ONE Championship
កីឡាជាតិ
ជាតិ
មុន​ឡើង​សង្វៀន​នៅ​សិង្ហ​បុរី​នា​ថ្ងៃ​សុក្រ មាស ម៉ើ ត្រូវការ​កម្លាំងចិត្ត​ពី​ជនរួមជាតិ​
07, Nov 2018 , 11:43 am        
រូបភាព
កីឡាករ មាស ម៉ើ ដែលមាន​កំណើតនៅខេត្តកំពង់ធំ។ រូបថត Matias Andres
កីឡាករ មាស ម៉ើ ដែលមាន​កំណើតនៅខេត្តកំពង់ធំ។ រូបថត Matias Andres
ដោយ: ថ្មីៗ
​មាស ម៉ើ ត្រេកអរ​ចំពោះ​ការទទួលបាន​ឱកាស​ឡើង​ឆាកប្រយុទ្ធ​អន្តរជាតិ ONE: HEART OF THE LION ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ​ទី​៩ ខែវិច្ឆិកា អាទិត្យ​នេះ នៅ​សង្វៀន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។

 
​កីឡាករ​ឆ្នើម​កម្ពុជា​វ័យ ២៨​ឆ្នាំ​រូបនេះ នឹងត្រូវ​ចូល​ប្រយុទ្ធ​យ៉ាង​តានតឹង​ក្នុង​ទ្រុង​ជាមួយ​អតីត​ជើងឯក​ពីរ​សាសន៍​ឥណ្ឌូណេស៊ី​-​ហូ​ឡង់ Anthony "The Archangel"  Engelen ក្នុងការ​ប្រកួត​ប្រភេទ​ទម្ងន់​ស្រាល​។ នៅមុន​ជំនួប​នេះ មាស ម៉ើ ពិតជា​ចង់បាន​កម្លាំងចិត្ត​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អ្នកគាំទ្រ​សិល្បៈ​ក្បាច់គុន​ខ្មែរ​។​
 
​គូប្រកួត​ក្នុង​ថ្ងៃ​សុក្រ​នេះ ចម្រុះ​ទៅដោយ​ជើង​ខ្លាំង​ដែល​ត្រៀម​បង្អួត​សមត្ថភាព​រៀងៗ​ខ្លួន​។ មាស ម៉ើ និង Engelen នឹង​ឡើង​ប្រកួត​គូ​ចុងក្រោយ​នៃ​កម្មវិធី ដូច្នេះ​វា​ជា​ឱកាសល្អ​ដើម្បី​ឲ្យ​គូរ​នេះ​បង្ហាញ​ពី​ទេពកោសល្យ​ទៅអោយ​ទស្សនិកជន​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​បានឃើញ​។​
 
​មាស ម៉ើ មិន​ហ៊ាន​មើលស្រាល​ជើង​ខ្លាំង Engelen នោះទេ ដោយ​ខ្លួន​ដឹងថា ត្រូវតែ​បង្ហាញ​សមត្ថភាព​ឲ្យ​អស់ពី​ដើម្បី​ដណ្តើម​ជ័យជម្នះ​ពី ONE Championship ជា​លើក​ទី​៣​។ គេ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​តំណាង​ឲ្យ​កម្ពុជា បន្ទាប់ពី​ការប្រកួត​របស់ ចាន់ រតនា មកពី​ក្លឹប​ហ្វឹកហាត់​សិល្បៈ ត្រូវបាន​លុបចោល​។​
 
​មាស ម៉ើ បាន​បង្ហើប​ឲ្យ​ដឹងថា​៖ «​លើក​នេះ​គេ​មិនបាន​ប្រាប់​ទុក​មុន​យូ​ទេ ហើយ​ខ្ញុំ​ត្រូវ​វាយ​ជំនួស​គេ​។ គេ​ផ្តល់ដំណឹង​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃទី​២៦ ខែតុលា​មុននេះ ពេលនោះ​ខ្ញុំ​កំពុង​នៅ​ស្រុក​។ គូប្រកួត​របស់ខ្ញុំ​ម្តងនេះ​គឺ​មិន​អន់​ទេ សមត្ថភាព​គេ​ខ្លាំង​អាច​វាយ​ជាមួយ​ជើងឯក​ពិភពលោក​បាន​»​។​
 
​មាស ម៉ើ បាន​ស្នាក់នៅ និង​ហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា​នៅក្នុង​រាជធានី​ភ្នំពេញ រហូត​ដល់ពេល​គាត់​ឡើង​យន្តហោះ​កាលពី​ថ្ងៃ​ចន្ទ ទៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ឡើង​សង្វៀន​នា​ថ្ងៃ​សុក្រ​។ អ្នក​ខេត្តកំពង់ធំ​ម្នាក់នេះ ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​គ្រួសារ​និង​មិត្តភក្ដិ ប៉ុន្តែ​ក៏​សុំ​អំពាវនាវ​ឲ្យ​មានការ​គាំទ្រ​បន្ថែមទៀត​ពី​ជនរួមជាតិ​។​
 
​ទាក់ទង​នឹង​គ្រួសារ មាស ម៉ើ បាន​លើកឡើងថា​៖ «​ពួកគាត់​តែងតែ​គាំទ្រ​ខ្ញុំ​ជានិច្ច ប៉ុន្តែ​ខ្ញុំ​មាន​សំណូមពរ​ដល់​ជនរួមជាតិ​ទាំងអស់ សូមកុំ​សើចចំអក​អ្នក​ប្រដាល់​ខ្មែរ​យើង នៅពេលដែល​យើង​ចាញ់​ការប្រកួត​អន្តរជាតិ​នីមួយៗ​។ ពេលខ្លះ​សមត្ថភាព​អ្នក​ប្រដាល់​ស្រុក​យើង មិនអាច​ប្រៀបធៀប​ជាមួយ​កីឡាករ​ប្រទេស​ដទៃ​បានឡើយ​»​។​
 
​ថ្វីបើ​មានការ​រិះគន់​យ៉ាងណាក៏ដោយ​ក៏ មាស ម៉ើ មាន​មោទនភាព​ដើម្បី​តំណាងឱ្យ​ប្រទេស​របស់ខ្លួន ហើយ​ត្រេកអរ​ដែល​ខ្លួន​ទទួលបាន​ឱកាស​ដើម្បី​ប្រកួត​ក្នុង​ស្ថាប័ន​ក្បាច់គុន​ធំ​បំផុត​នៅ​អាស៊ី ONE championship៕
 
​អត្ថបទ​៖ Matias Andres
​ 

Tag:
 ​មាស ម៉ើ​
© រក្សាសិទ្ធិដោយ thmeythmey.com