ​នេះ មានការ​អភិវឌ្ឍ​លឿន​ពេក ស្របពេល​កំណើន​ប្រជាពលរដ្ឋ​ច្រើន​ផង​នោះ ទើប​ធ្វើ​ឲ្យ​អាង​រំដោះ​ទឹក​ខ្វក់​នេះ មិនអាច​ទ្រទ្រង់​បរិមាណ​ទឹក​កខ្វក់​បាន​ទេ​។ ដោយសារ​បញ្ហា​នេះ ទើប​អន្តរក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​រៀបចំ និង​ស្ដារ​អាងទឹក​កខ្វក់​នេះ​ឡើងវិញ ដែល​គ្រោង​អនុវត្ត​នៅពេល​ឆាប់ៗ​ខាងមុខ​។ នេះ​បើតាម​លោក សេង ឡូត​។​


រដ្ឋមន្រ្តីធនធានទឹក និងឧត្តុនិយម លោក លឹម គានហោ 
 
​អន្តរក្រសួង​ពាក់ព័ន្ធ ដែល​ចូលរួម​កិច្ចប្រជុំ​ធំ​មួយ ដើម្បី​សិក្សា​រៀបចំ​ស្ថានីយ៍​បូមទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក​កខ្វក់ ក្នុង​ខេត្ត​ព្រះសីហនុ​នេះ រួមមាន​រដ្ឋមន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា , រដ្ឋមន្ត្រី​បរិស្ថាន លោក សាយ សំ​អាល់ , រដ្ឋមន្ត្រី​ទេសចរណ៍ លោក ថោង ខុន​, រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ,​រដ្ឋមន្ត្រី​ធនធានទឹក និង​ឧ​ត្តុ​និយម លោក លឹម គានហោ និង​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន​៕ 


រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា
 

Tag:
 ​ជា សុផារ៉ា​
  ស៊ុន ចាន់ថុល​
 ​យន្ត មីន​
  ទឹក​កខ្វក់​
© រក្សាសិទ្ធិដោយ thmeythmey.com