ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ Muslim Aid បានចែកគោ ១២៨ក្បាល ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦៤ គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ដោយក្នុងមួយគ្រួសារទទួលបានគោពីរក្បាល គឺគោញីមួយ និងឈ្មោលមួយ ។
អង្គការ Muslim Aid មានគម្រោងចែកគោនេះ រយៈពេល៣ឆ្នាំ គឺ២០១៨-២០២១ ដែលត្រូវអនុវត្តលើភូមិចំនួន៣០ ក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមានកសិករក្រីក្រចំនួន ៦០៥ គ្រួសារនឹងទទួលផលពីគម្រោងដោយត្រង់ និងដោយប្រយោលប្រមាណ ៤៩,១៥០ គ្រួសារ។ នេះតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម។
តាមរយៈគម្រោងនេះក្រសួងកសិកម្ម និងអង្គការ Muslim Aid បានយកគោ១២៨ក្បាល ចែកពលរដ្ឋក្រីក្រ៦៤គ្រួសារ ក្នុងភូមិ ច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា៖ «ការចែកគោចិញ្ចឹមជូនប្រជាពលរដ្ឋនេះ គឺជារួមចំណែកក្នុងការផ្តល់ពូជដល់ប្រជាជនយើង និងជួយឲ្យគាត់មានលទ្ធភាពធ្វើជីធម្មជាតិសម្រាប់ដាក់ដំណាំកសិកម្មរបស់គាត់ ជៀសវាងការប្រើប្រាស់ជីគីមីច្រើននាំអោយខូចដី និងប៉ះពាល់ដល់សុខភាពក្នុងការរស់នៅក្នុងសហគមន៍របស់គាត់»។
លោក វ៉េង សាខុន បានស្នើសុំអង្គការពិនិត្យលទ្ធភាពពង្រីកកម្មវិធីគម្រោងឲ្យបានច្រើនបន្ថែមទៀតនៅតាមតំបន់ ឬខេត្ត ដែលមានជនជាតិឥស្លាមរស់នៅច្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ។ លោក សាខុន ស្នើឲ្យប្រជាកសិករដែលទទួលបានគោនេះ យកចិត្តទុកដាក់មើលថែរក្សា គង់វង្ស និងទទួលបានការរីកចម្រើន ដើម្បីជាប្រយោជន៍ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភផ្តល់សេវាបច្ចេកទេស លើការថែទាំសុខភាពសត្វ និងការបង្កាត់ពូជសិប្បនិមិត្ត ដល់ប្រជាកសិករដែលទទួលបានគោ ដើម្បីលើកកម្ពស់ក្នុងការបង្កើនចំណូលរបស់កសិករបន្ថែមទៀត។
ប្រជាពលរដ្ឋដែលត្រូវទទួលបានគោពីអង្គការ គឺជាស្ត្រីដែលដឹកនាំគ្រួសារមានលទ្ធភាពតិចតួចក្នុងការទទួលបានទ្រព្យសម្បត្តិ, គ្រួសារមានជនពិការនិងត្រូវចុះឈ្មោះជាជនក្រីក្រ, ជនជាតិដើមភាគតិច ដែលមានទ្រព្យសម្បត្តិតិចតួច និងជាជនជាតិខ្មែរឥស្លាម។ ហើយមុននឹងទទួលបានគោទៅចិញ្ចឹម ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលបច្ចេកទេសជាមូលដ្ឋានជាមុនសិន ដើម្បីធានាថា ពួកគាត់ចេះមើលថែរក្សាសត្វបានល្អទាំងការផ្តល់ចំណី ការការពារ និងព្យាបាលជំងឺ។ នេះបើតាមក្រសួងកសិកម្ម។
នេះគឺជាកម្មវិធីទី២ហើយ ដែលអង្គការ Muslim Aid ចែកគោជូនចំនួន១២៨ ក្បាល ជូនប្រជាជនចំនួន៦៤គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានគោពីរក្បាល ញីមួយ និងឈ្មោលមួយ (ចែកជូន១ក្បាល និង១ក្បាលទៀតធ្វើការប្រវ៉ាស់គ្នា) ។ ដោយឡែកកម្មវិធីទី១ គឺបានប្រព្រឹត្តនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដែលបានចែកគោចំនួន ១១២ក្បាល ជូនប្រជាកសិករក្រីក្រចំនួន ៥៦គ្រួសារ មកពី១២ភូមិ ក្នុង៤ឃុំ ក្នុងស្រុកកំពង់ត្រឡាច។ ក្នុងអំឡុងខែធ្នូខាងមុខ អង្គការ នឹងចែកគោដល់គ្រួសារក្រីក្រចំនួន៤០ បន្ថែមទៀត ដែលសរុបទាំង ៣លើក មានចំនួន១៦០គ្រួសារ។ នេះបើតាមក្រសួងកសិកម្ម៕